ព័ត៌មានកីឡាអន្តរជាតិ
ថ្លែងទៅកាន់ MUTV Christian Eriksen បាននិយាយថា៖ “ខ្ញុំមិនដែលគិតថា វានឹងកើតឡើងពិតប្រាកដនោះទេ ប៉ុន្តែជាកីឡាកររបស់ Manchester United វាពិតជាពិសេសណាស់។ ខ្ញុំគិតថាដំណើលើផ្លូវអាជីពបាល់ទាត់របស់ខ្ញុំ មុនពេលឧប្បត្តិហេតុ [គាំងបេះដូង] នៅក្នុង 2020 អឺរ៉ូ ផែនការគឺមិនត្រលប់ទៅចក្រភពអង់គ្លេសវិញទេ”។
“ខ្ញុំគិតថាចង់ផ្ទេរមក Man United កាលពីមុននោះទៅទៀត! ច្បាស់ណាស់ពេលនោះខ្ញុំនៅ Tottenham ហើយបន្ទាប់មកទៅអ៊ីតាលី [លេងឲ្យ Inter Milan] ប៉ុន្តែឥឡូវនេះ ការមកអង្គុយនៅទីនេះគឺជាអ្វីដែលខ្ញុំមិននឹកស្មានដល់។ ប៉ុន្តែខ្ញុំក៏សប្បាយចិត្តដែរដែលខ្ញុំបានមកទីនេះ វាមានអារម្មណ៍ល្អ វាមានអារម្មណ៍ល្អដែលបាននៅទីនេះ។ ខ្ញុំមានន័យថា ខ្ញុំជាបុរសម្នាក់ដែលចង់លេងបាល់ទាត់”។
“ខ្ញុំគិតថាគំនិតរបស់អ្នកចាត់ការទូទៅ [Erik ten Hag] ចូលមកទីនេះ និងគំនិតដែលគាត់មាន និងជាមួយនឹងការសន្ទនារបស់ខ្ញុំជាមួយគាត់ ខ្ញុំអាចមើលឃើញថាខ្លួនខ្ញុំកំពុងលេងបាល់ទាត់នៅទីក្រុង Manchester ហើយនៅពេលជាមួយគ្នានោះ វាពិតជាល្អណាស់។ Man Utd ជាក្លឹបធំមួយទោះបីវាមិនមែនជាក្លឹបធំជាងគេក្នុងពិភពលោក។ ប្រសិនបើអ្នកនិយាយវានៅកន្លែងណា មនុស្សនឹងដឹងថាវាមកពីណា”។
“វាជាអារម្មណ៍ល្អដែលបានក្លាយជាផ្នែកមួយនៃអ្វីដែលធំក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែខ្ញុំចង់មកទីនេះដើម្បីលេងបាល់ទាត់ ខ្ញុំមិនមកទីនេះដើម្បីតែឡូហ្គោខ្លួនឯងនោះទេ។ ដើម្បីនិយាយជាមួយអ្នកចាត់ការ និងពិភាក្សាជាមួយគាត់នៅលើ លក្ខខណ្ឌបាល់ទាត់គឺអស្ចារ្យ និងល្អសម្រាប់ខ្ញុំក្នុងការទទួលបានការសម្រេចចិត្ត និងលទ្ធភាពក្នុងការមកកាន់ Man United”។
Eriksen បានចូលរួមជាមួយ Man United ដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងកិច្ចសន្យារយៈពេល 3 ឆ្នាំនៅដើមរដូវក្តៅនេះ បន្ទាប់ពីកិច្ចសន្យារបស់គាត់នៅ Brentford ផុតកំណត់នៅចុងយុទ្ធនាការ 2021/22 ។
កីឡាករវ័យ 30 ឆ្នាំរូបនេះអាចត្រលប់ទៅលេងបាល់ទាត់វិញ បន្ទាប់ពីមានឧប្បត្តិហេតុបេះដូងដ៏គួរឱ្យភ័យខ្លាចនៅ Euro 2020 កាលពីរដូវក្តៅមុន ដោយបង្ហាញថាគាត់នៅតែអាចលេងនៅកម្រិតកំពូល។
ប្រភព៖ MUTV
