ព័ត៌មានកីឡាអន្តរជាតិ
Karim Benzema បានដាក់ពាក្យប្តឹងលោក Gerald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងពីបទបរិហារកេរ្តិ៍ បន្ទាប់ពីរដ្ឋមន្ត្រីរូបនេះបានចោទប្រកាន់គាត់ពីបទមានទំនាក់ទំនងជាមួយអង្គការភេរវករ។
លោកGerald Darmanin បានអះអាងថា Benzema មានទំនាក់ទំនងជាមួយភាតរភាពមូស្លីម(Muslim brotherhood) បន្ទាប់ពីកីឡាករបារាំងបានរិះគន់អំពី ការទម្លាក់គ្រាប់បែកអយុត្តិធម៌របស់អ៊ីស្រាអ៊ែលនៅតំបន់ហ្គាហ្សាកាលពីខែតុលា។
ជាការឆ្លើយតបទៅនឹងការចោទប្រកាន់នេះ កីឡាករវ័យ៣៦ឆ្នាំបានដាក់ពាក្យប្តឹងលោក Darmanin ពីបទកេងប្រវ័ញ្ចនយោបាយ។នេះបើយោងតាមមេធាវីរបស់ Benzema លោក Hugues Vigier ។
នៅក្នុងពាក្យបណ្តឹងរបស់គាត់ដែលត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងប្រទេសបារាំង Benzema បានបដិសេធការភ្ជាប់ទំនាក់ទំនងណាមួយទៅកាន់អង្គការខាងលើនេះ។លោកបន្ថែមថា៖ខ្ញុំដឹងថា ខ្ញុំត្រូវគេប្រើក្នុងល្បែងនយោបាយដែលជារឿងអាស្រូវនៅក្នុ្ងងព្រឹត្តិការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលតាំងពីថ្ងៃទី ៧ តុលា។
ជុំវិញនឹងការប្តឹងនេះលោកDarmanin មិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ។កាលពីខែតុលា លោក Darmanin បានប្រាប់សារព័ត៌មានបារាំង RMC ថា ខ្ញុំនឹងមិនដកការចោទប្រកាន់របស់ខ្ញុំទេ លុះត្រាតែបុរសអាយុ៣៥ ឆ្នាំរូបនេះនិយាយអំពីការស្លាប់របស់លោក Dominique Bernard ដែលជាសាស្រ្តាចារ្យត្រូវបានសម្លាប់ដោយភេរវករ Chechen កាលពីដើមខែតុលានៅក្នុងទីក្រុង Arras ។
ហេតុផលរបស់គាត់សម្រាប់ការចោទប្រកាន់ Benzema មានទំនាក់ទំនងជាមួយអង្គការភេរវករ លោកDarmanin បានចង្អុលបង្ហាញថាកីឡាកររូបនេះបាននៅស្ងៀមអំពីកុមារដែលត្រូវបានសម្លាប់និង ការសម្លាប់រង្គាលដោយ ភេរវករអ៊ីស្លាម។
លោកបន្តថា Benzema គឺជាកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់ ដែលមានមនុស្សរាប់លាននាក់គាំទ្រ។ ខ្ញុំបានកត់សម្គាល់ឃើញថា គាត់នៅតែមិនទាន់បានបង្ហោះសារអំពីការសម្លាប់សាស្ត្រាចារ្យនៅ Arras នោះទេ។ គាត់ក៏មិនបាននិយាយ អំពីទារកដែលត្រូវបានកាត់ក្បាល ស្ត្រីដែលត្រូវបានចាប់រំលោភ និងការសម្លាប់រង្គាលចំនួន ១៣០០នាក់ដោយពួកភេរវករអ៊ីស្លាមនៅក្នុងប្រទេសអ៊ីស្រាអែល។ទាំងអស់នេះហើយដែលធ្វើអោយខ្ញុំចោទប្រកាន់គាត់។
ភាតរភាពមូស្លីមត្រូវបានចាត់ថ្នាក់ជាអង្គការភេរវករផ្លូវការនៅឆ្នាំ ២០២១បន្ទាប់ពីប្រទេសអូទ្រីសបានហាមឃាត់ក្រុមនេះនៅក្រោមច្បាប់ប្រឆាំងភេរវកម្មថ្មីដែលត្រូវបានអនុម័តដោយសភារបស់ខ្លួននៅក្នុងខែកក្កដា។
