Roy Keane និយាយថាគាត់ “បាត់បង់ទំនុកចិត្តបន្តិច” នៅក្នុងក្រុម Manchester United បើទោះបីជាពួកគេទទួលជ័យជម្នះក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រ FA Cup លើក្រុម Fulham ក៏ដោយ។
United ទទួលផលចំណេញ ក្រោយពេលក្រុម Fulham ទទួលបានកាតក្រហមចំនួនបី ហើយឆ្លៀតឱកាសនេះបិសាចក្រហមយកឈ្នះដើម្បីទទួលបានវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup លើកទី 31 ដែលជាកំណត់ត្រាច្រើនបំផុតរបស់ខ្លួន។
ជ័យជម្នះរបស់ Man Utd រក្សាក្តីសង្ឃឹមបីយ៉ាងរបស់ពួកគេឱ្យនៅរស់បន្ត ប៉ុន្តែ Keane វីរបុរសនៅ Old Trafford មិនមានការចាប់អារម្មណ៍ជាពិសេសចំពោះការបង្ហា្ទម្រង់លេងនោះទេ ហើយបាននិយាយថា Erik ten Hag នឹង “ខកចិត្តយ៉ាងខ្លាំង” សម្រាប់ការបង្ហាញទម្រង់លេងបែបនេះ។
Keane បាននិយាយនៅលើ ITV ថា៖« Man United ពិតជាអន់ណាស់! ស្ទើរតែមិនគួរឱ្យជឿ ហើយអ្នកចាត់ការនឹងនៅតែខកចិត្តយ៉ាងខ្លាំង»។
«ពួកគេបានរកឃើញផ្លូវត្រូវមួយនៅក្នុងការប្រកួត [FA Cup] មុនៗ។ ថ្ងៃនេះពួកគេឱ្យក្រុម Fulham បំផ្លាញខ្លួនឯង។ អ្នកត្រូវការសំណាងបន្តិច ហើយពួកគេពិតជាមានចំណែកសមធម៌របស់ពួកគេក្នុងរដូវកាលនេះ»។
«ប៉ុន្តែខ្ញុំបានបាត់បង់ទំនុកចិត្តបន្តិចក្នុងការមើលក្រុម United ថ្មីៗនេះ។ ក្នុងការប្រកួតប៉ុន្មានចុងក្រោយនេះ ពួកគេបានចាប់យកទម្លាប់អាក្រក់មួយចំនួន។ប្រសិនបើពួកគេបង្ហាញអាកប្បកិរិយាបែបនេះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Brighton នឹងយកឈ្នះពួកគេ។ សង្ឃឹមថាអ្នកចាត់ការនឹងផ្តល់ឱ្យពួកគេបន្តិចក្នុងការកែលម្អ»។
Keane ក៏បានទទួលស្គាល់ថា ក្រៅពីបំផ្លាញ Man Utd ក្លិប Fulham ក៏បំផ្លាញខ្លួនឯងដែរ ដោយបន្ថែមថា៖«វាជាការបំផ្លាញខ្លួនឯងពិតជាមែន។ ប្រតិកម្មពីអ្នកចាត់ការទូទៅ និងកីឡាករមិនល្អទេ។ វាជាហ្គេមរំជួលចិត្តមួយ ប៉ុន្តែវាជារឿងឆ្កួតៗដែលកើតឡើង 90 វិនាទី ហើយទីបំផុតវាធ្វើឱ្យពួកគេខាតបង់។ ខ្ញុំមិនមានការអាណិតអាសូរចំពោះក្រុម Fulham ទេ ពួកគេមានឱកាស ហើយពួកគេបានបំផ្ទុះវាចោល»។
ខណៈដែល Manchester United នឹងត្រូវជួប Brighton ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup នោះ Manchester City ប៉ះក្រុម Sheffield United មកពីក្របខ័ណ្ឌ Championship ។