ថៃ នឹងជួបវៀតណាមក្នុងការប្រកួតដណ្ដើមពានរង្វាន់(វគ្គផ្ដាច់ព្រ័ត្រ) AFF U-23 Championship 2022 នៅឆ្នាំនេះ បន្ទាប់ពីក្រុមនីមួយៗបានយកឈ្នះគូប្រកួតរៀងៗខ្លួនក្នុងទម្រង់ផ្ទុយគ្នានៅពហុកីឡដ្ឋានជាតិមរតកតេជោល្ងាចម្សិលមិញ។
ខណៈដែលថៃជួបការលំបាកតិចតួចប៉ុណ្ណោះ ដើម្បីទម្លាក់ឡាវក្នុងលទ្ធផល 2-0 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វៀតណាមជួបរឿងស្ថានភាពព្រលឹងចុងសក់ មុនពេលពួកគេអាចយកឈ្នះទីម័រខាងកើត 5-3 ក្នុងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្ដី បន្ទាប់ពីក្រុមទាំងពីរបានត្រឹមស្មើគ្នា០ទល់០។
លោក Salvador Garcia គ្រូបង្វឹករបស់ U23 ថៃបាននិយាយថា៖ “ទោះបីស្ថិតក្នុងស្ថានភាពដែលយើងប្រឈមមុខក៏ដោយ ក៏ក្រុមការងារបានធ្វើការងារដ៏អស្ចារ្យ។ ខ្ញុំគិតថា សំណាងមិនមានអ្វីពាក់ព័ន្ធនឹងថ្ងៃនេះទេ។ វាគឺជាការខិតខំប្រឹងប្រែងទាំងអស់គ្នារបស់កីឡាករ ហើយយើងស័ក្តិសមដើម្បីឈ្នះការប្រកួតនេះ។”
ចំណែកក្រោយចាញ់ថៃ គ្រូបង្វឹកឡាវលោក Michael Weiss បានបង្ហាញមតិរបស់ខ្លួនថា៖ “ខ្ញុំពេញចិត្តនឹងការសម្តែងរបស់ក្រុមយប់នេះច្រើនជាងពេលណាៗទាំងអស់។ ថៃសក្តិសមនឹងទទួលបានជ័យជម្នះនេះ ដោយសារពួកគេគ្រប់គ្រងបាល់ ប៉ុន្តែកីឡាកររបស់ខ្ញុំបានផ្តល់កាលៈទេសៈយ៉ាងល្អ”។
ស្របពេលនោះ វៀតណាមត្រូវប្រឹងប្រែងដើម្បីដណ្តើមកៅអីទៅវគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំនេះ បន្ទាប់ពីពួកគេត្រូវបានក្រុមទីម័រឡេស្តេបង្ហាញភាពរឹងប៉ឹងពេញ១២០នាទី ហើយក្នុងការស៊ុតបាល់ប៉េណាល់ទី វៀតណាមបានយកឈ្នះ ៥-៣។
គ្រូបង្វឹកវៀតណាមលោក Dinh The Nam បាននិយាយថា៖ “ខ្ញុំត្រូវតែអបអរសាទរដល់កីឡាករដែលបានលេងយប់នេះ និងអ្នកដែលនៅក្នុងមណ្ឌលចត្តាឡីស័កផងដែរ។ យើងគ្មានជម្រើសក្រៅពីលេងវាយបក និងគ្រប់គ្រងបាល់ ហើយក៏តាមដានកីឡាករលេខ 21 (Paulo Freitas) របស់ពួកគេដែរ” ។
ដោយឡែក! លោក Bruno Maciel គ្រូបង្វឹកក្រុមទីម័រខាងកើតបាននិយាយថា៖ “វាមិនមែនជាការងាយស្រួលដូចការប្រឈមមុខនឹងគូប្រជែងដ៏ស្វិតស្វាញនោះទេ។ ហើយកម្រិតរបស់ពួកគេគឺខ្ពស់ជាងយើង។ យើងបានកែសម្រួលរឿងមួយចំនួនក្នុងតង់ទីពីរ ដើម្បីបំបែកការបង្កើតឱកាសរបស់ពួកគេ។ ប៉ុន្តែវាជាការប្រកួតដ៏ល្អមួយនៅយប់នេះ»៕