— Luis Miguel Echegaray (@lmechegaray) May 27, 2023
Luton Town នឹងចូលរួមជាមួយក្រុម Sheffield United និង Burnley ក្នុងក្របខ័ណ្ឌ English Premier League នៅរដូវកាលក្រោយ។ ពួកគេពិតជាបានលេងនៅក្នុងលីគកំពូលអង់គ្លេសក្នុងរដូវកាល 1991 ដល់ 1992 មុនពេលប្ដូរឈ្មោះមកជា English Premier League (EPL)។
ដំណើររបស់ក្លឹបនេះទៅក្របខ័ណ្ឌ English Premier League មិនងាយស្រួលទេ ហើយពោរពេញទៅដោយបញ្ហាប្រឈម និងហួសពីការស្មាន។ ពួកគេជាក្រុមដែលលេងនៅលីគក្រៅប្រព័ន្ធរបស់បាល់ទាត់អង់គ្លេស ឬអាចនិយាយបានថា លីគពាក់កណ្ដាលអាជីពក្នុងរដូវកាល 2009 ដល់ 2014 ហើយចាប់តាំងពីពេលនោះមក ពួកគេបានចាប់ផ្តើមឡើងបន្តិចម្ដងៗ។
ធ្លាប់ជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុដែលធ្វើឲ្យក្លឹបធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ជាប់គាំងនៅលីគទាបបំផុត។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនបានរារាំងពួកគេពីការផ្លាស់ប្តូរផ្សេងៗ ដើម្បីសម្រេចបាននូវមហិច្ឆតានៃការលេងនៅលីគកំពូលអង់គ្លេសនោះទេ។ នាយកប្រតិបត្តិ Luton Town លោក Gary Sweet បាននិយាយថា ៖«ការចំណាយពេល 5 ឆ្នាំនៅក្នុង Non-League បានផ្តល់ឱ្យយើងនូវមេរៀនដ៏មានតម្លៃនៅក្នុងដំណើរការនៃការអភិវឌ្ឍមូលដ្ឋានគ្រឹះ និងស្ថេរភាពដែលបន្តផ្តល់ផលប្រយោជន៍ដល់ក្លឹបរហូតមកដល់សព្វថ្ងៃនេះ»។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ Luton Town នឹងស្ថិតក្នុងការចាប់អារម្មណ៍នៅរដូវកាលក្រោយ ដោយសារតែក្លឹបយក្សមួយចំនួនដូចជា Manchester United, City, Liverpool និង Arsenal នឹងមានឱកាសទទួលបានបទពិសោធន៍លេងនៅកីឡដ្ឋាន Kenilworth Road។
កីឡដ្ឋានដ៏ពិសេសនេះហ៊ុំព័ទ្ធដោយតំបន់លំនៅដ្ឋានប្រជាពលរដ្ឋ ហើយមានសមត្ថភាពផ្ទុកត្រឹមតែ 10,356 កៅអីប៉ុណ្ណោះ។ វាជាកីឡដ្ឋានតូចបំផុតរបស់ English Premier League ដែលមានទីតាំងនៅខាងក្រោយផ្ទះ និងនៅក្រោមបន្ទប់គេង។
ទោះជាយ៉ាងណាក៏ដោយ កីឡដ្ឋាននឹងត្រូវបានកែលម្អដើម្បីបំពេញតាមស្តង់ដារ Premier League របស់អង់គ្លេស ដូចជា កន្លែងឈររបស់សន្តិសុខ កន្លែងប្រព័ន្ធផ្សព្វផ្សាយ បន្ថែមអំពូលភ្លើង គុណភាព CCTV ជាដើម។