ក្លិបបាល់ទាត់វិសាខានឹងចូលរួមក្នុងការប្រកួតពានរង្វាន់លំដាប់អន្តរជាតិលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនដោយប្រកួតប្រជែងពាន AFC Cup វគ្គជម្រុះក្នុងពូលG ស្របពេលខ្សែប្រយុទ្ធរ៉ឹង ប៊ុនហៀងថាក្រុមទាំងអស់ក្នុងពូលមានសមត្ថភាពប្រហាក់ប្រហែលគ្នា។
និយាយក្នុងសារឆ្លើងឆ្លងជាមួយ B8 Sport កីឡាករទើបជាពីរបួសបាក់កជើងរូបនេះបាននិយាយថា៖«ចំពោះការប្រកួតក្នុងពូលនេះ(ពូលG)ខ្ញុំមើលឃើញថាក្រុមគេមិនប្រាកដថាខ្លាំងជាងយើងនោះទេ។ យើងក៏មិនខ្សោយពេកសម្រាប់ពួកគេ គឺសមត្ថភាពប្រដំប្រសងគ្នាតែប៉ុណ្ណោះ។ បើយើងគិតថានរណាមានប្រៀបជាងនរណានោះ គឺខ្ញុំមិនទាន់អាចនិយាយបានទេ តែខ្ញុំគិតថាក្រុមយើង(វិសាខា) មិនខ្សោយពេកទេ សម្រាប់ពួកគេ។ បើចង់ដឹងច្បាស់ទាល់តែចប់ការប្រកួតទើបអាចនិយាយបានត្រូវ»។
ក្លិបបាល់ទាត់វិសាខានៅជាមួយក្រុមម្ចាស់ផ្ទះ Bali United, Kadah Darul Aman, និងក្រុមមកពីហ្វីលីពីន Kaya FC។ប្រកួតបើកឆាកពួកគេត្រូវជួបក្រុមមកពីហ្វីលីពីន Kaya FC នៅថ្ងៃទីសុក្រទី២៤ខែមិថុនាឆ្នាំ២០២២ វេលាម៉ោង៤និង០០នាទីនៅកីឡដ្ឋាន Kapten I Wayan Dipta លើកោះបាលី ប្រទេសឥណ្ឌូនេស៊ី៕