វាក៏ត្រូវបានចាត់ទុកថាជាអង្គការភេរវករនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលខ្សែប្រយុទ្ធBenzemaលេងឱ្យ Al Ittihad រួមជាមួយនឹងប្រទេសចំនួនប្រាំមួយផ្សេងទៀត ដែលមានរាប់បញ្ចូលប្រទេសអូទ្រីសផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមភាតរភាពមូស្លីម មិនត្រូវបានទទួលស្គាល់ថាជាក្រុមភេរវករនៅក្នុងប្រទេសបារាំងនោះទេ៕
យោងតាមរបាយការណ៍មួយដែលគេហទំព័រ 90MIN.COM ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃពុធទី ១៦ បានឱ្យដឹងថា ផែនការផ្ទេរកីឡាកររបស់ លោក Jim Ratcliffe ដែលជាម្ចាស់ភាគហ៊ុន ២៥ភាគរយ ចង់ឲ្យបិសាចក្រហម Manchester United នាំយកខ្សែប្រយុទ្ធរូបណា ដែលមានកម្រិតប្រហាក់ប្រហែលនឹងកីឡាករ Harry Kane ដែលបច្ចុប្បន្នកំពុងលេងអោយក្លឹបBayern។
ខ្សែប្រយុទ្ធថ្មីណាមួយ ត្រូវបានគេរំពឹងថានឹងដាក់ឲ្យលេងជាមួយកីឡាករ Rasmus Hojlund ដែលមានតម្លៃ ៩០លានដុល្លារ ហើយបានស៊ុតបញ្ចូលទីគ្រាប់ទីពីររបស់គាត់ក្នុងក្របខណ្ឌ Premier League ក្នុងលទ្ធផលស្មើ២-២ជាមួយនឹងក្រុម Tottenham ។
លោកRatcliffe បានយល់ព្រមទិញភាគហ៊ុនក្លឹប United ២៥ភាគរយស្មើនឹងទឹកប្រាក់ជាង១ពាន់លានដុល្លារ ប៉ុន្តែនៅតែរង់ចាំការផ្តល់សច្ចាប័នពី Premier League មុនពេលចូលជាធរមាន។ លោកបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្ញុំរំពឹងថាការចូលជាធរមាននឹងកើតឡើងនៅពេលណាមួយនៅក្នុងខែកុម្ភៈ។
ក្នុងរយៈពេលវែងបិសាចក្រហមហាក់ដូចជាកំពុងពង្រឹងយុទ្ធសាស្ត្ររបស់ពួកគេ។ កាសែត The Evening Standard រាយការណ៍ពីតម្រូវការអាទិភាពទីមួយ គឺខ្សែប្រយុទ្ធកណ្តាលថ្មី ដែលមានកម្រិតស្រដៀងនឹង Kane ខណៈពេលដែលពួកគេក៏ចង់នាំយកខ្សែបម្រើថ្មី ខ្សែការពារស្តាំ និងខ្សែការពារកណ្តាលផងដែរ។ Kane ត្រូវបានគេភ្ជាប់ជាមួយនឹងការផ្ទេរទៅ United កាលពីរដូវក្ដៅមុន មុនពេលគាត់ចុះហត្ថលេខាជាមួយ Bayern ៕
ក្នុងចំណោមបេក្ខជនសម្រាំងបីរូបចុងក្រោយសម្រាប់ពានរង្វាន់កីឡាករឆ្នើម២០២៣របស់ FIFA (FIFA Best Men’s Player Award ) មានតែកីឡាករ Kylian Mbappe ម្នាក់ប៉ុណ្ណោះដែលមានវត្តមានផ្ទាល់ក្នុងការត្រៀមទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពប្រសិនបើគាត់ឈ្នះខណៈកីឡាករ Lionel Messi, Erling Haaland ជ្រើសរើសយកការមិនចូលរួមដោយផ្ទាល់ទេ។
តើមូលហេតុអ្វីបានជាកីឡាករទាំងពីរនេះមិនចូលរូម?
