ads
ads
Ronaldo ប្រេស៊ីល មើលរំលង Ronaldo ព័រទុយហ្គាល់
២៤-មករា-២០២៤

អតីតខ្សែប្រយុទ្ធប្រេស៊ីល Ronaldo បានដាក់ឈ្មោះកីឡាករ៨រូប ដែលគាត់គិតថាជាកីឡាករល្អបំផុតគ្រប់ពេល។ នេះបើយោងតាមការចេញផ្សាយរបស់Daily Mail កាលពីថ្ងៃអង្គារទី ២៣មករា ២០២៤។

និយាយត្រឡប់ទៅឆ្នាំ 2022ជាមួយកាសែតអង់គ្លេស The Guardian វីរបុរសប្រេស៊ីលដែលស៊ុតបញ្ចូលទីបាន៣៥២គ្រាប់ ក្នុងការបង្ហាញវត្តមាន៥១៨ ប្រកួតក្នុងអាជីពបាល់ទាត់របស់គាត់ និងធ្លាប់ឈ្នះពានរង្វាន់ Ballon d’Or ចំនួនពីរផងដែរនោះ បានដាក់ឈ្មោះកីឡាករល្អបំផុតគ្រប់ពេល ៨នាក់។ ទោះយ៉ាងណាក៏ដោយ គាត់មិនបានដាក់ឈ្មោះកីឡាករ Cristiano Ronaldo ដែលកំពុងល្បីនាពេលបច្ចុប្បន្នចូលក្នុងបញ្ជីរបស់គាត់ទេ។

គាត់​បាន​និយាយ​ថា ខ្ញុំ​គិត​ថា​មាន​ក្រុម​ពិសេស​ៗខ្លាំង​ណាស់ ដែលក្នុងនោះមានដូចជា៖ Diego Maradona ,Pele, Johan Cruyff, Franz Beckenbauer, , Marco Van Basten, Ronaldinho និងរូបគាត់ផ្ទាល់ផងដែរ។

Ronaldoបន្តថា ខ្ញុំបញ្ចូលឈ្មោះខ្លួនឯង ដើម្បីឱ្យអ្នកគាំទ្រនិយាយអំពីវា អនុញ្ញាតឱ្យពួកគេជជែកដេញដោលគ្នា ប៉ុន្តែអ្នក​មិន​អាច​ចាត់​ថ្នាក់​ពួក​គេ​ និងមិន​អាច​ប្រៀបធៀប​ជំនាន់​បាន​ទេ។

ខណៈដែលរាប់ឈ្មោះខ្លួនឯងថាជាកីឡាករល្អបំផុតគ្រប់ពេលបែរជាកីឡាករសញ្ជាតិប្រេស៊ីលបដិសេធខ្សែប្រយុទ្ធ Cristiano Ronaldo តែជ្រើសរើសយកគូប្រជែងដ៏យូរអង្វែងរបស់ខ្លួនគឺកីឡាករ Lionel Messi ទោះបីជាខ្សែប្រយុទ្ធព័រទុយហ្គាល់ស៊ុតបញ្ចូលទីបាន ៨៩១ គ្រាប់ក្នុងអាជីពនិងបន្តបង្ហាញទម្រង់លេងនៅតែល្អក្នុងវ័យ៣៨ ឆ្នាំ។

ទន្ទឹមនឹងនេះដែរនៅក្នុងបញ្ជីរបស់ Ronaldo រួមមានកីឡាករជាច្រើនដែលគាត់មិនបានលេងជាមួយផង។ វីរបុរស Diego Maradona, Pele, Johan Cruyff, Franz Beckenbauer សុទ្ធតែជាកីឡាករឆ្នើមសម័យមុន ។ ម្យ៉ាងវិញទៀត Ronaldo បានលេងជាមួយ Ronaldinho ទាំងនៅMilan និងសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល។ តារាទាំងពីរមានសារៈសំខាន់ក្នុងការជួយជំរុញ ក្រុមជម្រើសជាតិប្រេស៊ីល (Selecao) ពេញមួយដើមទសវត្សរ៍ឆ្នាំ 2000 ។ នេះ​រួម​បញ្ចូល​ទាំង​ការ​ឈ្នះ World Cup រួម​គ្នា​ក្នុង​ឆ្នាំ ២០០២។

Ronaldo Nazario វ័យ ៤៧ឆ្នាំដែលធ្លាប់លេងឲ្យក្លឹបដូចជា Barcelona, Inter Milan, Real Madrid និង  Milan បានទទួលភាពជោគជ័យក្នុងអាជីពបាល់ទាត់របស់គាត់ក្នុងចន្លោះឆ្នាំ១៩៩៣ ដល់ ២០១១ ខណៈដែលគាត់ក៏បានស៊ុតបញ្ចូលទីបាន ៦២គ្រាប់ក្នុងការបង្ហាញវត្តមាន ៩៨ ប្រកួតសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល។

អតីតខ្សែប្រយុទ្ធរូបនេះគឺជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញបំផុតក្នុងជំនាន់របស់គាត់ ហើយចាប់តាំងពីពេលនោះមកបានព្យាយាមចាប់ដៃគូធ្វើជាម្ចាស់បាល់ទាត់ក្លឹប Valladolid ក្នុងប្រទេសអេស្ប៉ាញ និងក្លឹបកុមារភាព Cruzeiroរបស់គាត់៕

ads
ads