កាលពីម្សិលមិញ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញឈុតថ្មីរបស់ជម្រើសជាតិកម្ពុជា ដែលរចនា និងផលិតនៅកម្ពុជាដោយក្រុមហ៊ុន Varaman។ អាវថ្មីសម្រាប់ក្រុមជម្រើសជាតិកម្ពុជាក្នុងឆ្នាំ២០២២គឺច្នៃប្រឌិតផ្អែកលើគោលគំនិត Concept Design អត្ថន័យនិងរូបភាពនៃទង់ជាតិខ្មែរ។
ជាពិសេសក្រាហ្វិកអាវក្នុងទឹកដីត្រូវបានរចនាដោយដកស្រង់អត្ថន័យរបស់ពាក្យ“ប្រាសាទសីលាកំបាំងកណ្តាលព្រៃ”នៃបទនគររាជក្នុងការបង្កប់រូបភាពតូចៗនៃប្រាសាទអង្គរវត្ត(ទាំង៣ពណ៌ក្នុងសាច់ក្រណាត់:ពណ៌ខៀវទឹកប៊ិចខៀវនិងខៀវផ្ទៃមេឃ)ក្នុងលំនាំនៃការរចនាប៉ារ៉ាឌីជីថល Digital Camouflage ក្នុងអត្ថន័យថាប្រាសាទសីលាដែលជាប្រាសាទអង្គរវត្តយើងនេះកំពុងកំបាំងកណ្តាលព្រៃនៅលើក្រាហ្វិកអាវក្នុងទឹកដីយើងថ្មីនេះហើយចំណែកផ្នែកនីមួយៗនៃអាវទាំងមូលគឺដកស្រង់អត្ថន័យពីឃ្លាទីពីរនៃភ្លេងជាតិរបស់យើងនេះឯង។
– ប្រាសាទសីលា កំបាំងកណ្តាលព្រៃ: រូបភាពតូចៗនៃប្រាសាទអង្គរវត្តបង្កប់ខ្លួនក្នុងប៉ារ៉ាឌីជីថល Digital Camouflage ដែលតំណាងឱ្យព្រៃ
– គួរអោយស្រមៃ នឹកដល់យសស័ក្តិមហានគរ: Logo Varaman វរ្ម័ន (ដែលដកស្រង់អត្ថន័យពីព្រះបាទជ័យវរ្ម័នទី៧) តំណាងឲ្យសម័យកាលមហានគរ
– ជាតិខ្មែរដូចថ្មគង់វង្សនៅល្អរឹងប៉ឹងជំហរ: Logo សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលមានមុខបាយ័នតំណាងឱ្យថ្មបាយ័នដែលនៅតែរឹងមាំមកដល់ថ្ងៃនេះដូចជាតិខ្មែរ
– យើងសង្ឃឹមពរ ភ័ព្វព្រេងសំណាងរបស់កម្ពុជា: ពាក្យស្លោក”ដេីម្បីកម្ពុជា”តំណាងឱ្យឃ្លា”ភ័ព្វព្រេងសំណាងរបស់កម្ពុជា”ដែលក្រុមជម្រើសជាតិត្រូវខិតខំប្រឹងប្រែងធ្វើសម្រាប់ភ័ព្វព្រេងសំណាងរបស់កម្ពុជាដែលបងប្អូនសង្ឃឹមទៅលើក្រុមជម្រើសជាតិ
– មហារដ្ឋកើតមាន យូរអង្វែងហើយ: ក្រុមជម្រើសជាតិលេងតំណាងឱ្យកម្ពុជាយើងទាំងអស់គ្នា។អាវក្នុងទឹកដីដែលក្រុមជម្រើសជាតិពាក់ដើម្បីប្រកួតគឺជាឯកសណ្ឋាននិមិត្តសញ្ញាតំណាងឱ្យបងប្អូននិងប្រទេសជាតិខ្មែរយើងទាំងមូលដែលជាជាតិសាសន៍ដែលធ្លាប់មានប្រវត្តិយូរអង្វែងមកហើយ
សម្រាប់ក្រាហ្វិកអាវក្រៅទឹកដីត្រូវបានរចនាដោយដកស្រង់ផ្នែកមួយនៃបន្ទាត់ក្រាហ្វិក Vector Lines របស់ប្រាសាទអង្គរវត្តពីទង់ជាតិខ្មែរយើងមករចនាជាលំនាំក្រាហ្វិកនៅលើអាវដែលមានការប្រើប្រាស់ពណ៌ក្រហមព្រាលៗនៅកណ្តាល និងពណ៌ខៀវព្រាលៗនៅសងខាងដើម្បីតំណាងឱ្យប្លង់ពណ៌នៃទង់ជាតិរបស់យើង។
ការយកផ្នែកមួយនៃបន្ទាត់ក្រាហ្វិក Vector Lines របស់ប្រាសាទអង្គរវត្តពីទង់ជាតិមកលាតសន្ធឹងឱ្យធំមានន័យថាយើងចង់បង្ហាញអត្តសញ្ញាណក៏ដូចជាវប្បធម៌ និងអរិយធម៌ខ្មែរឱ្យទូលំទូលាយដើម្បីផ្សព្វផ្សាយឱ្យបរទេសបានស្គាល់នៅពេលយើងនៅឆ្ងាយក្រៅពីទឹកដីរបស់យើង។
ឯកសណ្ឋានក្រុមជម្រើសជាតិមិនមែនគ្រាន់តែជាអាវសម្រាប់ពាក់នោះទេ ប៉ុន្តែវាគឺជាឱកាសមួយដើម្បីបង្ហាញអត្តសញ្ញាណរបស់យើងនៅលើឆាកអន្តរជាតិដែលក្រុមជម្រើសជាតិយើងចូលរួមប្រកួត។ដូច្នេះ វាមានប្រយោជន៍ដែលយើងរចនាអាវរបស់យើងក្នុងវិធីផ្សព្វផ្សាយតម្លៃវប្បធម៌របស់យើងទៅកាន់ពិភពលោកតាមសកម្មភាពរបស់ក្រុមជម្រើសជាតិយើង ។
ក្រាហ្វិកអាវអ្នកចាំទីត្រូវបានរចនាដោយដកស្រង់ផ្នែកមួយនៃបន្ទាត់ក្រាហ្វិក Vector Lines របស់ប្រាសាទអង្គរវត្តពីទង់ជាតិខ្មែរយើងមករចនាជាលំនាំក្រាហ្វិកឱ្យអាវអ្នកចាំទីឃើញដូចជាអាវក្រោះដើម្បីការពារទីរបស់យើងព្រោះអ្នកចាំទីគឺជាខ្សែការពារចុងក្រោយរបស់យើង។ពណ៌ក្រហមពីទង់ជាតិរបស់យើងតំណាងឱ្យភាពក្លាហានដែលអ្នកចាំទីរបស់យើងត្រូវតែមានដើម្បីលះបង់ខ្លួនក្នុងការពារទីរបស់យើងពីគូប្រកួត