CRISTIANO RONALDO កំពុងធ្វើដំណើរត្រលប់មកចក្រភពអង់គ្លេសវិញនៅថ្ងៃនេះ មុនពេលការពិភាក្សារបស់ Manchester United ទាក់ទងនឹងអនាគតរបស់គាត់។
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះមិនបានបង្ហាញខ្លួនសម្រាប់ការហ្វឹកហាត់មុនបើករដូវកាល ហើយបានរំលងដំណើរទេសចរណ៍របស់បិសាចក្រហមនៅប្រទេសថៃ និងអូស្ត្រាលី។
ឥឡូវនេះ Erik ten Hag និងកូនក្រុមត្រលប់ពីអូស្រ្តាលីវិញហើយ Ronaldoក៏ កំពុងត្រលប់ទៅ Manchester ដើម្បីព្យាយាមដោះស្រាយអនាគតរបស់គាត់។យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 37 ឆ្នាំរូបនេះនឹងជួបជាមួយអ្នកចាត់ការថ្មីលោក Ten Hag ទល់មុខនៅប៉ុន្មានថ្ងៃខាងមុខនេះ ទោះបីជាមិនទាន់ច្បាស់ថា Ronaldo នឹងត្រលប់មកហ្វឹកហាត់ជាមួយមិត្តរួមក្រុមឬយ៉ាងណា។
អតីតតារា Real Madrid និង Juventus ចង់ចាកចេញពី Old Trafford ដោយបានជូនដំណឹងដល់ United អំពីចេតនារបស់គាត់នៅដើមរដូវក្តៅនេះ។ទោះជាយ៉ាងណាក៏ដោយ ក្រុមបិសាចក្រហមបានបដិសេធដោយទទូចថា កីលាករលេខ 7 របស់ពួកគេគឺមិនមែនសម្រាប់លក់នៅនោះទេ។
ប្រធានក្លឹបបិសាចក្រហមរីករាយដែល Ronaldo ត្រលប់មកចក្រភពអង់គ្លេសវិញ ហើយចាត់ទុកវាជា “សញ្ញាវិជ្ជមាន”។ តារាឆ្នើមរបស់ United បានឈប់សម្រាកនៅថ្ងៃនេះ ខណៈដែលពួកគេបានហោះហើរពីប្រទេសអូស្ត្រាលី ប៉ុន្តែគ្រោងនឹងត្រលប់មក Carrington វិញនៅថ្ងៃស្អែក(ថ្ងៃនេះ)។
និយាយអំពីស្ថានភាព Ronaldo មកពីអូស្ត្រាលីកាលពីសប្តាហ៍មុន Ten Hag បាននិយាយថា៖ “ខ្ញុំដឹងច្បាស់ហើយ គាត់ក៏មានជម្រើស (មួយឆ្នាំទៀត)។
“បាទ (គាត់អាចនៅលើសពីរដូវកាលនេះ) ប៉ុន្តែនិយាយឱ្យត្រង់ទៅ ខ្ញុំបានចុះហត្ថលេខានៅទីនេះរយៈពេល 3 ឆ្នាំហើយ ប៉ុន្តែនៅក្នុងបាល់ទាត់វាមានរយៈពេលខ្លីផងដែរ។ យើងត្រូវតែឈ្នះតាំងពីដំបូង ដូច្នេះខ្ញុំមិនមើលទៅឆ្ងាយនោះទេ”។
“ខ្ញុំមានយុទ្ធសាស្ត្រ វាជាដំណើរការមួយ វាត្រូវការពេលវេលា ប៉ុន្តែនៅទីបញ្ចប់ យើងត្រូវធ្វើឱ្យប្រាកដថា តាំងពីដើមដំបូងមានក្រុមឈ្នះ”។
Ronaldo ត្រូវបានទាក់ទងជាមួយ Chelsea នៅដើមរដូវក្តៅនេះ ដោយម្ចាស់ក្លឹបតោខៀវថ្មី Todd Boehly បានជួបភ្នាក់ងារ Jorge Mendes ដើម្បីពិភាក្សាអំពីការផ្ទេរដ៏មានសក្តានុពល។ ការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Stamford Bridge ត្រូវបានច្រានចោលជាបន្តបន្ទាប់ ប៉ុន្តែ Thomas Tuchel មិនចាប់អារម្មណ៍ក្នុងការធ្វើការជាមួយម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាលនោះទេ។
