ads
ads
Selena Chhiv សម្រេច​គោលដៅលេង​បាល់ទាត់ឱ្យជម្រើសជាតិនារីកម្ពុជាហើយ ពិសេស​ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣
២៦-មេសា-២០២៣

កាលពីយប់មិញ​សហព័ន្ធ​កីឡាបាល់ទាត់កម្ពុជាបាន​បង្ហោះរូបសកម្មភាពហ្វឹកហាត់របស់​ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជានៅ​កីឡដ្ឋាន​ ស្មាត អ អេស អិន ដើម្បី​ត្រៀម​ប្រកួតលើ​វិញ្ញាសាបាល់ទាត់​នារី ខណៈដែល​ក្នុង​រូបភាពទាំង​នោះ គេ​ឃើញ​កីឡាការិនីមាន​ប្រភពមក​ពី​បរទេស ៣​នាក់ ហើយម្នាក់ក្នុងចំណោម​៣​នាក់​នោះ​មាន​ឈ្មោះ​ថា ឈីវ សេឡេណា (Selena Chhiv )។

យុវនារីខ្មែរមានប្រភពមកពី​ប្រទេស​កាណាដារូបនេះ ប្រកាសចង់លេងឱ្យជម្រើសជាតិកម្ពុជា​ ខណៈរូប​នាង ធ្លាប់​មាន​បទពិសោធន៍​ និង​សមត្ថភាពលេង​ឱ្យក្លិប​វិទ្យាល័យ​ដែល​នាង​រៀន​នៅ​កាណាដា។

ឈី​វ សេ​លី​ណា មាន​ឪពុក និង​ម្ដាយ​ជា​ជនជាតិខ្មែរ បាន​ផ្លាស់​ទៅ​រស់នៅ​ប្រទេស​កាណាដា ក្នុងអំឡុង​សម័យ​សង្គ្រាម ហើយ​នាង​បានកើត​នៅ​ទីក្រុង Montreal ប្រទេស​កាណាដា នា​ឆ្នាំ​ ២០០២​។

កាលពីឆ្នាំ២០២២ កន្លងមកទៅ នាង​បាននិយាយក្នុងសារព័ត៏មានក្នុងស្រុក (kampucheathmey)ថា៖ «​ខ្ញុំ​នឹងធ្វើ​អ្វី​គ្រប់យ៉ាង ដើម្បី​ត្រៀមខ្លួន​ចូលរួម​ជាមួយ​ក្រុម​នារី​កម្ពុជា ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ព្រោះ​ខ្ញុំ​ហ្វឹកហាត់​ស្ទើរ​រាល់ថ្ងៃ ខ្ញុំ​ត្រៀមខ្លួន​គ្រប់ពេល​។ នៅ​រដូវក្តៅ​ខ្ញុំ​ហ្វឹកហាត់​ប្រហែល ៦ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ប៉ុន្តែ​ក្នុង​រដូវរងា ដោយសារ​ត្រជាក់ និង​មាន​ធ្លាក់​ព្រិល ខ្ញុំ​ហ្វឹកហាត់​តិចជាង​បន្តិច ខ្ញុំ​តែងតែ​ព្យាយាម​ហ្វឹកហាត់​សង​វិញ​»​។ សម្ដី​របស់ សេ​លី​ណា​។ សេ​លី​ណា ក៏បាន​ទស្សនាការ​ប្រកួត​របស់​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា និង​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ កាលពី​ប្រកួត​កន្លងៗ​មក​ផងដែរ ខណៈ​រូបនាង​បានកត់សម្គាល់​រឿង​មួយចំនួន​។ នាង​និយាយថា​៖ «​ខ្ញុំ​ឃើញ​ការប្រកួត​កម្ពុជា​មួយចំនួន​ក្នុងការ​ប្រកួត AFF Women’s Championship ចុងក្រោយ​ទល់នឹង​ប្រទេស​ផ្សេង ខ្ញុំ​ដឹងថា​គេ​ខ្លាំង​ប៉ុណ្ណា​បើ​ធៀប​នឹង​ក្រុម​នារី​កម្ពុជា​។ ខ្ញុំ​ក៏​ស្គាល់​ក្រុម​ជាច្រើន​នៅ​កាណាដា​ដែល​ខ្លាំង​ជាង​នេះ​ផងដែរ​»​។​

សព្វថ្ងៃ Selena Chhiv មានវ័យ២១ឆ្នាំ កំពស់ 1.65m ធ្លាប់បានលេងនៅឈុតយុវជនជាច្រើនដូចជា នៅតាមសកលវិទ្យាល័យដែលនាងកំពុងសិក្សា ជាប់ឈ្មោះលេងឱ្យជម្រើសរដ្ឋក្នុងប្រទេសកាណាដា ការប្រកួត Futsal ថា្នក់ជាតិ ហើយធ្លាប់ឈ្នះជើងឯកតាមកម្មវិធីផ្សេងៗជាច្រើនទៀតផង។

រូបនាងអាចលេងជាតួនាទីខ្សែការពារស្លាបស្តាំបំរើកណ្តាល និងប្រយុទ្ធស្លាប ដោយសារតែនាង​អាចប្រើល្បឿនបានលឿនងាយស្រួលក្នុងការគាំទ្រប្រយុទ្ធខាងលើ។ អំឡុងឆ្នាំ 2020 Selena Chhiv ធ្លាប់លេងឱ្យក្រុម Cs Fabrose Semi-Pro និង Stark Futsal Club ហើយកាលពីឆ្នាំ​ 2021 រូបនាងបានផ្លាស់មកលេងឱ្យក្រុម Norte-Dame-De-Grace U19។

ក្រោយបង្ហាញវត្តមាន​ក្នុង​ការ​ហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ​នារីកម្ពុជាផ្សេងទៀត​ដែល​ទើប​ត្រឡប់មកពី​បោះជុំរំហ្វឹកហាត់​នៅ​ប្រទេស​ចិន ពិត​ណាស់ Selena Chhiv ​អាច​នឹង​បង្ហាញវត្តមាន​ក្នុង​ការ​ប្រកួតស៊ីហ្គេម​ដែលជម្រើសជាតិនារីកម្ពុជាស្ថិតក្នុងពូល B ជាជម្រើសជាតិនារី​ថៃ សិង្ហបុរី និង​ឡាវ។ ការ​ប្រកួតបើក​ឆាក ជម្រើជាតិនារីកម្ពុជានឹង​ត្រូវជួប​ជម្រើសជាតិ​នារីឡាវ​នៅថ្ងៃទី០៣ខែឧសភាឆ្នាំ២០២៣ វេលាម៉ោង​៩​និង​០០នាទី នៅកីឡដ្ឋាន ស្មាត អរ អេស អិន៕

 

ads
ads