នេះគឺជាសំណេរទាំងស្រុងរបស់លោក អូន សៅណាត អ្នកសារព័ត៌មានកីឡាក្នុងស្រុកខ្មែរម្នាក់បង្ហាញមតិផ្ទាល់ខ្លួនអំពីថា ហេតុអ្វីក៏ក្រុមការងារជម្រើសជាតិមិនកោះហៅកីឡាករកូនកាត់មកចូលរួមជម្រើសជាតិ? ខាងក្រោមជាអត្ថបទវិភាគរបស់គាត់ទាំងស្រុង៖
ហេតុអ្វីក៏ក្រុមការងារជម្រើសជាតិមិនកោះហៅកីឡាករកូនកាត់មកចូលរួមជម្រើសជាតិ? នេះជាសំណួរដែលកើតឡើងនិងផ្ទុះតាំងពីបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម តែវាបានកើតឡើងតាំងពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ។
បងប្អូនមួយចំនួនឃើញថៃជោគជ័យក្នុងការកោះហៅកីឡាករកូនកាត់មកជួយជម្រើសជាតិ…ហើយយើងចង់ជោគជ័យដូចគេដែរ។ បើបងប្អូនសួរខ្ញុំសួរថា ចង់អត់? ពិតណាស់! ពិតជាចង់ ចង់ខ្លាំងជាងបងប្អូនទៅទៀត។ តែរឿងនេះ(ការហៅកីឡាករកូនកាត់លេងនៅបរទេសមកចូលរួមជម្រើសជាតិ)មិនចេះតែហៅបាននោះទេ។
បញ្ជាក់បងប្អូន៖ ក្រុមការងាររបស់ជម្រើសជាតិនិង FFC ទាក់ទងទៅកីឡាករកូនកាត់ជាច្រើនដែលយើងមិនដឹង។ ពួកគាត់ទាក់ទងទៅហើយ សួរនាំហើយ តែបញ្ហាមកពីនោះ។ ចាក់ក្រឡែកបងប្អូនឱ្យភ្ញាក់ ពញ្ញាក់បងប្អូនឱ្យដឹង ចងចាំសម្ដីខ្ញុំ ក្រុមការងារជម្រើសជាតិ ព្រមទាំងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបើកចំហជើងមេឃ បើកផ្លូវយ៉ាងទូលាយ កីឡាករដើមកំណើតខ្មែរនៅបរទេស កីឡាករកូនកាត់ខ្មែរគ្រប់ជាតិសាស្រ្តឱ្យតែមានសមត្ថភាពលើសកីឡាករក្នុងស្រុក ទទួលដៃដប់ ដៃម្ភៃ…។ មើលឱ្យទាន់ មានសមត្ថភាពលើសកីឡាករក្នុងស្រុក ។ ទោះកីឡាករនោះជាកូនកាត់ប៉ុន្មានសញ្ជាតិក៏ដោយ អ្វីដែល FFC ចង់បានគឺសមត្ថភាពលើសកីឡាករក្នុងស្រុក។
-គុណភាពឬគុណផលរបស់ពួកគេ=លេងក្នុងលីគប្រទេសណា លីគទីប៉ុន្មាន? កម្រិតលីគនោះប្រកួតប្រជែងល្អជាងលីគក្នុងស្រុក…..? លេងល្អមែនអត់? (ជាទូទៅ! ខ្ញុំមិនដែលបានឃើញកូនកាត់ខ្មែរទាំងនោះលេងបាន៤៥នាទីផង កុំថាឡើយ៩០នាទីពេញមួយប្រកួត ឬ២ ៣ ឬ៥ប្រកួត។ ខ្ញុំឃើញតែផេកគេផុស វីដេអូកាត់ខ្លីៗពេលស៊ុតបញ្ចូលទី អូសញាក់…៤ ឬ៥នាទីយ៉ាងច្រើនបំផុត”។
បញ្ជាក់ Nick Taylor ហ្នឹងឃើញប្រសើរជាងគេបំផុត ព្រោះឃើញវីដេអូច្រើនជាងគេ តែមិនប្រាកដថាខ្លាំង ចាំមើលសិន។)
-ផលវិបាក៖ ការកោះហៅកីឡាករមកចូលជម្រើសជាតិមិនមែនជារឿងស្រួល។ ពេលវេលាខុសគ្នា! សម្រាប់កីឡាករយុវជន! នៅពេលដែលយើងកោះហៅចំពេលដែលពួកគេសិក្សារៀនសូត្រ ហើយអាណាព្យាបាលរបស់គាត់មិនអនុញ្ញាតិយើងក៏មិនអាចបង្ខំបានដែរ(សិទ្ធិ)។ ការចំណាយ! បងប្អូនលឺព័ត៌មានថា FFC ទទួលបានម្ចាស់ឧបត្ថម្ភច្រើនតិចលោថាចំណេញច្រើនអីទៅ! FFC ក្នុងមួយឆ្នាំទទួលបានចំណូល តែចំណាយច្រើនណាស់ (រឿងនេះ Admin និយាយក្នុងផុសមួយដាច់ដោយឡែក ថាចំណាយលើអី?)
