យោងតាមប្រភពព័ត៍មាន Daily Mail ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១ ខែកមករា ឆ្នាំ២០២៤ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man United សម្រេចចិត្តមិនប្រើជម្រើសដើម្បីបន្តកុងត្រាដល់កីឡាករ Raphael Varane ដែលមានតម្លៃពលកម្មខ្ពស់រហូតទៅដល់ ៣៤ម៉ឺនផោន ក្នុងមួយសប្តាហ៍ ដោយទុកឱ្យកីឡាកររូបនេះ មានសេរីភាពក្នុងការនិយាយជាមួយក្លឹបផ្សេងទៀត ខណៈដែលក្លឹបព្យាយាមកាត់បន្ថយប្រាក់ឈ្នួលរបស់កីឡាករ ដែលមានប្រាក់ខែខ្ពស់បំផុត។ ភាគីទាំងពីរបដិសេធមិនចរចាក្នុងការបន្តកុងត្រាថ្មី ដែលផុតកំណត់ត្រឹមថ្ងៃទី១ ខែមករា។ បដិសេធមិនទទួលយកជម្រើសក្នុងការបន្តកុងត្រារបស់ Varane ដោយស្វ័យប្រវត្តិ ក្លឹបUnited នឹងធ្វើឱ្យគាត់ចាកចេញដោយគ្មានអ្វីសោះនៅចុងរដូវកាល។
Varane ទទួលបានចំណាប់អារម្មណ៍ពីក្លឹប Real Madrid និង Bayern កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែត្រូវបានគេជឿថានឹងសប្បាយចិត្តនៅ United ។ ក្រៅពី Varane, Anthony Martial, Aaron Wan-Bissaka, Jonny Evans និង Tom Heaton ក៏ផុតកុងត្រាដែរនៅរដូវក្ដៅនេះ។
កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករអន្តរជាតិបារាំងនឹងអស់សុពលភាពនៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែនៅក្នុងកិច្ចសន្យានោះ ក្លឹបMan Utd បានផ្តល់ជម្រើសបន្តកុងត្រាដោយស្វ័យប្រវត្តិរយៈពេល១២ខែ ។United នៅតែចាប់អារម្មណ៍ក្នុងការបន្តការស្នាក់នៅរបស់ Varane នៅពហុកីឡដ្ឋាន Old Trafford ហើយគ្រោងនឹងបើកការពិភាក្សាលើកិច្ចព្រមព្រៀងថ្មីនៅខែក្រោយ បើទោះជាការចរចារលើកដំបូងនេះបរាជ័យក៏ដោយ។
United ក៏កំពុងស្វែងរកការកាត់បន្ថយប្រាក់ឈ្នួលកីឡាករដែលមានតម្លៃខ្ពស់បំផុត ដើម្បីបង្កើនធនធានសម្រាប់ការចុះហត្ថលេខាទិញកីឡាករថ្មីនៅរដូវក្តៅក្រោយ ខណៈដែលពួកគេកំពុងប្រយុទ្ធដើម្បីអនុវត្តតាមច្បាប់ប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League ។
Varane បានក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតរបស់ United បន្ទាប់ពីការចាកចេញរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo និង David De Gea៕