ខ្សែប្រយុទ្ធន័រវេសត្រូវបានគេចាត់ទុកថាជាគូប្រជែងដ៏ខ្លាំងសម្រាប់ពានរង្វាន់នៅឆ្នាំនេះ ដោយសារតែគាត់ស៊ុតបញ្ចូលទីបាន ២៨ គ្រាប់និងបានជួយ Manchester City លើកពានចំនួន៣ក្នុងអំឡុងពេលជ្រើសរើសសម្រាប់ពាននេះ។ ទោះបីជាគាត់មានភាគរយខ្ពស់ឈ្នះពាននេះក៏ដោយ ក៏គាត់មិនបានមកចូលរួមទេ។
យោងតាមរបាយការណ៍ថ្មីៗពីទូរទស្សន៍ El Chiringuito TV បានឲ្យដឹងថាប្រសិនបើ Erling Haaland ឈ្នះពាន ឪពុករបស់គាត់ និងជាអតីតកីឡាករបាល់ទាត់អាជីព នឹងទទួលយកពានរង្វាន់ជំនួសកូនប្រុសរបស់គាត់នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ដ៏មានតម្លៃនេះ។ Haaland មិនបានបង្ហាញពីហេតុផលនៅពីក្រោយការសម្រេចចិត្តរបស់គាត់ទេក៏ប៉ុន្តែរបួសកជើងដែលធ្វើឲ្យគាត់អវត្តមានអស់រយៈពេលជាងមួយខែនោះអាចជាមូលហេតុចម្បង។
Erling Haaland ត្រូវបានគេរំពឹងថានឹងត្រលប់មកចូលទីលានប្រកួតវិញកាលពីថ្ងៃសៅរ៍សប្តាហ៍មុនប្រកួតទល់នឹង Newcastle ។ យ៉ាងណាក៏ដោយលោក Pep Guardiolaគ្រូបង្វឹកក្លឹប Manchester City សម្រេចចិត្តមិនដាក់ចូលទេដោយយល់ឃើញថាខ្សែប្រយុទ្ធរូបនេះនៅមិនទាន់នៅមិនទាន់ជាសះស្បើយពេញលេញនៅឡើយទេ។
ចុះMessi វិញ?
យោងតាមលោកGuillem Balague អ្នកកាសែតអេស្ប៉ាញបានបង្ហោះនៅលើបណ្តាញសង្គមថា Lionel Messi មិនបានចូលរួមក្នុងពិធីប្រគល់ពានរង្វាន់កីឡាករល្អបំផុតរបស់ FIFA នៅទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទ ដោយសារតែលោកកំពុងរវល់ចូលរួមហ្វឹកហាត់ជាមួយ Inter Miamiនៅទឹកដីអាមេរិក ។
កីឡាករវ័យ ៣៦ ឆ្នាំបានសម្រេចចិត្តមិនធ្វើដំណើរមកទទួលពានរង្វាន់ដោយសារតែពាក់ព័ន្ធទៅនឹងរយៈចម្ងាយនៃការធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍នឹងធ្វើឱ្យលោកខកខានការហ្វឹកហាត់ជិតមួយសប្តាហ៍មុនបើករដូវកាលថ្មី។
ប្រភពខាងលើដដែលបានបន្តថាMessi បានចាប់ផ្តើមហ្វឹកហាត់សម្រាប់ក្លឹប Inter Miami ហើយការធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍មានន័យថាគាត់ត្រូវខាតបង់ពេលវេលា៣-៤ ថ្ងៃ។
Messiត្រូវតែសម្របតាមប្រតិទិនបាល់ទាត់ថ្មីរបស់គាត់។ គាត់មានបញ្ហារាងកាយមួយចំនួនក្នុងឆមាសទីពីរនៃឆ្នាំ២០២៣ ហើយគាត់ចង់ធ្វើការត្រៀមរដូវកាលថ្មីឱ្យបានល្អ៕