Real Madrid ក៏បានដកខ្លួនចេញពីចុះហត្ថលេខាលើអតីតតារារបស់ពួកគេឡើងវិញផងដែរ បើទោះបីជា Ronaldo អាចត្រលប់ទៅរដ្ឋធានីអេស្ប៉ាញវិញជាមួយ Atletico ក៏ដោយ។ Diego Simeone ចង់ធ្វើការជាមួយតារាព័រទុយហ្គាល់ បើទោះបីជា Atleti នឹងត្រូវលក់កីឡាករ ដើម្បីផ្តល់ប្រាក់ឈ្នួលដល់ CR7 ដែលទទួលបាន £480,000 ក្នុងមួយសប្តាហ៍នៅ Man Utdក៏ដោយ។
អ្នកគាំទ្រក្រុម Atletico មួយផ្នែកមិនចង់បាន Ronaldo ទេ ប៉ុន្តែចាប់ផ្តើមយុទ្ធនាការមួយនៅលើបណ្តាញសង្គម ដោយសុំឱ្យក្រុមរបស់ពួកគេជៀសវាងការចុះហត្ថលេខាលើគូប្រជែងចាស់របស់ពួកគេ។
Ronaldo កាលពីរដូវកាលមុនគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅគ្រប់ការប្រកួតទាំងអស់របស់ Manchester United ជាមួយនឹងគ្រាប់ស៊ុតបញ្ចូលទី២៤គ្រាប់កំពុងជំរុញឱ្យចាកចេញពី Old Trafford នៅរដូវក្តៅនេះ។
ចំណែក Martial បាននឹងកំពុងដឹកនាំក្នុងតំបន់ប្រយុទ្ធរបស់បិសាចក្រហមនៅមុនបើករដូវកាល ក្នុងការអវត្តមានរបស់កីឡាករព័រទុយហ្គាល់ ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ក្នុង 4 ប្រកួតក្រោមការដឹកនាំរបស់ Ten Hag ។ ថ្លែងទៅកាន់ 888sport អតីតខ្សែបម្រើស្លាបរបស់ Old Trafford លោក Lee Sharpe បាននិយាយថា៖
«ខ្ញុំដឹងថាអ្វីដែលពិបាកបំផុតក្នុងកីឡាបាល់ទាត់គឺការស៊ុតបាល់បញ្ចូលទី ហើយ Cristiano Ronaldo គឺជាកីឡាករដ៏ល្អបំផុតម្នាក់ដែលគាត់នឹងនាំមកជូនអ្នកនូវការស៊ុតបញ្ចូលទី»។
“ប៉ុន្តែបើគាត់មិននៅលេងក្នុងតំណែងប្រយុទ្ធ តែលេងក្នុងតំណែងផ្សេងពីនេះ នោះជាអ្វីដែលខ្ញុំបារម្ភបំផុត ។ ខ្ញុំគិតថានៅអាយុ 37 ឆ្នាំគាត់មិនអាចលេងតាមេរបៀបដាក់សម្ពាធគូប្រកួតរបស់ Erik ten Hag បាននោះទេ»។
«ហើយខណៈពេលដែលគាត់នៅក្នុងក្រុម គាត់កំពុងរារាំងឱកាសបង្ហាញខ្លួនរបស់ Anthony Martial ឱ្យលេចធ្លោ។ ដូច្នេះ ខ្ញុំនឹងមិនខកចិត្តទេ ប្រសិនបើគាត់ចាកចេញ ហើយខ្ញុំនឹងព្រួយបារម្ភបន្តិច ប្រសិនបើគាត់ស្នាក់នៅ ព្រោះគាត់ខ្លាំងពេក។ នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ គាត់មានឥទ្ធិពល ហើយវាអាចនឹងរារាំងកីឡាករផ្សេងទៀតមិនអាចលេចធ្លោបាន»។
