ads
ads
គ្រូបង្វឹកខេត្តស្វាយរៀង៖ «ក្នុងនាមជាក្រុមភ្ញៀវ ប្រកួតដំបូងរបស់យើង នឹងជួបផលវិបាកបន្តិចបន្តួច»
០៤-កុម្ភៈ-២០២២

ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ (ថ្នាក់ខេត្ត) ដែលមាន១៧ក្រុម មកពីតាមបណ្តាខេត្ត បែងចែកជា ៤ពូល  (ពូល ក ខ គ ឃ ) គ្រោងនឹងចាប់ផ្តើមធ្វើការប្រកួតដំបូងរបស់ខ្លួន នៅថ្ងៃអង្គារ ទី០៨ និងថ្ងៃពុធ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ។

May be an image of text

មុននឹងការប្រកួតដំបូងចូលមកដល់ ក្រុមការងាររបស់គេហទំព័រ b8-sport.com ក៏បានធ្វើកិច្ចសម្ភាសន៍ជាមួយគ្រូបង្វឹក ក្រុមបាល់ទាត់ខេត្តស្វាយរៀង លោក អ៊ុង តារា ជុំវិញស្ថានភាពនៃការត្រៀមខ្លួនរបស់ក្រុមក្នុង ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ (ថ្នាក់ខេត្ត)

លោក អ៊ុង តារា ជាអតីតខ្សែប្រយុទ្ធរបស់ក្លិបកងយោធលខេមភូមិន្ទ បានរៀបរាប់ថា៖ «ក្នុងឆ្នាំនេះ ពួកយើងបានត្រៀមខ្លួនល្អជាងឆ្នាំមុន ដោយសារតែយើងក៏បានស្វែងរកកីឡាករមានគុណភាពល្អៗបន្ថែមទៀត ដើម្បីយកពង្រឹងនៅតំបន់ប្រយុទ្ធរបស់ក្រុម។ សម្រាប់ការប្រមូលផ្តុំហ្វឹកហាត់វិញ ពួកយើងមានការយល់ចិត្តគ្នាបានច្រើន ដោយសារតែយើងចំណាយពេល ២ខែមកហើយ ដើម្បីត្រៀមខ្លួនចូលរួមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ឆ្នាំនេះ» ។

បើនិយាយពីកម្រិតក្រុមផ្សេងទៀត នៅក្នុងពូលខ គ្រូបង្វឹកកាន់អជ្ញាបណ្ណកម្រិត AFC C License រូបនេះ ក៏បានបញ្ជាក់ថា៖ «ជាក់ស្តែង ក្រុមបាល់ទាត់ខេត្តស្វាយរៀង ស្ថិតក្នុងពូលខ ដែលត្រូវជួបក្រុមភ្នំពេញហ្គាឡាក់ស៊ី ខេត្តកណ្តាល និងមន្ទីរ អយក ខេត្តកំពង់ចាម ។ ដោយឡែក សម្រាប់ទស្សនៈខ្ញុំផ្ទាល់បានគិតថា ក្រុមទាំង៤ ស្ថិតក្នុងពូលជាមួយគ្នានេះ សុទ្ធតែមានការរៀបចំល្អដូចគ្នា និយាយជារួមសមត្ថភាពប្រហាក់ប្រហែលគ្នា មិនលើសខ្វះគ្នាប៉ុន្នានទេ»។ សម្រាប់ការប្រកួតរបស់ពួកយើង ក្នុងនាមជាក្រុមភ្ញៀវ ត្រូវធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញធ្វើការប្រកួតទល់នឹងក្រុមភ្នំពេញហ្គាឡាក់ស៊ី អាចនឹងជួបផលវិបាកបន្តិចបន្តួចអំឡុងពេលប្រកួត គឺត្រង់ថា វាជាការប្រកួតដំបូងតែម្តង ដូច្នេះកត្តាទីលាន និងការស្ទាបស្ទង់ពីសមត្ថភាព ឬក៏យុទ្ធសាស្ត្ររបស់គូប្រជែង យើងត្រូវប្រើពេលបន្តិចដែរ»។

ក្រុមបាល់ទាត់ខេត្តស្វាយរៀង នឹងដំណើរមកធ្វើការប្រកួតក្នុងទឹកដីរបស់ក្រុមភ្នំពេញហ្គាឡាក់ស៊ីនៅព្រឹក ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ខណៈដែលការប្រកួតដំបូងរបស់ពួកគេ គ្រោងនឹងធ្វើឡើងនៅវេលាម៉ោង ៣រសៀល ថ្ងៃដដែល នៅទីលានវិទ្យាល័យ ហ៊ុនសែន ច្បារអំពៅ៕

 

ads
ads