ដូចការរំពឹងទុក ទីបំផុតក្របខ័ណ្ឌកំពូលបាល់ទាត់អង់គ្លេសPremier League បានចោទប្រកាន់ក្លឹបEverton និង Nottingham ជាផ្លូវការពីបទបំពានច្បាប់ហិរញ្ញវត្ថុ។ សំណុំរឿងរបស់ក្លឹបទាំងពីរត្រូវបានបញ្ជូនទៅគណៈកម្មការឯករាជ្យមួយសម្រាប់ការរំលោភលើច្បាប់ប្រាក់ចំណេញ និងនិរន្តរភាពនៅក្នុងគណនីរបស់ពួកគេសម្រាប់ឆ្នាំ២០២២-២៣។
ក្រោមបទប្បញ្ញត្តិ Premier League ក្លឹបអាចបាត់បង់ទឹកប្រាក់អតិបរមាប្រហែល ១២៦លានដុល្លារ ក្នុងរយៈពេល ៣រដូវកាល ឬ ៤៤លានដុល្លារក្នុងមួយរដូវកាល មុនពេលប្រឈមនឹងការដាក់ទណ្ឌកម្ម។ ក្លឹបដែលបំពានច្បាប់ទាំងនោះ ប្រឈមនឹងការផាកពិន័យ ឬកាត់ពិន្ទុ។
ក្លឹបដែលបំពានច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាព (PSR) មានន័យថា ប្រសិនបើការគណនារបស់ពួកគេក្នុងរយៈពេលដែលពាក់ព័ន្ធនាំឱ្យមានការខាតបង់លើសពី១៣៣លានដុល្លារ ទោះបីជាកម្រិតនោះត្រូវបានកាត់បន្ថយចំនួនជាង២៧លានដុល្លារសម្រាប់រដូវកាលនីមួយៗ។
បច្ចុប្បន្ន Everton កំពុងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ចេញ ១០ពិន្ទុពីការចោទប្រកាន់ពីមុនដែលក្លឹបនេះខាតបង់ប្រហែងជាង១៥៧លានដុល្លារ។
ក្លឹបNottingham បានរាយការណ៍ពីការខាតបង់ប្រចាំឆ្នាំចំនួនជាង៥៧លានដុល្លារនៅក្នុងគណនីចុងក្រោយរបស់ពួកគេ។ ពួកគេនិយាយថាពួកគេអាចលក់ Johnson ទៅ Brentford ក្នុងខែមិថុនាក្នុងតម្លៃប្រហែល៣៨លានដុល្លារដែលនឹងធ្វើឱ្យពួកគេស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុដែលមានសុខភាពល្អជាងមុនស។
ក្របខ័ណ្ឌ Premier League បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Everton និង Nottinghamបានអះអាងថាពួកគេបំពានលើច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពរបស់លីក។
សេចក្តីថ្លែងការណ៍បានបន្ថែមថា នេះគឺជាលទ្ធផលនៃការបាត់បង់និរន្តរភាពលើសពីកម្រិតដែលបានអនុញ្ញាតសម្រាប់រយៈពេលវាយតម្លៃបញ្ចប់រដូវកាល២០២២-២៣ ។ អនុលោមតាមច្បាប់ Premier League ឥឡូវនេះសំណុំរឿងទាំងពីរត្រូវបានបញ្ជូនទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះដែលនឹងតែងតាំងគណៈកម្មការដាច់ដោយឡែកដើម្បីកំណត់ការដាក់ទណ្ឌកម្មសមស្រប។
