ព័ត៌មានកីឡាអន្តរជាតិ
លោក Ralf Rangnick ដែលជាអ្នកចាត់ការទូទៅក្លិប Manchester United បានបញ្ជាក់ថា កីឡាកររបស់ខ្លួន៦រូបនឹងខកខានជួយក្រុមក្នុងការប្រកួតរាត្រីនេះ។
Man Utd នឹងត្រូវបើកទ្វារកីឡដ្ឋាន Old Trafford របស់ខ្លួនដើម្បីប្រកួតទល់គ្នានឹង Chelsea ក្នុងក្របខណ្ឌ Premier League ខណៈ កាលពីជើងទី១ ក្រុមទាំងពីរស្មើគ្នា ១ទល់នឹង១។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតនេះ Man Utd នឹងត្រូវអវត្តមានកីឡាករសំខាន់ៗដល់ទៅបួនរូបដែលមានដូចជា Harry Maguire, Jason Sancho Fred, Luke Shaw, Paul Pogba និង Edinson Cavani ដែលអ្នកទាំងបួនសុទ្ធដែលមានបញ្ហារបួស៕
កីឡាករ Mohamed Salah ដែលជាខ្សែប្រយុទ្ធក្លិប Liverpool ជឿជាក់ថា រូបគេជាកីឡាករដែលល្អជាងគេនៅលើលោក។
នៅក្នុងរដូវកាលនេះ កីឡាករសញ្ជាតិអេហ្សីបខាងលើ ពិតជាបានបង្ហាញទម្រង់លេងល្អមែនទែនដោយក្នុងចំណោមការបង្ហាញខ្លួន ៤៣ប្រកួត គេអាចរកគ្រាប់បាល់បាន៣០គ្រាប់ បញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ១៣ដង ផងដែរ។
Salah បាននិយាយថា៖«ចំពោះការគិតរបស់ខ្ញុំ ខ្ញុំតែងតែនិយាយថា ខ្ញុំជាកីឡាករដែលល្អជាងគេនៅលើលោក។ ខ្ញុំនឹងមិននិយាយថា ខ្ញុំល្អជាងម្នាក់ណាឡើយ ប៉ុន្តែ ខ្ញុំតែងតែជ្រើសរើសខ្លួនឯង ថា ល្អជាងគេ។ ខ្ញុំក៏អាចនឹងឈ្នះ Ballon d’Or ឆ្នាំនេះប្រសិនបើខ្ញុំអាចជួយក្រុមឈ្នះពាន Premier League និង Champions League»។
ក្នុងគេហទំព័រ FFT កីឡាករអេហ្ស៊ីបន្តថា៖ “ពិតណាស់វាមានន័យច្រើន វាមានន័យច្រើនក្នុងការឈ្នះវា។ គោលបំណងមួយក្នុងជីវិតរបស់ខ្ញុំគឺផ្លាស់ប្តូរប្រជាជន ជាពិសេសនៅក្នុងប្រទេសរបស់ខ្ញុំ ដែលជាប្រទេសអារ៉ាប់ ដែលពួកគេអាចសម្រេចបាននូវអ្វីដែលពួកគេចង់សម្រេចបាន។ របស់ទាំងនោះធ្វើឱ្យពួកគេមានជំនឿលើខ្លួនឯងបន្ថែមទៀតថាពួកគេអាចធ្វើអ្វីដែលពួកគេចង់បាន»៕
អ្នកចាំទី Kawin Thamsatchanan គឺជាកីឡាករថៃម្នាក់ក្នុងចំណោមកីឡាករថៃលើសអាយុទាំងបីនាក់ ដែលនឹងចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ហើយគាត់នឹងពាក់ស្លាកដៃប្រធានក្រុមក្នុងការប្រកួតនេះ។
អ្នកចាត់ការទូទៅជម្រើសជាតិថៃអ្នកស្រី Madam Pang បញ្ជាក់ថា អ្នកចាំទី Kawin Thamsachanan (អាយុ ៣២ឆ្នាំ) នឹងចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ហើយកីឡាករលើសអាយុរបស់ U23 ថៃ ២រូបទៀតនៅមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។
