យោងតាមសារព័ត៌មាន MailOnline ចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថាខ្សែប្រយុទ្ធ Cristiano Ronaldo ដែលមានលុយរាប់សិបលានដុល្លារ កំពុងជួបការពិបាកក្នុងការស្វែងរកជួលចុងភៅម្នាក់សម្រាប់រូបគាត់ផ្ទាល់ និងក្រុមគ្រួសារនៅឯផ្ទះអចិន្ត្រៃយ៍របស់គាត់ បើទោះជាគាត់ហ៊ានប្រាកខែរហូតទៅដល់ជាង ៥០០០ដុល្លារក្នុងមួយខែក៏ដោយ។
ម្ចាស់ជ័យលាភីពានរង្វាន់ Ballon d’Or ៥សម័យកាលរូបនេះ បានសាងសង់គេហដ្ឋានដ៏ប្រណីតតម្លៃជាង ២០លានដុល្លារ នៅលើទឹកដីព័រទុយហ្គាល់ Riviera ។ វិមានដែលគ្រោងនឹងបញ្ចប់នៅខែមិថុនា ត្រូវបានគេដាក់ឈ្មោះថា ជាផ្ទះចូលនិវត្តន៍របស់ Cristiano ខណៈដែលគាត់រំពឹងថានឹងធ្វើជាលំនៅឋានគ្រួសារដ៏សំខាន់នៅពេលដែលគាត់ព្យួរស្បែកជើង ដែលអាចនឹងកើតឡើងនៅពេលណាក៏បានចាប់ពីរដូវក្តៅនេះ។
ដំណឹងជ្រើសរើសបុគ្គលិកនេះ ត្រូវបានគេនិយាយថាមានអ្នកដាក់ពាក្យរួចហើយ ប៉ុន្តែតួនាទីចុងភៅនៅទំនេរនៅឡើយ។
ជុំវិញនឹងបញ្ហានេះដែរ កាសែតប្រចាំថ្ងៃរបស់ព័ទុយហ្គាល់ Correio da Manha បានឲ្យដឹងថាការទាមទារលក្ខខណ្ឌច្រើនពេក ដែលធ្វើឡើងដោយ Cristiano និងភរិយារបស់គាត់ Georgina Rodriguez គឺជាឧបសគ្គចម្បង ពីព្រោះពួកគេបានតម្រូវអោយមានការយល់ដឹងពីរបៀបចំអិនម្ហូបបែបប្រពៃណីព័រទុយហ្គាល់ក៏ដូចជាម្ហូបអន្តរជាតិជាច្រើនទៀតដូចជាស៊ូស៊ីរបស់ជប៉ុនជាដើម។
ទោះបីជាគាត់ជាអ្នកចូលចិត្តស៊ូស៊ីខ្លាំងក៏ដោយ ក៏ម្តាយរបស់ Ronaldo លោកស្រី Dolores Aveiro បានសារភាពថា ត្រីដែលគាត់ចូលចិត្តគឺ bacalhau ដែលជាម្ហូបប្រពៃណីរបស់ជនជាតិព័រទុយហ្គាល់ដែលផ្សំពីអំបិល ដំឡូងបារាំង និងស៊ុត៕