កាលពីពេលថ្មីៗនេះ ក្រុមជម្រើសជាតិរួមពូល A ជាមួយកម្ពុជា លើវិញ្ញាសារបាល់ទាត់នារី នៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម គឺឥណ្ឌូនេស៊ី ត្រូវគណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូនេស៊ី សម្រេចមិនបញ្ជូនក្រុមបាល់ទាត់នារីទៅចូលរួមឡើយ។ ហើយការដកខ្លួននេះ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ថាវានៅតែមិនបានបង្កឲ្យមានភាពងាយស្រួលសម្រាប់កូនក្រុមរបស់ខ្លួនទេ។
តាមរយៈទំព័រ Cambodia 2023 លោក ប្រាក់ វុទ្ធីគ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា បានលើកឡើងថា៖ «គោលដៅរបស់យើងគឺដើម្បីទទួលបានបទពិសោធន៍ និងត្រៀមខ្លួនសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដូច្នេះខ្ញុំមិនមានប្រតិកម្មច្រើនចំពោះការដកខ្លួនរបស់ឥណ្ឌូនេស៊ីទេ។ យើងនឹងនៅតែជួបក្រុមខ្លាំងដូចជាវៀតណាម និងហ្វីលីពីន។ គ្មានការងឿងឆ្ងល់ទេ ពួកគេនឹងព្យាយាមរកគ្រាប់បាល់ឲ្យបានច្រើន តាមតែអាចធ្វើទៅបានជាមួយយើង ព្រោះពួកគេចង់ឈរកំពូលតារាងនៅវគ្គចែកពូល»។
អតីតគ្រូបង្គោលក្លិបបឹងកេតឲ្យឈ្នះជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០១២ រូបនេះ បានបន្តប្រាប់ប្រភពដដែលថា៖ «មិនថាយើងប្រឈមមុខនឹងក្រុមណានោះទេ យើងនឹងលះបង់ទាំងអស់ ហើយព្យាយាមកែលម្អ ដើម្បីត្រៀមខ្លួនសម្រាប់ឆ្នាំ២០២៣ នៅពេលដែលយើងជាប្រទេសម្ចាស់ផ្ទះស៊ីហ្គេម។ យើងមានក្រុមមួយដែលពោរពេញដោយកីឡាករដែលគ្មានបទពិសោធន៍ ដូច្នេះយើងនឹងប្រឈមមុខនឹងបញ្ហាជាច្រើន។ យើងដឹងច្បាស់ពីគុណភាពរបស់យើង ហើយយើងនឹងប្រើប្រាស់ការប្រកួតនីមួយៗដើម្បីរៀន និងរីកចម្រើន»។
តាមរយៈការចាប់ឆ្នោតកាលពីដើមខែមេសានេះ ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា ស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះវៀតណាម ហ្វីលីពីន និងឥណ្ឌូនេស៊ី (បានដកខ្លួន) សម្រាប់វិញ្ញាសារបាល់ទាត់នារីនៃព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលចាប់ផ្ដើមប្រកួតនៅដើមខែឧសភាខាងមុខ។ បញ្ជាក់ដែលថា ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា បាននឹងកំពុងធ្វើការបោះជំរំហ្វឹកហាត់ រយៈពេល៣សប្តាហ៍ នៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី មុននឹងចេញទៅប្រទេសវៀតណាម នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២៕
ប្រភព៖ Cambodia 2023