ប្រភពជិតស្និទក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានទម្លាយប្រាប់ B8 Sport ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាវ័យក្រោម២៣ឆ្នាំនឹងមានគម្រោងទៅបោះជុំរំហ្វឹកហាត់នៅទីក្រុងហាណូយសម្រាប់ត្រៀមការប្រកួតលើវិញ្ញាសាបាល់ទាត់ស៊ីហ្គេមលើកទី៣១នៅវៀតណាម។
សម្រាប់កាលបរិច្ឆេទទៅបោះជុំរំហ្វឹកហាត់អាចនឹងធ្វើឡើងនៅថ្ងៃ២៦ខែមេសាខាងមុខតទៅ ខណៈកាលបរិច្ឆេទព្រឹត្តិការណ៍ SEA Games នៅវៀតណាមនឹងចាប់ផ្ដើមនៅថ្ងៃទី១២ ដល់២៣ ខែឧសភាឆ្នាំ២០២២។ គម្រោងការនៃការបោះជុំរំហ្វឹកហាត់នេះគឺចំពេលដែលការប្រកួតលីគកំពូលកម្ពុជាត្រូវសម្រាកក្រោយចប់ជើងទីមួយនៅថ្ងៃទី២៤ខែមេសាហើយលីគទី២ត្រូវសម្រាកនៅថ្ងៃទី២៥ខែមេសា។ ថ្ងៃទី២៦ដល់២៧ ក្រុម U23 អាចនឹងធ្វើការប្រមូលផ្ដុំនៅក្នុងប្រទេស ហើយថ្ងៃទី២៨ខែមេសានឹងហោះហើរទៅកាន់ទីក្រុងហាណូយតែម្ដង។ ក្រុមជម្រើសជាតិកម្ពុជាវ័យក្រោម២៣ឆ្នាំមានពេលបោះជុំរំហ្វឹកហាត់រយៈពេលមួយសប្ដាហ៍មុនពេលព្រឹត្តិការណ៍ SEA Games ចាប់ផ្ដើម។
សម្រាប់ក្នុងថ្ងៃ FIFA Day នេះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទាំងគ្រប់ឈុតគ្មានសកម្មភាពហ្វឹកហាត់ឬក៏លេងមិត្តភាពនោះទេ ដោយសារសហព័ន្ធកីឡាបាល់ទាត់កម្ពុជានិងភាគីពាក់ព័ន្ធចង់ឱ្យសកម្មភាពក្នុង Cambodian Premier League កាន់តែមមារញឹកនិងរៀបចំបានទៅយ៉ាងរលូន ហើយផ្ដល់ពេលវេលាឱ្យកីឡាករហ្វឹកហាត់និងលេងជាក្លិបកាន់តែច្រើន៕