ads
ads
អតីតគ្រូបង្វឹកភ្នំពេញក្រោនសារភាពថា ច្បាប់លីគបាល់ទាត់ ឥណ្ឌូណេស៊ី ​គួរឱ្យអស់​សំណើច​ណាស់
០១-មិនា-២០២៤

អ្នកចាត់ការក្លិប Persib Bandung លោក Bojan Hodak បានសារភាពថា ច្បាប់ក្នុងលីគ​ឥណ្ឌូនេស៊ី ពិតជាគួរឱ្យអស់សំណើច និងគ្មានវិជ្ជាជីវៈ នៅពេលដែលកីឡាករម្នាក់​របស់​គាត់​ត្រូវបានហាមឃាត់មិនឱ្យលេងនៅថ្ងៃប្រកួត។

វាបានកើតឡើងបន្ទាប់ពីក្លិបបានទទួលសំបុត្រពីគណៈកម្មាធិការសមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ប៉ុន្មានម៉ោងមុនការប្រកួត ​ដែលបញ្ជាក់ថា​កីឡាករដែលនាំចូលរបស់ពួកគេ​គឺ Nick Kuipers មិនត្រូវបានអនុញ្ញាតឱ្យលេង។

«នេះ​ជា​អ្វី​ដែល​គួរ​ឲ្យ​អស់​សំណើច​ក្នុង​អំឡុង​ពេល ៣០ ឆ្នាំ​ក្នុង​អាជីព​បាល់ទាត់របស់ខ្ញុំ។ ខ្ញុំមិនដែលជួបស្ថានភាពបែបនេះទេនៅថ្ងៃប្រកួត។ PSSI បានផ្ញើសំបុត្រថា​មានកីឡាករ​ម្នាក់ដែលអាចលេងបាន ហើយមានកីឡាករផ្សេងទៀត​ដែលមិនអាច​លេងបាន»។

អតីតគ្រូបង្វឹកក្លិប KL City បាននិយាយដោយដកស្រង់នៅក្នុង bolanusantara ថា៖ «នេះគួរឱ្យអស់សំណើច និងគ្មានវិជ្ជាជីវៈ ដូច្នេះនេះប្រាកដជាត្រូវផ្លាស់ប្តូរ ព្រោះ​ប្រហែលជាមនុស្សមិនយល់ពីផលប៉ះពាល់នៃការសម្រេចចិត្តបែបនេះ» ។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូណេស៊ី ការព្យួរគួរតែត្រូវបាន​ផ្តល់ទៅ​ឱ្យ Alberto Rodriguez ដែលបានទទួលកាតក្រហមអំឡុងពេលប្រកួតជាមួយ Barito Putera កាលពីថ្ងៃសុក្រមុន។

ប៉ុន្តែផ្ទុយមកវិញបានកើតឡើងនៅពេលដែល Alberto ត្រូវបានអនុញ្ញាតឱ្យលេង ខណៈ​ដែល​ Nick Kuipers ដែលត្រៀមរួចជាស្រេច​សម្រាប់ការប្រកួតបន្ទាប់​មិនអាចលេង​បាន។

ដូច្នេះហើយ Bojan Hodak បានពណ៌នាថាវាជាសកម្មភាពដែលមិនមានវិជ្ជាជីវៈ ពីព្រោះការសម្រេចចិត្តនៃការព្យួរកីឡាករគួរតែផ្ដល់ដំណឹង បន្ទាប់ពីលេងជាមួយ Barito Putera រួច​ហើយ មិនមែននៅថ្ងៃប្រកួតជាមួយក្រុមផ្សេងនោះទេ។

ទោះជាយ៉ាងណាក៏ដោយ អវត្តមានរបស់ Kuipers មិនបានរារាំងឱ្យ Persib Bandung យកជ័យជម្នះ 3-0 លើក្រុម PSIS Semarang នោះទេ ហើយពេលនេះពួកគេកំពុងឈរ ចំណាត់ថ្នាក់លេខ 2 ក្នុង Liga 1 ។

ads
ads