ខណៈកំពុងផ្សាយផ្ទាល់តាម facebook កាលពីម្សិលមិញ (២៦ មេសា) Madam Pang ត្រូវបានអ្នកគាំទ្រថៃសួរអំពីបញ្ជីឈ្មោះកីឡាករទាំង២០រូបដែលចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ហើយអ្នកចាត់ការរូបនេះបានចែករំលែកថា៖
«Kawin Thamsachanan គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករបីនាក់ដែលលើសអាយុ ទៅចូលរួមស៊ីហ្គេមលើកទី៣១ ពីរនាក់ទៀតនឹងប្រកាសនៅពេលក្រោយ។ Kawin នឹងពាក់អាវប្រធានក្រុម ព្រោះលើកចុងក្រោយដែលគាត់កាន់តួនាទីនោះ U23 ថៃឈ្នះមេដាយមាស»។
Kawin Thamsatchanan កំពុងលេងឱ្យក្រុមលីគថៃ Port FC ក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្លឹប OH Leuven (បែលហ្សិក)។ Kawin ជាអ្នកចាំទីលេខមួយរបស់ថៃអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ គាត់និងជម្រើសជាតិថៃឈ្នះជើងឯក AFF Cup 3 ដង (2014, 2016 និង 2020)។ លើសពីនេះ អ្នកចាំទី Kawin ក៏បានឈ្នះមេដាយមាស SEA Games លើកទី២៧ ជាមួយ U23 ថៃផងដែរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Kawin បានបាត់បង់តំណែងផ្លូវការក្នុងក្រុមថៃដោយសារបញ្ហារបួស និងទម្រង់លេងធ្លាក់ចុះ។ ក្នុងពាន AFF Cup 2020 គាត់លេងបានតែ១ដងគត់នៅលើទីលាន ក្រោយចូលពីកៅអីបម្រុង។ ថ្មីៗនេះ Kawin ក៏រងការរិះគន់ផងដែរចំពោះកំហុសដែលនាំអោយមានគ្រាប់បាល់ចូលទីខ្លួនឯងក្នុងការប្រកួតរវាង Port និង Ratchaburi (ថ្ងៃទី 9 ខែមេសា)។
ក្នុងបញ្ជីឈ្មោះ ៥០នាក់ ដែលត្រូវបានកោះហៅជាបឋមឱ្យទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ របស់ U23 ថៃ មានកីឡាករលើសអាយុផ្សេងទៀត រួមមាន Sarach Yooyen, Worachit Kanitsribampen, Phitiwat Sukjitthammakul និង Weerathep Pomphan ។ ក្នុងនោះ Weerathep (អាយុ 25 ឆ្នាំ) និង Worachit (អាយុ 24 ឆ្នាំ) ត្រូវបានគេរំពឹងថានឹងឈ្នះកៅអីលើសចំនួន 2 ដែលនៅសល់។
ក្រៅពីនេះកីឡាករថៃ៣រូបដែលទៅលេងនៅបរទេសគឺ Jonathan Khemdee, Ben Davis និង Chayapipat Supunpasuch កំពុងធ្វើដំណើរទៅផ្ទះដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១។
នៅស៊ីហ្គេមលើកទី៣១ ថៃ U23 ស្ថិតក្នុងពូលជាមួយម៉ាឡេស៊ី កម្ពុជា សិង្ហបុរី និងឡាវ។ U23 ថៃត្រូវបានគេរំពឹងថានឹងចេញដំណើរទៅវៀតណាមនៅថ្ងៃទី ៤ ខែឧសភា។ ពួកគេនឹងហោះហើរទៅកាន់ទីក្រុងហាណូយ បន្ទាប់មកធ្វើដំណើរទៅកាន់ទីក្រុង Nam Dinh ដើម្បីត្រៀមប្រកួតបើកឆាកជាមួយក្រុម U23 ម៉ាឡេស៊ី (ថ្ងៃទី ៧ ឧសភា)៕
ព័ត៌មានកីឡាជាតិ
កីឡាករ សៀង ចន្ធា ដែលជាសមាជិកក្នុងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ បានរៀបរាប់អំពីការត្រៀមខ្លួនរបស់ក្រុមសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនាប្រទេសវៀតណាមខែក្រោយនេះ។
