លោក Carlo Ancelotti ដែលជាគ្រូបង្វឹករបស់ Real Madrid បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តចំពោះលទ្ធផលរបស់កូនក្រុមក្នុងការប្រកួតទល់នឹង Getafe ប៉ុន្តែ លោកក៏បានទទួលយកការពិតផងដែរ។
Real Madrid បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលកាលពីថ្ងៃអាទិត្យកន្លងទៅនាការប្រកួតក្របខណ្ឌ La Liga ដោយក្រុមបានរង់បរាជ័យក្រោមថ្វីជើង Getafe ក្នុងលទ្ធផល ១ទល់នឹង០ បាត់បង់បីពិន្ទុយ៉ាងសោកស្តាយបំផុត និង ជាបរាជ័យដំបូងរបស់ក្រុមស្តេចសក្នុងការប្រកួតបើកឆាកឆ្នាំថ្មី២០២២នេះ។
លោក Ancelotti បាននិយាយថា៖
«ពួកយើងចាប់ផ្តើមបានល្អក្នុង១០នាទីដំបូង ប៉ុន្តែ ក្រោយត្រូវបានគេនាំមុខមុន ក្រុមយើងចាប់ផ្តើមបាត់បង់ទំនុកចិត្ត។ យើងបាត់បង់បាល់ច្រើន និង ការប្រយុទ្ធ។ មិនមានអ្វីត្រូវនិយាយច្រើនអំពីការប្រកួតនោះទេ។ យើងបានបន្តវិស្សមកាលមួយថ្ងៃបន្ថែម ប៉ុន្តែ យើងមិនមែនជាក្រុមដែលបញ្ចប់ទៅដូចចុងឆ្នាំមុនឡើយ។ Real Madrid មិនសូវផ្តោតអារម្មណ៍ និង តាំងចិត្តចំពោះការប្រកួត ហើយ ពួកយើងមានសមចាញ់នោះទេ ប៉ុន្តែ យើងបែរជាផ្តល់កាដូឲ្យគូប្រកួតស៊ុតបញ្ចូលទីទៅវិញ។ វាប្រៀបបានដូចជាការដាស់តឿន ព្រោះយើងប្រៀបបានដូចជាកំពុងជាប់វិស្សមកាលនៅឡើយ៕»
ប្រភព៖ Marca