ប្រភព៖ 888sport
Shay Asher អ្នកគាំទ្រក្រុម Newcastle United ត្រូវបានពិន័យមិនឱ្យចូលកីឡដ្ឋានបាល់ទាត់រយៈពេល 3 ឆ្នាំ បន្ទាប់ពីបានធ្វើកាយវិការគោរពតាមរបៀប Nazi ។
បុរសវ័យ 24 ឆ្នាំរូបនេះនឹងត្រូវបដិសេធមិនអោយចូលគ្រប់កីឡដ្ឋានទាំងអស់ក្នុងចក្រភពអង់គ្លេស បន្ទាប់ពីបានធ្វើកាយវិការក្នុងអំឡុងពេលការប្រកួត Newcastle ជាមួយ Tottenham ។ ការលើកដៃសរសើររបៀបទាហាន ឬអ្នកគាំទ្ររបបណាស៊ីបែបនេះបានកើតឡើងក្នុងអំឡុងការប្រកួត Premier League ក្នុងខែតុលាដែលក្រុមអ្នកគាំទ្រ Newcastle រូបនេះបានធ្វើដំណើទៅកាន់កឡដ្ឋានរបស់ Tottenham ។ មូលដ្ឋានផ្នែកខាងជើងទីក្រុងឡុងដ៍ត្រូវបានគេដឹងថាជាអ្នកគាំទ្រជនជាតិជ្វីហ្វខ្លាំង ហើយស្អប់ពួកណាស៊ីទោះបីជារបបនេះបាត់ពិពិភពលោកតាំងពីជាង៧០ឆ្នាំមុនក្ដី។
អធិការស៊ើបអង្កេត Gillian Beecroft នៃប៉ូលីស Northumbria បាននិយាយថា៖ “ឧក្រិដ្ឋកម្មស្អប់ខ្ពើមគ្រប់ប្រភេទនៅក្នុងសហគមន៍របស់យើងនឹងមិនត្រូវបានអត់ឱនឱ្យស្ថិតក្រោមកាលៈទេសៈណាក៏ដោយ ហើយខ្ញុំស្វាគមន៍ចំពោះបទបញ្ជាហាមឃាត់ដែលបានធ្វើចំពោះលោក Asher” ។
ប្រភព៖ ITV
ព័ត៌មានកីឡាជាតិ
«នេះគ្រាន់តែជាចំណុចឆ្លងកាត់នៅឡើយ ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងរដូវកាលនេះ។ ដូច្នេះខ្ញុំមិនទាន់ពេញចិត្តទេ។ ខ្ញុំនឹងប្រឹងឱ្យអស់ពីសមត្ថភាពបន្ថែមទៀត ពីព្រោះដំណើរផ្សងព្រេងក្នុងលីគនៅរយៈពេលយូរទៀត» Takumu Nshihara ឆ្លើយតបជាមួយអ្នកសារព័ត៌មានរបស់ B8 Sport សួរអំពីចំណាប់អារម្មណ៍ក្រោយក្លាយជាកីលាករស៊ុតបញ្ចូលទីច្រើនជាងគេបណ្ដោះអាសន្នក្នុង CPL សប្ដាហ៍ទី១២។
គិតត្រឹមសប្ដាហ៍ទី១២ក្នុងពានរង្វាន់ Cambodian Premier league 2022 កីឡាករសញ្ជាតិជប៉ុនរូបនេះរកបាន១៥គ្រាប់ហើយ ដែលចំនួននេះគឺច្រើនជាងគេបណ្ដោះអាសន្នដោយទម្លាក់ខ្សែប្រយុទ្ធ Marcus Haber ដែលមាន១៤គ្រាប់។
ក្នុងវិស័យបាល់ទាត់កម្ពុជា អ្នករាល់គ្នាដឹងថា Takumu Nshihara បានដាច់សសៃជង្គង់ ACL ហើយត្រូវចំណាយពេលយូរដើម្បីព្យាបាល ប៉ុន្តែពេលអ្នកត្រលប់មកវិញ រូបគេបានក្លាយជាកីឡាករម្នាក់ទៀត ល្អជាងពេលណាៗទាំងអស់។
