កម្ពុជាបានខិតកាន់តែកៀកក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF U-23 Championship 2022 នៅពេលដែលពួកគេបានយកឈ្នះហ្វីលីពីនក្នុងលទ្ធផល ១-០ ក្នុងការប្រកួតក្នុងពូល A នាល្ងាចម្សិលមិញ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ថ្វីត្បិតក្រុមទាំងពីរគ្រប់គ្រងបាល់ប្រហាក់ប្រហែលគ្នាពេញមួយការប្រកួតដ៏តឹងតែងក៏ដោយ ក៏ការស៊ុតបញ្ចូលទីចុងម៉ោងរបស់ ស៊ិន សុវណ្ណមករា ប្រាំបួននាទីមុនចប់ការប្រកួត បានដោះស្រាយបញ្ហាអ្វីៗទាំងអស់ ខណៈដែលម្ចាស់ផ្ទះទទួលបានពិន្ទុពេញជាលើកទីពីរពីការប្រកួតពីរលើក។ កម្ពុជាបានចាប់ផ្តើមយុទ្ធនាការក្នុងពូល A ដោយយកឈ្នះក្រុមប្រ៊ុយណេ ៦-០។
លោក Hirose Ryu គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបាននិយាយថា៖ «វាជាការប្រកួតដ៏ស្វិតស្វាញ វាបានបង្ហាញពីភាពប្រសើរឡើងច្រើនពេលយើងលេងទល់នឹងប្រ៊ុយណេ»។
ចំណែកគ្រូបង្វឹកហ្វីលីពីនលោក Stewart Hall វិញបានបង្ហាញទស្សនៈក្នុងការប្រកួតនេះថា៖“ភាពរឹងមាំរបស់កីឡាករ(Fitness)តែងតែមានបញ្ហា។ កីឡាករខ្លះមិនបានលេងអស់មួយរយៈមកហើយ។ ពួកគេព្យាយាមបិទការប្រកួតសឹងតែបានទៅហើយតែរបូតនៅនាទីជិតចប់ការប្រកួតទៅវិញ។ កីឡាករបានធ្វើការយ៉ាងខ្លាំងក្នុងការប្រកួតយប់នេះ ប៉ុន្តែកាយសម្បទារបស់ពួកគេនៅតែមិនទាន់រួចរាល់នៅឡើយ”។