ឥឡូវនេះក្លឹបទាំងពីរមានពេល១៤ថ្ងៃដើម្បីបញ្ជូនការឆ្លើយតបជាផ្លូវការរបស់ពួកគេ។នៅក្រោមច្បាប់របស់ Premier League សវនាការត្រូវតែបញ្ចប់ក្នុងរយៈពេល ១២សប្តាហ៍។ សវនាការលើបណ្តឹងឧទ្ធរណ៍ត្រូវតែធ្វើឡើងមុនថ្ងៃទី២៤ឧសភា ឆ្នាំ២០២៤ ហើយបណ្តឹងត្រូវបានដោះស្រាយមុនថ្ងៃទី ១ខែមិថុនា៕ [SKY SPORT]
លោក Alf-Inge Haaland ឪពុករបស់កីឡាករ Erling Haaland មិនអាចលាក់បាំងការមិនសប្បាយចិត្តរបស់គាត់បានទេ ខណៈដែល Lionel Messi ត្រូវបានគេប្រកាសឈ្មោះជាប់ជាកីឡាករល្អបំផុតរបស់ FIFA កាលពីយប់ថ្ងៃអង្គារទី១៥ មករា២០២៤។
លោក Alf-Inge Haaland មានវត្តមាននៅក្នុងពិធីប្រគល់ពានរង្វាន់ហាក់ដូចជាបានត្រៀមខ្លួនរួចហើយសម្រាប់កូនរបស់គាត់ ប៉ុន្តែយោងទៅតាមរូបថតដែលកាំមេរ៉ាចាប់ប្លង់បានគេឃើញលោកមានប្រតិកម្មភ្លាមៗទៅលើMessi ដែលជាអ្នកឈ្នះពាន។ បន្ទាប់មកគាត់បានបញ្ចេញទឹកមុខយ៉ាងម៉ឺងម៉ាត់ ខណៈពេលដែលអ្នកផ្សេងទៀត បានចូលរួមទះដៃទទួលស្គាល់សមិទ្ធផលរបស់ Messi ទោះបីជាកីឡាករអាហ្សង់ទីនរូបនេះមិនបានចូលរួមក្នុងការទទួលពានរង្វាន់ក៏ដោយ។ បុរសសញ្ជាតិន័រវេសរូបនេះបានដើរតួយ៉ាងសំខាន់ក្នុងអាជីពកូនប្រុសរបស់គាត់ ហើយបានលើកចិញ្ចើមជាមួយនឹងទឹកមុខងឿងឆ្ងល់បន្ទាប់ពីមិនបានឃើញ Haaland ជាប់ពានរង្វាន់នេះ។
ភ្លាមៗនោះភាពអយុត្តិធម៌របស់គាត់ត្រូវបានដក់ជាប់នៅក្នុងអារម្មណ៍នៅពេលដែលវាត្រូវបានគេបង្ហាញថា Messi និង Haaland មានពិន្ទុសរុប៤៨ស្មើគ្នា។ទោះជាយ៉ាងណាក៏ដោយទីបំផុតគេសម្រេចអោយMessi ឈ្នះដោយផ្អែកទៅលើមាត្រា១២ Five-Points Scores ដែលជាការបោះឆ្នោតចេញពីប្រធានក្រុមជម្រើសជាតិដែលMessi ទទួលបានសំឡេងគាំទ្រ១០៧ ខណៈHaaland ទទួលបាន ៦៤៕
ប្រភព៖ All Football
ខ្សែបម្រើប្រយុទ្ធ Kevin De Bruyne បានវិលត្រលប់មកវិញ ជាមួយនឹងការបញ្ជូនបាល់មួយ និងស៊ុតមួយជួយឲ្យ Manchester City យកឈ្នះ Newcastle ដោយលទ្ធផល ៣-២ ។
ក្រុមជើងឯក PL មួយនេះបានអវត្តមានកីឡាករសញ្ជាតិបែលហ្ស៊ិករអស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែរូបគេបានចូលទីលានប្រកួតវិញជាមួយនឹងជ័យជម្នះ ខណៈក្រុមរបស់លោក Pep Guardiola បានកាត់បន្ថយគម្លាតពីក្រុមកំពូលតារាងLiverpool ត្រឹមតែពីរពិន្ទុប៉ុណ្ណោះ។
