គិតត្រឹមសប្តាហ៍ទី ១៧ ខ្សែប្រយុទ្ធ Josemar Balanga របស់ក្លិប Tiffy Army FC នៅតែបន្តឈរឈ្មោះក្នុងតារាង Top Scorers នៃការរកគ្រាប់បាល់បានច្រើនជាងគេនៃលីគកំពូលកម្ពុជា Cambodia Premier League សម្រាប់រដូវកាល ២០២៤-២៥។
កីទ្បាករសញ្ជាតិព័រទុយហ្គាល់វ័យ ២៧ ឆ្នាំរូបនេះឆ្លងកាត់ការលេង ១១ ប្រកួតនៅក្នុងលីគកំពូលកម្ពុជា រូបគេបានក្លាយជាកីទ្បាកររបរទេសទី១ ដែលអាចរកគ្រាប់បាល់បានរហូតដល់ទៅ ១៣ គ្រាប់ឯណោះ។ Josemar Balanga នៅតែបន្តឈរឈ្មោះក្នុងតារាង Top Scorers កំពូលអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងចំណាមកីឡាករបរទេសទាំង ៨ នាក់មកពីផ្សេងៗគ្នា។
យ៉ាងណា ក៏ចូលរួមសោកស្តាយដល់ Josemar Balanga ផងដែរ ដែលរូបគេបានរបួសដាច់សរសៃជង្គង់ ACL អំទ្បុងពេលទល់នឹងក្រុមផ្ទះភ្នំពេញក្រោន នៅឯកីទ្បដ្ឋាន Smart RSN កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ សម្រាប់ការប្រកួតជុំទី ២ នៃលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២៤-២៥។ បញ្ហាខាងលើនេះ Josemar Balanga ត្រូវសម្រាកព្យាបាលរបួស យ៉ាងហោចណាស់ក៏ ៨ ឬ ៩ ខែ ទើបអាចវិលត្រលប់មកទីលានវិញ។ លោក ភា សុភ័ក្រ្កា ក៏បាននិយាយផងដែរថា ប្រសិនបើ Josemar Balanga មិនមានរបួសប្រហែលគាត់អាចរកគ្រាប់បាល់បាន ២៥ គ្រាប់ហើយ បើគិតមកទល់នឹងពេលនេះ។
គួរជម្រាបថា បន្ទាប់ពីអវត្តមាន Josemar Balanga គឺបានធ្វើឱ្យតំបន់ខាងលើរបស់ក្រុម Tiffy Army FC ដឹកនាំដោយលោកគ្រូ ភា ភ័ក្រ្កា ជួបការលំបាកយ៉ាងខ្លាំងក្នុងបញ្ចប់ទីរបស់ដៃគូប្រកួត ខណៈដែល ៤ ប្រកួតចុងក្រោយ គឺចាញ់ ៣ និងឈ្នះ ១ ប្រកួតប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ពួកគេក៏កំពុងស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី ៨ ផងដែរ សម្រាប់ការប្រកួតលីគកំពូលកម្ពុជា Cambodia Premier League សប្តាហ៍ទី ១៧ រដូវកាល ២០២៤-២៥៕