កម្ពុជា ស្ថិតនៅក្នុងពូល B ជាមួយក្រុមជម្រើសជាតិថៃ, ម៉ាឡេស៊ី, សិង្ហបុរី និង ឡាវ ដែលសុទ្ធសឹងតែជាក្រុមខ្លាំងនៅក្នុងតំបន់ ខណៈ កម្ពុជា នឹងបើកឆាក ប៉ះ ឡាវនៅថ្ងៃទី ៩ ខែឧសភាខាងមុខ។
ថ្លែងប្រាប់ Cambodia 2023 ចន្ធា បាននិយាយថា៖«សម្រាប់ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត ដែលយើងបានទៅចូលរួមការប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម ជាលើកទី២ របស់ខ្ញុំ។ ខ្ញុំរំពឹងថា ពួកយើងនឹងធ្វើឲ្យបានល្អសម្រាប់ស៊ីហ្គេមលើកហ្នឹង ហើយសម្រាប់បទពិសោធវិញ យើងនឹងយកបទពិសោធទាំងអស់ នៅក្នុងលីគដែលយើងលេង ទាំងប្រកួតក្រៅស្រុក នឹងយកមកបញ្ចេញនៅស៊ីហ្គេមនេះឲ្យបានល្អដើម្បីជួយជម្រើសជាតិយើង ហើយដើម្បីប្រជាជនកម្ពុជាយើងដែរ»៕
ក្នុងការទទួលបានការកោះហៅចូលក្រុមជម្រើសជាតិលើកដំបូងក្នុងអាជីព អ្នកចាំទីវ័យក្មេង នុន ណាត របស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរបានបង្ហាញក្ដីរំភើបជាខ្លាំងក្នុងការទទួលបានការកោះហៅពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រាប់បញ្ជីបឋម ២៦នាក់នៃក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសវៀតណាម។
ជុំវិញការទទួលបានឱកាសលើកដំបូងនេះ អ្នកចាំទីវ័យ២១ឆ្នាំ បាននិយាយប្រាប់ទំព័រ B8SPORT ថា៖«ខ្ងុំរំភើបជាខ្លាំង ក្នុងការកោះហៅចូលក្រុមជម្រើសជាតិ ព្រោះវាជាក្ដីស្រម៉ៃរបស់ខ្ញុំ។ ហើយខ្ញុំប្ដេជ្ញាចិត្ត ក្នុងការប្រឹងប្រែងហ្វឹកហាត់ឲ្យកាន់តែខ្លាំង ដើម្បីប្រជែងឱកាសក្នុងបញ្ជីឈ្មោះកីឡាករចុងក្រោយទៅស៊ីហ្គេម និងដើម្បីក្លិប ក៏ដូចអ្នកគាំទ្រសៀមរាបផងដែរ។ ខ្ញុំពិតជារំភើប និងមិននឹកស្មានដល់ដែលមានឱកាសលេងជាអ្នកចាំទីដៃទី១ នៅ៧ប្រកួតដំបូងក្នុងលីគសម្រាប់ក្រុម និងទទួលបានឱកាសចូលការប្រមូលផ្ដុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអាយុ២៣ឆ្នាំ ហើយខ្ញុំនឹងប្ដេជ្ញាចិត្តឲ្យអស់ពីសមត្ថភាពក្នុងការហ្វឹកហាត់ ដែលពីមុនខ្ញុំខំប្រឹងមក នឹងព្យាយាមឲ្យកាន់តែខ្លាំងជាងមុនបន្ថែមទៀត ដើម្បីឱកាសទាំងក្នុងក្លិប និងជម្រើសជាតិចង់បាន»៕
អ្នកចាំទីមានកម្ពស់ ១.៨០សង់ទីម៉ែត្ររូបនេះ ទទួលបានឱកាសបង្ហាញខ្លួន១១នាក់ដំបូង គ្រប់ប្រកួតសម្រាប់អង្គរថាយហ្គឺរជាមួយសមត្ថភាពគួរឲ្យកត់សម្គាល់ ក្រោមការដឹកនាំរបស់លោក Alistair Heath ៧សប្ដាហ៍ដំបូងនៃក្របខណ្ឌ Cambodian Premier League រដូវកាលនេះ៕
រូបភាព៖ ATK
ខ្សែប្រយុទ្ធ Karim Benzema បានបកស្រាយពីហេតុផលដែលគេសម្រេចចិត្តទាត់បាល់ប៉េណាល់ទី ដោយប្រើស្ទីលបន្តក់បាល់ (Panenka) ទល់នឹង អ្នកចាំទី Ederson កាលពីយប់មិញ។
