«ខ្ញុំរំភើបខ្លាំង ព្រោះមិនងាយទេ កីឡាករជាច្រើនដែលចង់លេងសុីហ្គេមតំណាងឲ្យជាតិ ជាពិសេសយើងធ្វើជាម្ចាស់ផ្ទះទៀត»នេះជាការលើកឡើងរបស់កីឡាករវ័យក្មេង ឈុំ សុខហៃ ក្រោយមានឈ្មោះក្នុងបញ្ជីកីឡាករ U22 កម្ពុជាត្រៀមទៅបោះជុំរុំហ្វឹកហាត់នៅប្រទេសថៃ សម្រាប់ការប្រកួតលើវិញ្ញាសាបាល់ទាត់បុរសក្នុងព្រឹត្តិការណ៍ SEA Games 2023 នៅប៉ុន្មានខែខាងមុខ។
យុវជនទើបឡើងមកលេងក្នុងឈុតធំរបស់ភ្នំពេញក្រោនរូបនេះបន្តថា៖ «ខ្ញុំធ្លាប់ធ្វើតេស្តជាមួយជម្រើសជាតិ តែធ្លាក់ចំនួន ៤ ដងហើយ ប៉ុន្តែលើកនេះខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីបានជាប់ ២០ នាក់ចុងក្រោយ ព្រោះវាជាក្តីស្រម៉ៃរបស់ខ្ញុំក្នុងការលេងសុីហ្គេមនៅកម្ពុជាយើង»។
កីឡាកររូបនេះក៏ធ្លាប់ទទួលបានកោះហៅពីក្រុមការងារជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា កាលពីខែកញ្ញា នៅពេលត្រៀមប្រកួត មិត្តភាពអន្តរជាតិជាមួយU-23ជប៉ុន ប៉ុន្តែបានខកខានវិញដោយសារគេបរាជ័យលើការធ្វើតេស្តកម្លាំង អំណត់ (30-15 IFT)។ ក្នុងរដូវកាលលីគ(Leaque)ឆ្នាំ២០២២កីឡាកររូបនេះទទួលបានឱកាសលេងច្រើនដោយបានបង្ហាញខ្លួនបាន១៨ប្រកួតនិងទាត់បាល់បញ្ចូលទី៣គ្រាប់រហូតជួយក្លិបឲ្យសម្រេចជោគជ័យ ឈ្នះ ជើងឯកលីគជាលើកទី៨ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។
ក្រុមកីឡាករ U-22 កម្ពុជា នឹងប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមសម្រាប់ SEA Gam3s 2023 នៅដើមសប្តាហ៍ក្រោយនេះនៅលើកោះសាម៉ុយប្រទេសថៃរយៈពេល១៦ថ្ងៃគិតចាប់ពី ថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះតទៅ៕