De Bruyne គឺជាកីឡាករមានឥទ្ធិពល និងប្រកបដោយច្នៃប្រឌិតដ៏សំខាន់របស់ Man City ចាប់តាំងពីគាត់បានមកដល់ Etihad ក្នុងឆ្នាំ 2015 ហើយឥឡូវនេះបានបញ្ជូនបាល់ (assists)ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន103 ដងនៅក្នុង Premier League តាមទាន់កំណត់ត្រារបស់ Wayne Rooney បើទោះជាចំនួនប្រកួតតិចជាងឆ្ងាយក៏ដោយ។
គាត់ជាប់ចំណាត់ថ្នាក់លេខ 3 ក្នុងបញ្ជីកីឡាករដែលបញ្ជូនបាល់បានច្រើនជាងគេក្នុង PL បន្ទាប់ពីកីឡាករ Cesc Fabregas និង Ryan Giggs។
កីឡាករសញ្ជាតិអេស្បាញ Cesc Fabregas នាំមុខ De Bruyne ចំនួន៨ដង ប៉ុន្តែចំនួនសរុបរបស់ Giggs លើសពីបុរសសំខាន់របស់ Man City រូបនេះដល់ទៅ 162 លើក។ ទោះជាយ៉ាងណាក៏ដោយ ការវិលត្រលប់មកវិញរបស់កីឡាករសញ្ជាតិបែលហ្ស៊ិក នៅតែមានឱកាសរកបានបន្ថែមទៀត។
De Bruyne បានប្រាប់ TNT Sports បន្ទាប់ពីការប្រកួតថា៖« ខ្ញុំនឹកការប្រកួតណាស់ប៉ុន្តែបញ្ហារបួសធ្វើអោយខ្ញុំត្រូវការពេលវេលា»។
លោក Guardiola បានសរសើរចំពោះការវិលត្រឡប់មកវិញរបស់ De Bruyne ខណៈដែលក្រុមរបស់លោកកំពុងដេញតាមក្រុមកំពូលតារាង Liverpool ។ លោកបាននិយាយថា៖
«វត្តមានរបស់គាត់គឺសំខាន់ណាស់។ យើងសង្ឃឹមថាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គាត់អាចជួយពួកយើងរហូតដល់ទីបញ្ចប់»៕
កាលបរិច្ឆេទសម្រាប់ការប្រកួតពានរង្វាន់ទ្វីបអាហ្រ្វិក 2025 (AFCON) នៅមិនទាន់សម្រេចចិត្តនៅឡើយ ដោយសារតែវាប៉ះពាល់ដ៏មានសក្តានុពលជាមួយការប្រកួតពានរង្វាន់ថ្មី FIFA Club World Cup ។ នេះបើយោងតាមប្រធានសហព័ន្ធបាល់ទាត់អាហ្វ្រិក (Caf) លោក Patrice Motsepe ថ្លែងប្រាប់BBC កាលពីថ្ងៃអាទិត្យទី១៤ មករា ២០២៤ ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រឆ្នាំ 2021 នៅប្រទេសកាមេរូន និងឆ្នាំ2023 ដែលចាប់ផ្តើមនៅប្រទេសកូតឌីវ័រ កាលពីថ្ងៃសៅរ៍ត្រូវបានផ្លាស់ប្តូរទៅកាលបរិច្ឆេទមកធ្វើនៅក្នុងខែមករា និងកុម្ភៈ។ សហព័ន្ធបាល់ទាត់អាហ្វ្រិកបានធ្វើការប្តេជ្ញាចិត្តកាលពីឆ្នាំ 2017 ដើម្បីត្រលប់ទៅរៀបចំការប្រកួតពាក់កណ្តាលឆ្នាំ ដើម្បីជៀសវាងជម្លោះជាមួយក្លឹបបាល់ទាត់នៅអឺរ៉ុបជុំវិញការអនុញ្ញាតិកីឡាករនៅពាក់កណ្តាលរដូវកាលរបស់ពួកគេ។