កាលពីយប់មិញនេះ Benzema បានរកគ្រាប់បាល់បញ្ចូលពីរគ្រាប់ម្នាក់ឯង ប៉ុន្តែវាមិនគ្រប់គ្រាន់ក្នុងការជួយក្រុមស្វែងរកលទ្ធផលល្អបានឡើយ ដោយ Real Madrid បានចាញ់ Man City ក្នុងលទ្ធផល ៤ទល់នឹង៣ នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ ក្របខណ្ឌ Champions League។
ទាក់ទងនឹងការទាត់បាល់ប៉េណាល់ទី Benzema បាននិយាយថា៖«ខ្ញុំតែងតែមានវានៅក្នុងក្បាលរបស់ខ្ញុំថា ប្រសិនបើអ្នកមិនទទួលការទាត់បាល់ប៉េណាល់ទីទេ នោះ អ្នកនឹងមិនដែលខកខានការទាត់បាល់ពិន័យនេះឡើយ។ នេះគឺជាទំនុកចិត្តលើខ្លួនឯង។ ដូច្នេះខ្ញុំក៏ធ្វើវា ហើយ វាទទួលបានជោគជ័យ»៕
ក្រុមហ៊ុន Cambodian Premier League បានចេញលិខិតស្តីពីការអនុញ្ញាតឱ្យទស្សនិកជន ចូលរួមទស្សនាការប្រកួតចំនួន១០០%នៅក្នុងកីឡដ្ឋានផ្ទាល់ និងមិនមានការ តម្រូវឱ្យធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ លើមន្ត្រី និងកីឡាករ សម្រាប់ការប្រកួតដែលរៀបចំដោយក្រុមហ៊ុនខេមបូឌានពីមៀរលីគ។
លិខិតនេះចេញនៅថ្ងៃ២៧ខែមេសាឆ្នាំ២០២២ដោយលោក SATOSHI SAITO នាយកប្រតិបត្តិលីគកំពូលកម្ពុជា ហើយសេចក្ដីលម្អិតមានដូចខាងក្រោម៖
តារាវ័យក្មេងពីររូបរបស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី Egy Maulana Vikri និង Witan Sulaeman បានសម្រេចចិត្តចាកចេញពីក្លឹប Slovakian FK Senica ដោយសារតែក្លឹបមិនបានបើកប្រាក់ខែ។
ព័ត៌មាននេះត្រូវបានចែករំលែកដោយ Asean Football ដែលក្រៅពី Egy និង Witan មានកីឡាករយ៉ាងហោចណាស់ប្រាំបីនាក់ទៀត និងគ្រូបង្វឹកក្រុមដែលបដិសេធមិនបន្តបម្រើជាមួយក្លឹបដោយសារតែមិនមានប្រាក់ខែ។
FK Senica មានពាក្យចចាមអារ៉ាមថាកំពុងប្រឈមនឹងបំណុលចំនួន 1 លានអឺរ៉ូដែលបណ្តាលឱ្យពួកគេមិនអាចបើកប្រាក់ខែរបស់កីឡាករនិងបុគ្គលិកគ្រូបង្វឹកបាន។ ដោយគ្មានកីឡាករសំខាន់ក្នុងក្រុម Senica បានចាញ់ក្នុងបីប្រកួតចុងក្រោយទៅលើក្រុម Lipstovsky Mikulas, Spartak Trnava, និង Zemplin Michalovche ។
Egy និង Witan បានធ្វើកូដកម្មបដិសេធមិនចូលលេងឱ្យក្លិបតទល់និងក្រុមជា Mikulas និង Michalovche តែគ្មានជម្រើសរូបគេនៅតែលេងដដែល។ ពេលប៉ះក្រុម Trnava កីឡាករទាំងពីរមិនបានចូលលេងទេ។
ប្រធានក្រុម Senica កីឡាករ Juraj Prioska បង្ហើបថា អ្នកគ្រប់គ្រងមិនខ្វល់ពីបញ្ហាជំពាក់ប្រាក់បៀវត្សរ៍ ដែលបណ្ដាលឱ្យកីឡាករមួយចំនួនធ្វើកូដកម្ម និងបដិសេធមិនចូលលេងឱ្យក្រុម។
