AFC Asian Cup គឺជាពានរង្វាន់ជើងឯកបាល់ទាត់ទ្វីបអាស៊ីដែលមានវ័យចំណាស់ជាងគេទីពីររបស់ពិភពលោក។ បើគិតមកទល់ពេលនេះវាមានអាយុកាល៦៨ឆ្នាំហើយ។
ព្រឹត្តិការណ៍ប្រកួតជើងឯកឆ្នាំ២០២៣ដែលជាការប្រកួតលើកទី១៨ ក្នុងសមរភូមិវាលស្មៅនៅប្រទេសកាតាមានក្រុមចំនួន២៤ក្រុមចូលរួមដើម្បីលើកពានរង្វាន់អន្តរជាតិប្រចាំទ្វីបអាស៊ី។
ប្រទេសកាតាម្ចាស់ជើងឯកឆ្នាំ ២០១៩នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួត ហើយនឹងមានបំណងការពារតំណែងនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងពីក្រុមគីឡូធ្ងន់អាស៊ី ដូចជាកូរ៉េខាងត្បូង ជប៉ុន និងអារ៉ាប៊ីសាអូឌីត ។ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី ១២ ខែមករារហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ២០២៤។
ចាប់តាំងពីបង្កើតពានរង្វាន់ AFC Asian Cup ក្នុងឆ្នាំ១៩៥៦ មានតែក្រុមជម្រើសជាតិចំនួន៩ប៉ុណ្ណោះដែលមានសំណាងបានលើកពាននេះ។
ជប៉ុនបានក្លាយជាក្រុមជោគជ័យបំផុតមួយក្នុងទ្វីបអាស៊ី។ ក្រុមសាមូរ៉ៃខៀវបានឈ្នះពានរង្វាន់ AFC Asian Cup បួនដងគឺនៅក្នុងឆ្នាំ ១៩៩២ ២០០០ ២០០៤ ២០១១ និងរងជើងឯកម្តង ឆ្នាំ ២០១៩បន្ទាប់ពីចាញ់កាតា៣-១។
អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ គឺជាក្រុមបន្ទាប់ដែលទទួលបានជោគជ័យបំផុត ដោយបានឈ្នះពានរង្វាន់ Asian Cup 3 ដងដូចគ្នា ។ អារ៉ាប៊ីសាអូឌីតលើកពានក្នុងឆ្នាំ ១៩៨៤ ១៩៨៨ ១៩៩៦ និងរងជើងឯកបីដងដែរគឺ ១៩៩២ ២០០០ និង ២០០៧។ ប្រទេសអ៊ីរ៉ង់លើកពាននៅក្នុងឆ្នាំ១៩៦៨ ១៩៧២ និង ១៩៧៦។ ប្រទេសកូរ៉េខាងត្បូងឈរលំដាប់លេខ៤ លើកពានបាន២ដង ក្នុងឆ្នាំ ១៩៥៦និង១៩៦០តែក្រុមនេះរងជើងឯក៤ដងនៅឆ្នាំ ១៩៧២ ១៩៨០ ១៩៨៨ និង ២០១៥។
ក្រៅពីប្រទេសខាងលើនេះមានប្រទេសចំនួន៥ដែលស្គាល់ក្លិនពាននេះម្នាក់ម្តងដែរគឺប្រទេស អ៊ីស្រាអ៊ែល(១៩៦៤) គុយវ៉េត (១៩៨០) អូស្ត្រាលី(២០១៥ ) អ៊ីរ៉ាក់ ( ២០០៧) និង កាតា (២០១៩)៕