ទោះជាយ៉ាងណាក្តី FIFA Club World Cup ដែលបានពង្រីកក្រុមចំនួន 32 គ្រោងនឹងប្រារព្ធឡើងនៅសហរដ្ឋអាមេរិកក្នុងខែមិថុនា និងខែកក្កដា ឆ្នាំ 2025 ដោយកំណត់កាលបរិច្ឆេទប៉ះពាល់ ជាមួយពានរង្វាន់ (AFCON)ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះដោយប្រទេសម៉ារ៉ុក។
លោកMotsepe បាននិយាយថាយើងចង់ឱ្យពានរង្វាន់ទ្វីបអាហ្វ្រិក Africa cup of nations ប្រព្រឹត្តទៅនៅពេលដែលវាអំណោយផល និងងាយស្រួលបំផុតសម្រាប់ការប្រកួត។យើងនៅតែទាក់ទងនឹង FIFA អំពីកាលបរិច្ឆេទនេះ។
ពេលវេលានៃការប្រកួត Afcon កាន់តែមានភាពចម្រូងចម្រាសដោយបានធ្វើឡើងក្នុងរយៈពេល 3 ខែដំបូងនៃឆ្នាំពី 1968 ដល់ 2017 ប៉ុន្តែបន្ទាប់មកបានធ្វើឡើងនៅពាក់កណ្តាលឆ្នាំនៅប្រទេសអេហ្ស៊ីបក្នុងឆ្នាំ 2019។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រឆ្នាំ 2021 នៅប្រទេសកាមេរូន ត្រូវបានកំណត់ពេលនៅដើមឆ្នាំ ដើម្បីបញ្ចៀសរដូវវស្សានៅក្នុងប្រទេស ហើយបន្ទាប់មកត្រូវបានគេដាក់រយៈពេល 12 ខែដល់ឆ្នាំ 2022 ដោយសារតែជំងឺរាតត្បាត Covid-19 ។
ការប្រកួតឆ្នាំ 2023 ត្រូវបានផ្លាស់ប្តូរស្រដៀងគ្នា ដោយសារតែការពិចារណាលើអាកាសធាតុនៅក្នុងប្រទេសកូតឌីវ័រ៕
បន្ទាប់ពីទទួលបានរបាយការណ៍ថ្មីៗដែលអះអាងថា កីឡាករ Benzema គ្រោងនឹងផ្លាស់ទៅលេងនៅទឹកដីអឺរ៉ុបវិញ ជាពិសេសក្លិប Man United នៅពេលខាងមុខនេះ Cristiano Ronaldo បានព្រមាន Karim Benzema កុំទៅធ្វើការជាមួយគ្រូបង្វឹកលោក Erik ten Hag នៅក្នុងខែមករានេះ ។
បិសាចក្រហមចង់ពង្រឹងតំបន់ប្រយុទ្ធក្នុងខែមករានេះ ខណៈខ្សែប្រយុទ្ធរបស់ពួកគេកំពុងតែពិបាកក្នុងការរកគ្រាប់បាល់នៅរដូវកាលនេះ។ យោងតាមសារព័ត៌មានមួយចំនួនបានផ្សាយថា ក្លិប Man Utd កំពុងស្វែងរកកិច្ចព្រមព្រៀងខ្ចីជើងរយៈពេល 6 ខែសម្រាប់ Benzema បន្ទាប់ពីមានវិបត្តិនៅអារ៉ាប៊ីសាអូឌីត។
Benzema បានស៊ុតបញ្ចូលទីបាន 15 គ្រាប់ក្នុងការបង្ហាញខ្លួន 24 លើកសម្រាប់ក្រុម Al Ittihad របស់ Saudi Pro League។ និយាយអំពីគ្រូបង្វឹកសញ្ជាតិហូឡង់កាលពីខែវិច្ឆិកាឆ្នាំ 2022 ខ្សែប្រយុទ្ធRonaldo បានអះអាងថា៖ «ខ្ញុំមិនគោរពលោក Ten Hag ហើយអ្នកចាត់ការរូបនេះបានព្យាយាមបង្ខំខ្ញុំឱ្យចាកចេញនៅរដូវក្តៅ»។