“អ្នកគ្រប់គ្រងមិនបានធ្វើតាមសំណើរបស់យើងទេ។ ដូច្នេះយើងជ្រើសរើសយកការចាកចេញពីក្លិបនិងមិនលេងឱ្យ។ យើងនឹងឃើញមានអ្វីកើតឡើងនៅពេលក្រោយ។ ពួកគេមានអាថ៌កំបាំងជាច្រើនជាមួយយើង”។
គាត់បាននិយាយថា៖ “ពិតណាស់ពួកគេមិនចង់ឱ្យកីឡាករចាកចេញពីក្រុមទេ។ ប៉ុន្តែពួកគេចង់ឱ្យយើងលេងដោយឥតគិតថ្លៃ។ នោះមិនមែនជាដំណោះស្រាយចំពោះបញ្ហានេះទេ” ។
Egy Maulana និង Witan Sulaeman ស្ទើរតែនឹងធ្វើចំណាកស្រុកទៅក្រុមផ្សេងទៀត បន្ទាប់ពីឆ្លងកាត់ស្បៃអន្ធការជាមួយ FK Senica ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់ថា កីឡាករទាំងពីរនឹងបន្តលេងនៅអឺរ៉ុប ឬត្រឡប់ទៅលេងក្នុងតំបន់អាស៊ីដូចមុននោះទេ។
ក្លិបនៅជប៉ុន និងលីគកូរ៉េ ត្រូវបានគេមើលឃើញថាជាដំណាក់កាលសមរម្យសម្រាប់កីឡាករទាំងពីរ ដោយសារពួកគេមានគុណភាពគ្រប់គ្រាន់ឱ្យអ្នកទាំងពីរក្នុងការប្រកួតប្រជែង បន្ទាប់ពីលេងនៅអឺរ៉ុបយូរខែមកហើយដែរនោះ។ Egy និង Witan ស្ថិតក្នុងបញ្ជីកីឡាករឥណ្ឌូណេស៊ីដែលនឹងចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
លោក Felix Dalmas ដែលជាអតីតគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញអំពីការយល់ឃើញចំពោះបញ្ជីឈ្មោះក្រុមកម្ពុជាក្នុងព្រឹត្តិការណ៍ Sea Games ខាងមុខនេះ។
កម្ពុជា ស្ថិតនៅក្នុងពូល B ជាមួយក្រុមជម្រើសជាតិថៃ, ម៉ាឡេស៊ី, សិង្ហបុរី និង ឡាវ ដែលសុទ្ធសឹងតែជាក្រុមខ្លាំងនៅក្នុងតំបន់ ខណៈកាលពីឆ្នាំ២០១៩ ពេលដែលលោក Felix ដឹកនាំ ក្រុមកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៤។
ថ្លែងប្រាប់ Cambodia 2023 លោក Felix បាននិយាយថា៖
«ទាំងនេះគឺជាការសម្រេចចិត្តរបស់គ្រូបង្វឹក។ ពួកគាត់ជាអ្នកដែលបានតាមដាន និងធ្វើការជាមួយកីឡាករនាពេលបច្ចុប្បន្ននេះ។ ជាអកុសល ខ្ញុំមិនបានធ្វើការជាមួយក្រុមអស់រយៈពេលមួយឆ្នាំកន្លងមក។ ដូច្នេះ ខ្ញុំមិនដឹងព័ត៌មានលម្អិតទាំងអស់អំពីអ្វីដែលកំពុងកើតឡើងនៅពេលនេះទេ។ ខ្ញុំគិតថា វាជាដំណើរការដ៏វែងមួយ។ យើងធ្លាប់បានខិតខំយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍ និងរៀបចំកីឡាករ រួមទាំងបុគ្គលិកទាំងអស់ជាមួយនឹងមូលដ្ឋានគ្រឹះ និងវិធីនានា ដើម្បីភាពរីកចម្រើន។ ការប្រកួត ដូចជាស៊ីហ្គេមនេះ គឺជា ការសាកល្បងដ៏អស្ចារ្យ ដើម្បីបង្ហាញថា តើកីឡាករកំពុងនៅកន្លែងណា ក្នុងដំណើរការនោះ។ អ្នកដែលខ្ញុំបានធ្វើការជាមួយផ្ទាល់ គឺជាក្មេងដែលពូកែ មានការផ្ដោតអារម្មណ៍បានល្អ ហើយពួកគេចង់ធ្វើឲ្យបានល្អសម្រាប់កម្ពុជា។ ជាមួយគ្នាផងដែរ លើកនេះ បុគ្គលិក និងកីឡាករទាំងអស់ កំពុងប្រឹងប្រែងធ្វើឲ្យប្រជាជនកម្ពុជា សប្បាយចិត្ត ។ ដូច្នេះសូមគាំទ្រពួកគេ»៕