គណៈកម្មាធិការវិន័យនិងក្រមសីលធម៌នៃសហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត (SAFF) បាននិយាយថា កីឡាករ Cristiano Ronaldo ត្រូវបានព្យួរមួយប្រកួត ពីបទធ្វើកាយវិការអាសអាភាស ក្នុងអំឡុងពេលក្លឹប Al Nassr យកឈ្នះលើក្រុម Al Shabab ក្នុងលទ្ធផល ៣-២ ។នេះបើយោងតាមការចេញផ្សាយរបស់សារព័មានរ៉យទ័រ។
បន្ថែមទៅនឹងបម្រាមមួយប្រកួតគណៈកម្មាធិការបាននិយាយថា កីឡាករសញ្ជាតិព័រទុយហ្គាល់ក៏ត្រូវបង់ប្រាក់ពិន័យចំនួន២៦៦៦ដុល្លារដល់សហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ីសាអូឌីត និងជាង៤០០០ដុល្លារ ឲ្យក្លឹប Al-Shabab ដើម្បីរ៉ាប់រងថ្លៃចំណាយលើការដាក់ពាក្យបណ្ដឹង។ គណៈកម្មាធិការនេះបានបញ្ជាក់ទៀតថា ការសម្រេចនេះមិនត្រូវប្តឹងឧទ្ធរណ៍ទេ។
គួររំឭកថារឿងរ៉ាវនេះបានកើតឡើងកាលពី២សប្តាហ៍មុន នៅពេលដែល Ronaldo បានយកដៃខ្ទប់ត្រចៀកមុនពេលចង្អុលទៅប្រដាប់ភេទរបស់គាត់ម្តងហើយម្តងទៀតសំដៅទៅលើគូប្រជែងដែលជាអ្នកគាំទ្រក្រុម Al Shabab ដែលបានស្រែកឈ្មោះMessi គូប្រជែងរបស់Ronaldoក្នុងន័យចំអកអោយ។