Ronaldo បានបន្តថា៖ «ខ្ញុំមិនមានការគោរពចំពោះគាត់ [Ten Hag] ទេព្រោះគាត់មិនបង្ហាញការគោរពចំពោះខ្ញុំ។ បើអ្នកមិនគោរពខ្ញុំទេ ខ្ញុំនឹងមិនគោរពអ្នកឡើយ»។
កីឡាករអន្តរជាតិព័រទុយហ្គាល់ក៏បានលើកឡើងដែរថា៖« វាគឺជាកំហុសទាំងពីរគឺទាំងក្លិប United និងលោក Ten Hag ដែលបានរុញខ្ញុំឲ្យចាកចេញ។ លើសពីនេះទៀត វាមិនត្រឹមតែអ្នកចាត់ការប៉ុណ្ណោះទេ ប៉ុន្តែក៏មានមនុស្សពីរឬបីនាក់ផ្សេងទៀត ដែលនៅជុំវិញក្លិប(មន្ត្រីប្រតិបត្តិជាន់ខ្ពស់)ក៏ចូលរួមចំណែកដែរ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវគេក្បត់។ ដោយសារតែបទពិសោធន៍ទាំងនេះហើយដែលខ្ញុំមិនចង់ឱ្យកីឡាករខកចិត្តនៅពហុកីឡដ្ឋាន Old Traford»៕
ក្នុងចំណោមកីឡាករល្បីៗ១៧រូប មានតែ Messi ម្នាក់គត់ ដែលទទួលបានងារកំពូលដាច់គេបំផុតដែលគេហៅថាជា The GOAT ។ ពាក្យ GOAT នៅទីនេះមិនមែនបកប្រែថាសត្វពពែទេ តែវាជាងាររបស់កីឡាករ ដែលល្អបំផុតគ្មានពីរលើលោក ទើបទទួលបានឋារន្តស័ក្តិបែបនេះ ក្នុងចំណោមងារទាំង៥។ ងារទាំង៥នោះរួមមាន The Goat, Legends, World Class, Iconic Players, Great players។
តើងារទាំងនោះខុសគ្នាដូចម្តេចហើយកីឡាករណាខ្លះទទួលបាន?
១-ឋារន្តស័ក្តិ Legend មានន័យថាកីឡាករដែលល្បីល្បាញ និងកោតសរសើរយ៉ាងខ្លាំង ជាធម្មតាដោយសារតែសមត្ថភាពរបស់ពួកគេនៅក្នុងចំណុចជាក់លាក់មួយ។ងារនេះបានទៅលើកីឡាករRonaldo,Maradona, Peleនិង Johan Cruyff។
២-ឋារន្តស័ក្តិ World Class មានន័យថាគ្រាន់តែជាកីឡាករល្អម្នាក់ក្នុងចំណោមកីឡាករល្អៗជាច្រើនទៀតហើយងារនេះបានទៅលើកីឡាករ Zidane ,Ronaldinho,Henry, Luis Suarez
៣-ឋារន្តស័ក្តិ iconic មានន័យថាទាកទងទៅនឹងចរិតលក្ខណៈរបស់កីឡាករល្បី ឬកីឡាករដែលតំណាងឱ្យប្រទេសដែលមានសារៈសំខាន់។ងារនេះបានទៅលើកីឡាករAndres Iniestea,Bale,BenzemamaនិងLewandowski
៤-ឋារន្តស័ក្តិ Great Players គឺជាកីឡាករដ៏អស្ចារ្យម្នាក់លេចធ្លោខុសពីអ្នកដទៃ ដោយសារការរួមបញ្ចូលគ្នានៃជំនាញពិសេស ការលះបង់ ការពង្រឹងផ្លូវចិត្ត និងជាញឹកញាប់ការយល់ដឹងយ៉ាងខ្លាំងអំពីហ្គេមដែលពួកគេកំពុងលេង។ ងារនេះបានទៅលើកីឡាករNeymar,Zlatan Ibrahimovic,Franck Ribery និងSalah ។