«ខ្ញុំពិតជាខកចិត្តកាលពីឆ្នាំមុន។ ប៉ុន្តែខ្ញុំជឿជាក់លើខ្លួនឯង ហើយពិតជាបានខិតខំប្រឹងប្រែង ដើម្បីឱ្យកាន់តែរឹងមាំ និងត្រលប់មកវិញនៅលើទីលាន។ នោះបានផ្ដល់ឱ្យខ្ញុំនូវទំនុកចិត្តដ៏ធំ ហើយមនុស្សជាច្រើនបានគាំទ្រខ្ញុំ។ អរគុណចំពោះរឿងនោះ ខ្ញុំបានត្រលប់មកវិញខ្លាំងជាងមុននៅឆ្នាំនេះ»។
អតីតកីឡាកររបស់ Laos Toyota, Khon Kaen United, Young Elephants បានបន្តទៀតថា៖«ខ្ញុំបានចែករំលែកស្ទីលលេងរបស់ខ្ញុំជាមួយមិត្តរួមក្រុមរបស់ខ្ញុំនៅពេលយើងហ្វឹកហាត់។ ហើយខ្ញុំដឹងពីចំណុចខ្លាំងរបស់ខ្ញុំ។ ក្នុងអំឡុងពេលប្រកួត ខ្ញុំតែងតែគិតច្រើនអំពីរបៀបរកគ្រាប់បាល់តាមដែលអាចធ្វើបាន។ តែយ់ាងណា! ក៏សូមអរគុណដល់អ្នកគាំទ្រដែលតែងតែមកទស្សនាការប្រកួត ហើយពួកគេជាអ្នកលើកទឹកចិត្តដ៏ប្រពៃសម្រាប់ក្រុម»៕
ព័ត៌មានកីឡាអាស៊ី
កីឡដ្ឋាន Jakarta International Stadium (JIS) ត្រូវបានសម្ពោធជាផ្លូវការ ជាមួយជំនួបមិត្តភាពអន្តរជាតិរវាងម្ចាស់ផ្ទះឥណ្ឌូនេស៊ី Persija Jakarta ជាមួយក្លិបលីគកំពូលថៃ Chonburi FC ដែលបញ្ចប់ដោយលទ្ធផល 3-3 សម្រាប់ក្រុមទាំងពីរកាលពីម្សិលមិញនេះ។ កីឡដ្ឋានលំដាប់ពិភពលោកថ្មីរបស់ប្រទេសឥណ្ឌូណេស៊ី JIS ដែលអាចផ្ទុកអ្នកទស្សនាបាន 82 000នាក់។
ប៉ុន្តែក្នុងថ្ងៃសម្ភោធនោះ កំឡុងពេលមុនការប្រកួតចាប់ផ្ដើម មានឧប្បត្តិហេតុមួយដែលបានធ្វើឲ្យ អ្នកគាំទ្របាល់ទាត់ឥណ្ឌូនេស៊ីមានការភ្ញាក់ផ្អើល ដោយរបងរនាំងនៅកន្លែងអង្គុយទស្សនាក្រោយបង្គោលទីត្រូវបានគេរកឃើញថាបានបាក់ធ្លាក់មកខាងក្រោម។
យោងតាមរបាយការណ៍ Tempo របងមិនរឹងមាំគ្រប់គ្រាន់សម្រាប់ផ្ទុកអ្នកគាំទ្រ Persija Jakarta ក្នុងចំនួនដ៏ច្រើននោះទេ។ តាមពិតពួកគេខ្លះពិតជាបានឡើងរបងដើម្បីដាក់បដាធំៗ។ តែយ៉ាងណាក៏ដោយ ការប្រកួតបានបន្តដូចធម្មតា ដោយមានកងសន្តិសុខជាច្រើននាក់ត្រូវឃ្លាំមើលក្នុងតំបន់ដើម្បីរារាំងមិនឱ្យអ្នកគាំទ្រចូលទៅក្នុងទីលាន។
???pic.twitter.com/tV00aKC25y — Extra Time Indonesia (@idextratime) July 24, 2022
???pic.twitter.com/tV00aKC25y
— Extra Time Indonesia (@idextratime) July 24, 2022
