ក្រុមជម្រើសជាតិកម្ពុជាឈុតនារីបានយកឈ្នះជម្រើសជាតិនារីឡាវក្នុងលទ្ធផល២ទល់០ នាការប្រកួតវិញ្ញាសាបាល់ទាត់នារីពូល B ខណៈគ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជាពេញចិត្តលទ្ធផលនេះខ្លាំងមែនទែន។
ក្នុងសន្និសីទកាសែតក្រោយការប្រកួតលោក GAO FULIN បាននិយាយថា៖« លោកពិតជាពេញចិត្តលទ្ធផលនេះ ហើយយើងពិតជាមានមោទនកភាពដែលយើងតបានយកឈ្នះឡាវដែលជាក្រុមខ្លាំងផ្នែកបាល់ទាត់នារី។ ខ្ញុំពិតជារីករាយ ហើយប្រឹងប្រែងសម្រាប់ការប្រកួតបន្ទាប់ទៀត»។
គ្រូបង្វឹកសញ្ជាតិចិនរូបនេះក៏បានឆ្លើយតបសំណួររបស់អ្នកសារព័ត៏មានអំពីស្ថានភាពវគ្គទីមួយលេងសម្រុកខ្លាំង ហើយវគ្គទី២លេងការពារខ្លាំង៖«សម្រាប់គុណផលលេងនេះ វាមិនទាន់ល្អណាស់ណាទេ ពីព្រោះយើងទើបធ្វើដំណើរមកពីចិនក្នុងរយៈពេលខ្លី ហើយយើងមានកីឡាការិនី៣នាក់មកពីបរទេសមកជួយយើង។ អញ្ចឹងការសហការគ្នាលើទីលាននៅមានគម្លាតពីគ្នាឆ្ងាយ នេះជារឿងយុទ្ធសាស្រ្ត។ ទីពីរ នេះយើងស៊ុតបាន២គ្រាប់មែន ប៉ុន្តែការប្រើប្រាស់កម្លាំងរបស់យើងមិនពេញលេញទេ ដោយសារយើងសន្សំសម្រាប់ការវាយបកនៅវគ្គទី២ពីឡាវ។ បើយើងសម្រុកក្នុងវគ្គទីមួយអស់ វគ្គទី២ កីឡាការិនីយើងនឹងអស់កម្លាំងហើយទប់ការសម្រុករបស់ឡាវមិនជាប់ទេ»។
លោកបានឆ្លើយតបទៅនឹងសម្ដីគ្រូបង្វឹកនារីឡាវរឿងទៅហាត់នៅចិន៦ខែបើចាញ់នឹងមានបញ្ហា៖«យើងឈ្នះ២គ្រាប់ ហើយយើងរក្សា Cleansheet វាក៏ជាករណីសម្រាលបន្ទុកមួយដែរ តែការប្រកួតមិនទាន់ចប់នោះទេ។ ខ្ញុំគ្មានអ្វីត្រូវគិតក្រៅពីរៀនសូត្រពីក្រុមដទៃទៀតដែលបានចូលរួមមកជួយព្ងរឹងក្រុមរបស់យើងបន្ថែមទៀត។ ពេលខ្ញុំឃើញកីឡាការិនីរបស់យើងលេងយប់នេះខ្ញុំមានទំនុកចិត្តថាយើងនឹងអាចយកឈ្នះក្រុមនារីសិង្ហបុរីបានទៀតផង។»