មិនមែន FFC គ្មានលុយចំណាយលើសំបុត្រយន្តហោះអញ្ជើញកីឡាករកូនកាត់ទាំងនោះមកលេងជម្រើសជាតិនោះទេ។ តែ FFC មានបទពិសោធន៍រួចទៅហើយ រឿងការទិញសំបុត្រនិងចេញគ្រប់យ៉ាងឱ្យពួកគេមកកម្ពុជា ស្នាក់នៅ ហូបចុក ធ្វើដំណើរ អស់រាប់ពាន់ម៉ឺនដុល្លារ តែចុងក្រោយការហ្វឹកហាត់របស់គាត់ ការលេងរបស់គាត់មានកម្រិតនៅក្រោមកីឡាករក្នុងស្រុក។
ប្រសិនបើពួកគាត់ពិតជាមានសមត្ថភាពមែន លេងល្អមែន ហើយមានឆន្ទៈចង់លេងជម្រើសជាតិកម្ពុជា នោះក៏ពួកគេគួរតែអាចធ្វើដំណើមកកម្ពុជាដោយខ្លួនឯង ឬក្នុងចេញក្នុងកម្រិតណាមួយ ដើម្បីមកធ្វើតេស្តិ៍ ហ្វឹកហាត់សាកល្បងសមត្ថភាពជាមួយជម្រើសជាតិដែលមានកីឡាករស្រុក ដាក់មួយប្រ៉ាវមើលថាតើនរណាល្អជាង….។
មិនចេះនិយាយ ហើយសរសេរក៏មិនអស់សេចក្ដី តែសម្រាប់ខ្ញុំសុំតែម្យ៉ាង កីឡាករកូនកាត់លេងនៅបរទេសគួរតែកោះហៅ និងទាក់ទងមកជួយជាតិបើកីឡាករកូនកាត់រូបនោះពិតជាចង់មកជួយហើយសមត្ថភាពពូកែ និងមានវិន័យពិតមែន។ និយាយត្រង់ខ្ញុំមិនច្បាស់ថាតើកីឡាករកូនកាត់ទាំងអស់នោះលេងល្អមែនអត់? បើមិនដែលបានឃើញលេងក្នុងការប្រកួតជាក់លាក់ណាមួយផង មិនដែលឃើញលេងតាមរយៈមការ Live ក្នុងបណ្ដាញសង្គម ឬយូធូបឱ្យពេញសាច់ ពេញឈាមផងហ្នឹង។ បើករណីកុក បូរីសយើងច្បាស់ទាំងអស់គ្នា មិនអញ្ចឹង?
ខ្ញុំយល់ស្របឱ្យកីឡាករកូនកាត់មកជួយជម្រើសជាតិកម្ពុជា តែមិនយល់ស្របឱ្យតែកីឡាករកូនកាត់កោះហៅមកទាំងអស់នោះទេ។ កីឡាករនោះត្រូវតែល្អជាងគេកីឡាករក្នុងស្រុក ល្អទាំងព្រមគឺ ល្អទាំងកាយសម្បទា និងគុណផលលេងបាល់ កម្រិតបច្ចេកទេសផ្ទាល់ខ្លួន ពិសេសវិន័យហ្នឹងហើយ។ បងប្អូនមានត្រង់ណាមិនយល់ស្រប ឆាតមកខ្ញុំ ឬខំមិនខាងក្រោមបញ្ចេញមតិយោបល់ ពិភាក្សាគ្នារកដំណោះស្រាយឱ្យបាល់ទាត់កម្ពុជារំកិលខ្ពស់ជាងនេះ។
មតិយោបល់របស់បងប្អូន ខ្ញុំទទួលយកទាំងអស់!