ads
ads
ក្លិបបឹង​កេត​ប្រកាសចែកផ្លូវ​គ្នាជាមួយកីឡាករសំខាន់​២​រូប
០៨-ធ្នូ-២០២២

ក្លិបបាល់ទាត់​បឹង​កេតបាន​ប្រកាស​ក្នុងបណ្ដាញសង្គម​ផ្លូវ​ការ​របស់ខ្លួនថា ​ពួកគេបាន​ចែកផ្លូវគ្នាជាមួយអ្នក​ចាំទី ហ៊ុល គឹមហ៊ុយ និង​ខ្សែការពារ​ស្លាប សេត រ៉ស៊ីប​បន្ទាប់​ពី​ចប់​រដូវ​កាល​២០២២​នេះ។

អ្នក​ចាំទី​ហ៊ុល គឹមហ៊ុយ​​បាន​មក​ចូលរួមជាមួយក្លិប​បឹង​កេត​តាំង​ពី​ឆ្នាំ២០១៨ បន្ទាប់​ពី​បញ្ចប់​ការ​ហ្វឹកហាត់​និង​សិក្សា​ពីសាលាបាល់ទាត់​ជាតិ​បាទី។ កីឡាករ​រូប​នេះ​តែង​តែ​ជាអ្នក​ចាំទី​ដៃ​ទីមួយ​រហូត​មក​នៅ​បឹង​កេត​បន្ទាប់​ពីរៀមច្បង ស៊ូ យ៉ាទី​ចាកចេញមក​លេង​នៅ​ណាហ្គាវើលដ៏។ ពេញ​មួយអាជីន​នៅបឹង​កេត​អ្នក​ចាំទីរូប​នេះ ជួយក្លិប​លើក​ពាន Hun Sen Cup ឆ្នាំ​២០១៩ ពាន​រង្វាន់​លីគកំពូលកម្ពុជា​ឆ្នាំ២០២០ ។

ចំណែក​ខ្សែការពារ​សេត រ៉ស៊ីប​បាន​មក​ចូល​រួម​ជាមួយ​បឹង​កេត​តាំងពី​ឆ្នាំ២០១៦ ក្រោយ​ចាកចេញពី​ណាហ្គាវើលដ៏។ កីឡាករ​រូប​នេះ​ធ្លាប់​ជួយក្លិប​លើក​ពានលីគកំពូល​កម្ពុជាឆ្នាំ២០១៧, ២០២០​និង​ពាន​រង្វាន់ Hun Sen Cup ឆ្នាំ​២០១៩ ព្រមទាំងពាន​រង្វាន់​មួយចំនួនទៀត។

គេ​មិន​ដឹង​ទេ​ថា​តើ​កីឡាករ​ទាំង​ពីររូប​នេះ នឹង​ផ្ទេរ​ទៅ​លេង​នៅ​ក្លិប​ណា​នោះទេ ក្នុង​រដូវ​កាល​ក្រោយ​ខណៈពួក​គេ​ចាកចេញពី​បឹង​កេត​នេះ​សុទ្ធ​តែ​អស់សុពលភាពកុងត្រា៕

ads
ads