អភិបាលក្រុង Jakarta លោក Anies Baswesan មិនបន្ទោសអ្នកគាំទ្រ Persija Jakarta ជាបុព្វហេតុចម្បងនោះទេ ប៉ុន្តែនឹងធានាថា របងត្រូវបានជួសជុលភ្លាមៗ ដើម្បីឱ្យវាអាចទ្រទ្រង់បន្ទុកកាន់តែខ្លាំង។
លោក Anies បាននិយាយទៅកាន់ CNN Indonesia ថា ៖«សម្រាប់របងនេះ ខ្ញុំគិតថាវាដោយសារតែរងសម្ពាធទម្ងន់ដ៏លើសលុបមិនគួរឱ្យជឿ ហើយនេះគឺជាលើកទីមួយហើយដែលកីឡដ្ឋាននេះត្រូវបានសម្ភោធបើកឲ្យប្រើប្រាស់ឡើងវិញ។ ដូច្នេះនេះគឺជាផ្នែកទាំងអស់នៃដំណើរការសិក្សា។ ដំណើរការសិក្សានឹងជួបជាមួយបញ្ហាប្រឈមគ្រប់ប្រភេទ។ នេះគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលត្រូវប្រឈមមុខជាមួយគ្នា» ។
កីឡដ្ឋាន Jakarta International Stadium ក៏ត្រូវបានជ្រើសរើសជាកន្លែងសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម 20ឆ្នាំ FIFA U20 World Cup 2023 នៅឆ្នាំក្រោយផងដែរ។ កីឡដ្ឋាននេះត្រូវបានចាត់ទុកថាទំនើបបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយក៏មានមុខងារនៃដំបូលចល័តដែលអាចបើក និងបិទដូចជាកីឡដ្ឋាន Santiago Bernabeu របស់ Real Madrid ផងដែរ៕
ប្រភព៖ vocketfc
នេះបើតាមការបញ្ជាក់ពីទំព័រហ្វេសបុកផ្លូវការ ប្រាក់រង្វាន់សម្រាប់ក្រុមជើងឯកថ្នាក់ជាតិនៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានដំឡើងច្រើនជាងរដូវកាលមុន ។
ក្រុមជើងឯកនឹងទទួលបាន១១០លានរៀល, លេខ២ បាន៧០លានរៀល, លេខ៣បាន៤០លានរៀល, ក្រុមអាជ្ញាកណ្ដាលល្អបាន៦លានរៀល, ក្រុម Fair Play បាន៩លានរៀល។ នេះជាចំនួនប្រាក់រង្វាន់ដែលត្រូវបានដំឡើងច្រើនជាងមុនចំនួន១០លានរៀលដូចៗគ្នា បើធៀបទៅនឹងរដូវកាលកន្លងទៅ។
ទន្ទឹមនឹងនេះ អ្នកទាត់បញ្ចូលទីច្រើនជាងគេ, គ្រូល្អ, អ្នកចាំទីល្អ និងកីឡាករល្អបាន៤លានរៀលដូចៗគ្នា ដែលជាការកើនឡើងច្រើនជាងមុន១លានរៀលដូចៗគ្នា។ ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ នឹងចាប់ផ្ដើមពីថ្ងៃទី២៧ ខែកក្កដា ដោយមាន១៦ក្រុមចូលរួម។ ក្រុមចំនួន៨ពីក្របខណ្ឌ Cambodian Premier League បូករួមទាំងក្រុមចំនួន៨ ទៀតឡើងពីវគ្គជម្រុះថ្នាក់ជាតិ៕
លោក Dollah Salleh នេះហើយដែលបាននាំយកកីឡាករជម្រើសជាតិកម្ពុជា ចាន់ វឌ្ឃនាកាទៅលេងនៅ FA Pahang កាលពីឆ្នាំ២០១៨/២០១៩ មុនពេលចូលរួមជាមួយ PKNS FA ។
