លោក Conor Nestor នឹងត្រូវដឹកនាំក្រុមព្រះខ័នរាជស្វាយរៀងទៅជួបវិសាខា នៅកីឡដ្ឋានព្រីននាល្ងាចថ្ងៃសៅរ៍នេះ។ ជំនួបចុងក្រោយក្រុមមានមូលដ្ឋានមកពីខេត្តស្វាយរៀងទទួលបានត្រឹមមួយពិន្ទុពីវិសាខា ខណៈ Conor បានបង្ហាញទីដ្ឋភាពនានាជុំវិញការរៀបចំក្រុមសម្រាប់ការប្រកួតដ៏ធំមួយនេះ។
លោកបាននិយាយក្នុងវេបសាយផ្លូវការរបស់ក្លិប មព្រះខ័នរាជស្វាយរៀងថា៖«ជាដំបូង អបអរសាទរ វិសាខា ដែលបានឈ្នះពាន Hun Sen Cup ៣ឆ្នាំជាប់គ្នា។ ពួកគេបានបង្ហាញឱ្យឃើញនៅលើទីលានថាហេតុអ្វីបានជាពួកគេមានកីឡាករជម្រើសជាតិច្រើនម្ល៉េះ។
«ការប្រកួតចុងក្រោយគឺជារឿងចាស់តែប៉ុណ្ណោះ។ រាល់ពេលដែលអ្នកលេងគូប្រកួតកំពូល អ្វីៗក៏អាចកើតឡើង ហើយការប្រកួត Hun Sen Cup បានបង្រៀនយើងថា ទោះបីជាអ្នកខំប្រឹងយ៉ាងណាក៏ដោយ ក៏អ្នកត្រូវការសំណាងដែរ»។
លោកបានបន្តទៀតថា៖ «កីឡាកររបស់យើងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្ត យើងទន្ទឹងរង់ចាំជួបអ្នកទាំងអស់គ្នាម្តងទៀតនៅថ្ងៃសៅរ៍។ យើងទៅជាមួយគ្នា»។
អ្នកចាំទី អ៊ុំ សេរីរ័ត្ន និង ឃៀង ម៉េងហ៊ួ គឺត្រូវអវត្តមានដោយសារបួស ចំណែកឯ សំអឿន ពិដោរស្ថិតនៅសង្ស័យនៅឡើយថាអាចបានចូលលេងឬអត់។សម្រាប់ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ (សប្តាហ៍ទី២៣)នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បឹងកេតនឹងប្រកួតជាមួយ ភ្នំពេញក្រោននៅវេលាម៉ោង ១៥:៤៥នាទីរសៀល នៅកីឡដ្ឋាន ខេមបូឌាអ៊ែរវ៉េ ដែលផ្សាយផ្ទាល់ដោយ CPL។
ចំណែកវិសាខានិងព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតនៅម៉ោង ១៨:៣០នាទីល្ងាច នៅកីឡដ្ឋាន ព្រីនស៍ ដែលផ្សាយផ្ទាល់ TV5 Cambodia ។