អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានរងបរាជ័យលើកដំបូងក្នុងការដឹកនាំយុវជន U23 កម្ពុជា ចាញ់សិង្ហបុរី នៅប្រកួតទី២ ក្នុងេពូល B នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅវៀតណាម។ ចំពោះការបរាជ័យមួយនេះ រូបលោកនៅតែទទួលស្គាល់ថាកម្ពុជាលេងបានល្អជាងការប្រកួតដែលយើងឈ្នះឡាវ ៤-១ ក្នុងការប្រកួតបើកឆាកទៅទៀត។
បុរសជនជាតិជប៉ុនវ័យ៣៥ឆ្នាំរូបនេះ បានបង្ហោះសារលើគណនីផ្លូវការរបស់ខ្លួនក្រោយចប់ការប្រកួតថា៖ «វាជាថ្ងៃដ៏លំបាក។ ជាទូទៅ ខ្ញុំគិតថាយើងលេងបានល្អជាងការប្រកួតចុងក្រោយ។ ប៉ុន្តែខ្ញុំមិនមានលេសចំពោះលទ្ធផលថ្ងៃនេះទេ។ ខ្ញុំគ្រាន់តែចង់និយាយថា កីឡាករបានប្រឹងប្រែងអស់ពីសមត្ថភាព ហើយខ្ញុំមានមោទនភាពចំពោះពួកគេ»។
ឆ្លងកាត់២ប្រកួតដំបូងក្នុងព្រឹត្តិការស៊ីហ្គេមវិញ្ញាសាបាល់ទាត់បុរសកម្ពុជា កម្ពុជាចាញ់១ ឈ្នះ១ មាន៣ពិន្ទុ ឈរលេខរៀងទី៤ បណ្ដោះអាសន្នក្នុងពូល ហើយត្រូវការពិន្ទុជាចាំបាច់នៅប្រកួតក្រោយៗ ដើម្បីឡើងទៅជុំបន្តបាន ដោយត្រូវប្រកួតជាមួយក្រុមខ្លាំងថៃ និងម៉ាឡេស៊ី នៅថ្ងៃទី១៤ និង១៦ នៅកីឡដ្ឋាន Thiên Trường Stadium នៃខេត្ត Nam Dinh ប្រទេសវៀតណាម៕
រូបភាព ៖ FFC