អ្នកគាំទ្រ Sri Pahang កំពុងចោទសួរការសម្រេចចិត្តរបស់អ្នកគ្រប់គ្រងក្រុមក្នុងការតែងតាំងលោក Dollah Salleh ជាគ្រូបង្វឹកឡើងវិញរហូតដល់ចុងបញ្ចប់នៃលីគម៉ាឡេស៊ីរដូវកាលនេះ។
Dollah ត្រលប់មកគ្រប់គ្រងក្រុម Sri Pahang វិញ បន្ទាប់ពីក្រុមបានបញ្ចប់តំណែងគ្រូបង្វឹកមុនគឺ Christophe Gamel ដោយសារការលេងមិនសូវល្អនៅក្នុង Super League ។ លើសពីនេះ Sri Pahang ក៏បានតែងតាំងវីរបុរសសិង្ហបុរី Fandi Ahmad ជាទីប្រឹក្សាបច្ចេកទេសរបស់ក្លឹបផងដែរ។
យោងតាមការស្ទង់មតិនៅលើបណ្តាញទំនាក់ទំនងសង្គម អ្នកគាំទ្របានចោទជាសំណួរថា ហេតុអ្វីបានជាក្រុមបន្តជឿជាក់លើ Dollah ក្នុងការដឹកនាំក្រុម នៅពេលដែលក្រុមមួយនេះធ្វើមិនបានល្អក្រោមការដឹកនាំរបស់គ្រូបង្វឹកកាលពីមុន។
កន្លងមកមានពាក្យចចាមអារ៉ាមថា Fandi នឹងត្រូវបានតែងតាំងជាគ្រូបង្វឹកជំនួស Gamel ហើយអ្នកគាំទ្រពិតជារំភើបចំពោះរឿងនេះ។ ទោះជាយ៉ាងណាក៏ដោយ ភាពផ្ទុយគ្នាបានកើតឡើងនៅពេលដែល Fandi ត្រូវបានតែងតាំងជានាយកបច្ចេកទេស ហើយ Dollah Salleh បានត្រលប់មកដឹកនាំក្រុមរហូតដល់រដូវកាល 2022 បិទ។
Sri Pahang បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី 11 ក្នុងតារាង Super League ដោយមាន 8 ពិន្ទុបន្ទាប់ពីលេងបាន 11 ប្រកួត។ ពួកគេមានពិន្ទុលើសតែមួយគត់លើ Penang ដែលបច្ចុប្បន្នស្ថិតក្នុងចំណាត់ថ្នាក់ទី ១២។ សម្រាប់រដូវកាលក្រោយលីគកំពូលម៉ាឡេស៊ីនឹងផ្លាស់ប្តូរពី 12 ក្រុមទៅ 18 ក្រុម ហើយនឹងមិនមានការកាត់ចោលសម្រាប់ក្រុមបាត់តារាងនោះទេ។
ក្រុមសរុបចំនួន 18 នឹងចូលរួមក្នុងការប្រកួតប្រជែងកម្រិតកំពូលនៅរដូវកាលក្រោយ ដែលការប្រកួតក្របខ័ណ្ឌ Premier League នឹងត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន ហើយជំនួសដោយ Reserve League ដែលនឹងត្រូវបានបំពេញដោយក្រុមដែលមានកីឡាករក្រោមអាយុ 23 ឆ្នាំ៕
ក្រុមជម្រើសជាតិនារីកម្ពុជា មានសកម្មភាពចូលរួមប្រកួតកីឡាសីហ្គេមលើកដំបូងនៅប្រទេសវៀតណាមកាលពីខែឧសភា និងទើបតែបញ្ចប់យុទ្ធនាការពានរង្វាន់ជើងឯកនារីប្រចាំតំបន់ AFF Women’s Championship 2022 នៅប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងលទ្ធផលវិជ្ជមានតាមការរៀបចំរបស់គ្រូបង្វឹកគឺលោក ប្រាក់ វុធ្ធី ។
