ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ កិច្ចប្រជុំរបស់គណៈកម្មាធិការរៀបចំពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (Hun Sen Cup 2023-24) បានអនុញ្ញាតិឲ្យក្រុម ដែលចូលរួមអាចចុះកីឡាករបរទេសបានរហូតដល់ ០៦នាក់ សម្រាប់ការប្រកួតក្នុងវគ្គជម្រុះថ្នាក់ជាតិ។ (កីឡាករបរទេស ៣នាក់ និង១នាក់ ជាកីឡាករកូតាអាស៊ី នៅលើទីលាន)។
ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) ត្រូវបានបង្កើតឡើងដោយសហព័ន្ធកីឡាករបាល់ទាត់កម្ពុជា (FFC) តាំងពីឆ្នាំ ២០០៧ ពោលមានអាយុកាល ១៧ឆ្នាំមកហើយ គិតត្រឹមឆ្នាំ២០២៣នេះ។
សម្រាប់ការអនុញ្ញាតិឲ្យបណ្តាក្រុម ដែលចូលរួមអាចចុះឈ្មោះកីឡាករបរទេស គឺមិនមែនជាលើកដំបូង ក្នុងពានរង្វាន់មួយនេះឡើយ ពោលវាគឺជាលើកទី២ ទៅវិញទេ។ កាលពីអំឡុងឆ្នាំ២០០៧ ២០០៨ និង២០០៩ សហព័ន្ធកីឡាករបាល់ទាត់កម្ពុជា បានអនុញ្ញាតិរួចមកហើយពានរង្វាន់ Hun Sen Cup មួយនេះ ដោយសារតែកាលនោះ ការប្រកួតបាល់ទាត់មិនសូវល្បី ហើយប្រព័ន្ធផ្សព្វផ្សាយមិនសម្បូរហូរហៀរដែលអាចចែកចាយព័ត៏មានដូចពេលបច្ចុប្បន្ន។