ads
ads
ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះ MOU ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
១៩-កញ្ញា-២០២៣

នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហការឧបត្ថម្ភរវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោមអធិបតីភាព បណ្ឌិត អ៊ុន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅសាលប្រជុំ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាន់ទី៦។

ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែងថា៖«ការចុះហត្ថលេខានាខាងលើនេះ គឺបានបង្ហាញនូវវឌ្ឍនៈភាព ការគាំទ្រវិស័យកីឡាបាល់ទាត់នៅ កម្ពុជាផ្នែកហិរញ្ញវត្ថុ ជាក់ស្ដែងពេលនេះ គឺធនាគារ អេស៊ីលីដាជាគំរូ»។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានគោលការណ៍គន្លឹះនៅក្នុងការអភិវឌ្ឍន៍បាល់ទាត់កម្ពុជា មានចំនួន៤៖
១. រដ្ឋបាលគ្រប់គ្រង
២. បច្ចេកទេស និងអភិវឌ្ឍន៍
៣. ការប្រកួត
៤. ការចូលរួមឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ការលេង និងគាំទ្រពីទស្សនិកជន។

ដើម្បីអនុវត្ត គោលការណ៍ខាងលើសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានកំណត់ដាក់ចេញនូវយុទ្ធសាស្ត្រ ជាគោលដៅ និងកម្មវិធីសកម្មភាពជាក់ស្ដែងចំនួន១២ចំណុចជាអាទិ៍មាន៖
១) ការអភិវឌ្ឍផ្នែករដ្ឋបាល និងការគ្រប់គ្រង
២)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
៣) ការអភិវឌ្ឍការរៀបចំការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ
៤) ការអភិវឌ្ឍសមាគមទាំង ២៥រាជធានី/ខេត្ត
៥) ការអភិវឌ្ឍក្លិប
៦) ការអភិវឌ្ឍក្រុមជម្រើសជាតិ (បុរស និងនារី)
៧) ការអភិវឌ្ឍបាល់ទាត់ថ្នាល យុវជន
៨) ការអភិវឌ្ឍការបណ្តុះបណ្តាលគ្រូបង្វឹក (បុរស និងនារី)
៩) ការអភិវឌ្ឍអាជ្ញាកណ្ដាល (បុរស និងនារី)
១០) ការអភិវឌ្ឍបាល់ទាត់ក្នុងសាល និងឆ្នេរខ្សាច់
១១) ការអភិវឌ្ឍន៍វេជ្ជសាស្ត្រកីឡា
១២) ទំនាក់ទំនងពាណិជ្ជកម្ម និងអ្នកគាំទ្រ។

តាមរយៈការខិតខំប្រឹងប្រែងផ្ទាល់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ការចូលចូលរួមឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុ ការចូលរួមលេង និងទស្សនាពីអ្នកនិយមវិស័យកីឡាបាល់ទាត់ពិសេស ដោយបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដៃគូរសហការឧបត្ថម្ភ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃទីស្តីការគណៈ រដ្ឋមន្ត្រីក្រសួងស្ថាប័ន អាជ្ញាធររាជធានី-ខេត្ត អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងការគាំទ្រលើក ទឹកចិត្តពីសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) សហព័ន្ធបាល់ទាត់អាស៊ាន (AFF) និងសហព័ន្ធ/សមាគមបាល់ទាត់ នៃបណ្តាប្រទេសជាមិត្ត។

សកម្មភាពបាល់ទាត់នៅក្នុងប្រទេសកម្ពុជា មានប្រជាប្រិយភាព នឹងកំពុងទទួលការនិយមចូលចិត្តលេង និងគាំទ្រពីសាធារណៈជនគ្រប់មជ្ឈដ្ឋានគ្រប់វ័យ ទាំងពីរភេទតាមរយៈសកម្មភាពកីឡាបាល់ទាត់បានរួមចំណែកទៅដល់វិស័យអប់រំសុខភាពសាធារណៈ បង្ករបរិយាកាសកំសាន្តសប្បាយរីករាយ កាត់បន្ថយបាតុភាពអសកម្មនៅក្នុងសង្គម ដូចជាការ បោះបង់ចោលការសិក្សារបស់សិស្សានុសិស្ស ការរំលោភបំពានច្បាប់របស់រដ្ឋ ការកាត់បន្ថយបទល្មើស ជាពិសេសគ្រឿងញៀន។

ស្របពេលលទ្ធផលនៃការប្រកួតលក្ខណៈអន្តរជាតិ ទាំងការប្រកួតមិត្តភាព និងការប្រកួតផ្លូវការ កិត្យានុភាពព្រះរាជាណាចក្រកម្ពុជា ត្រូវបានលើកស្ទួយ បាននាំក្តេរិ៍ឈ្មោះព្រះរាជាណាចក្រកម្ពុជា ផ្សព្វផ្សាយទៅកាន់ពិភពលោក ទាក់ទាញបាននូវចំណាប់អារម្មណ៍ពីអ្នកវិនិយោគបរទេស ភ្ញៀវទេសចរណ៍ មកទស្សនាកំសាន្តនៅ ព្រះរាជាណាចក្រកម្ពុជា ថែមទាំងបានរួមចំណែកបង្កើនការងារបង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រពីប្រជាជន ដែលជាគោលដៅអទិភាពចំបងនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

ដូច្នេះការចូលរួមឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីធនាគារអេស៊ីលីដា គឺជាការចូលរួមគាំទ្រកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងគាំទ្រសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តន៍ច្បាប់ កសាងព្រះរាជាណាចក្រកម្ពុជាជាប្រទេសនិតិរដ្ឋ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមអំពាវនាវអតិថិជនចូលរួមគាំទ្រ និងប្រើប្រាស់ប្រព័ន្ធធនាគារអេស៊ីលីដាឲ្យកាន់តែច្រើន រិទ្ធតែល្អ៕

ads
ads