ជំហានបន្ទាប់សម្រាប់ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ កម្ពុជានឹងធ្វើការបោះជំរុំហ្វឹកហាត់នៅក្រៅប្រទេស និងកោះហៅកីឡាការនីដែលមានឈាមជ័រខ្មែរមកជួយដែលកំពុងលេងបាល់នៅក្រៅប្រទេស។
អតីតគ្រូបង្វឹកក្រុមជើងខ្លាំងលីគកំពូលកម្ពុជាបឹងកេត លោក ប្រាក់ វុធ្ធី បាននិយាយទៅកាន់ CAMBODIA 2023 បែបនេះ៖ «ដំណាក់កាលបន្ទាប់ គឺយើងរង់ចាំព័ត៌មានជាក់លាក់ពីការហ្វឹកហាត់នៅក្រៅប្រទេស គឺប្រទេសចិន ហើយយើងក៏មានគម្រោងក្នុងការអភិវឌ្ឍក្រុមជម្រើសជាតិនេះដោយមានគម្រោងការរៀបចំប្រកួតមិត្តភាពអន្តរជាតិនៅក្នុងប្រទេស ការប្រមូលផ្ដុំនៅក្រៅប្រទេស ពង្រឹងគុណភាពលីគបាល់ទាត់នារី។ នេះសុទ្ធតែជារឿងដែលយើងត្រូវធ្វើ។ មួយទៀតយើងត្រៀមធ្វើការស្វែងរកកីឡាការិនីខ្មែរកាត់បរទេសនៅឯក្រៅប្រទេសផងដែរ អ៊ីចឹងដំណាក់កាលនេះ គឺជាដំណាក់កាលអភិវឌ្ឍសម្រាប់គោលដៅឆ្នាំ២០២៣ តែម្ដង។ ដូច្នេះភារកិច្ចរបស់យើងគឺយើងនៅសល់រយៈពេល១០ខែ ដើម្បីការប្រកួតស៊ីហ្គេមឆ្នាំ២០២៣»។
គ្រូបង្វឹករូបនេះក៏បាននិយាយពីចំណុចខ្វះមួយចំនួនរបស់កូនក្រុមខ្លួន ដែលចាំបាច់ត្រូវមានការបន្ថែមការហ្វឹកហាត់នៅក្រៅប្រទេស ក៏ដូចជាហៅកីឡាការនីខាងក្រៅមកជួយ និងការលេងមិត្តភាពអន្តរជាតិនៅទឹកដីកម្ពុជាជាដើម។
លោកនិយាយថា៖ «អ្វីដែលយើងកែតម្រូវនូវចំនុចខ្វះខាត ពាក់ព័ន្ធនឹងយុទ្ធសាស្រ្ត ពាក់ព័ន្ធនឹងចរិករួមគឺយើងបង្កើតការប្រកួតអន្តរជាតិឲ្យបានច្រើន ឲ្យពួកគាត់មានបទពិសោធន៍ក្នុងការប្រកួតអន្តរជាតិ។ ចំពោះយុទ្ធសាស្ត្រគឺយើងបានល្អប្រសើរច្រើន ទាំងទម្រង់នៃការការពារ ក៏ដូចជាទម្រង់ការប្រយុទ្ធ។ កីឡាការិនីយើងម្នាក់ៗយល់បានច្រើន ក៏ប៉ុន្តែអ្វីដែលជាបញ្ហាធំបំផុតគឺបញ្ហាបច្ចេកទេសម្នាក់ៗ គុណផលម្នាក់ៗ ទាំងការបញ្ចប់ទី ទាំងការបញ្ចូនបាល់ និយាយរួមកម្រិតគុណផលម្នាក់ៗដែលយើងត្រូវមានរយៈពេលជាក់លាក់ដើម្បីកែតម្រូវពួកគាត់ឲ្យបានច្រើន។ ដោយសារបច្ចុប្បន្នយើងខ្វះគុណភាពខ្សែប្រយុទ្ធ ដូច្នេះអ្វីដែលយើងយកពួកគាត់មកគឺផ្ដោតសំខាន់ទៅលើការប្រយុទ្ធ ហើយណាមួយទៀតយើងរកខ្សែបម្រើផងដែរ។ និយាយរួមកូនខ្មែរបរទេសទាំងអស់ ទាំងប្រយុទ្ធ ទាំងបម្រើ និងការពារ យើងត្រូវការទាំង៣ប្រភេទ»៕