ព័ត៌មានកីឡាអន្តរជាតិ
Manchester City ដែលជាម្ចាស់ជើងឯក EUFA Champions League អាចនឹងត្រូវហាមឃាត់មិនឱ្យចូលរួមប្រកួតនៅឆ្នាំក្រោយ ប្រសិនបើពួកគេមិនបានលើកពានរង្វាន់ Premier Leagueរដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ The Mirror។
Manchester City អាចនឹងត្រូវបានគេបដិសេធមិនឲ្យកៅអីមួយ ចូលរួមប្រកួតក្នុងក្របខ័ណ្ឌ Champions League ឆ្នាំក្រោយ ប្រសិនបើក្លឹបបុត្រសម្ព័ន្ធ Girona របស់អេស្ប៉ាញអាចឈ្នះពាន La Liga នៅរដូវកាលនេះ។
Man City និង Girona គឺជាក្រុមពីរ ក្នុងចំណោមក្រុមទាំង១៣ ដែលបង្កើតឡើងដោយក្រុមហ៊ុន City Football Group គ្រប់គ្រងក្លឹបនៅទូទាំងពិភពលោក។ បច្ចុប្បន្ន CFG មានភាគហ៊ុន ៤៧ ភាគរយនៅ Girona ។
ទំនាក់ទំនងរវាង Man City និងក្រុមGirona របស់អេស្ប៉ាញ គឺកាន់តែពិសេស ដោយសារតែលោក Pere Guardiola ដែលជាបងប្រុសរបស់លោក Pep Guardiola គឺជាប្រធានក្លឹប Girona បច្ចុប្បន្ន ហើយគាត់ក៏ជាម្ចាស់ភាគហ៊ុន ១៦ភាគរយនៅក្នុងក្លឹបផងដែរ។
នៅក្នុងបទប្បញ្ញត្តិរបស់ UEFA មានន័យថាក្លឹបបុត្រសម្ព័ន្ធ Girona អាចរារាំងក្រុមរបស់លោក Pep Guardiola ពីការប្រកួតនៅឆ្នាំក្រោយ ប្រសិនបើពួកគេឈ្នះជើងឯកអេស្ប៉ាញ ហើយ City បរាជ័យក្នុងការឈ្នះពាន Premier League ។
ស្ថិតនៅក្រោមច្បាប់បច្ចុប្បន្ន ប្រសិនបើក្លឹប២ មកពីម្ចាស់ភាគហ៊ុនដូចគ្នា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត UEFA ដូចគ្នានោះ ក្រុមដែលលើកពានក្នុងស្រុកនឹងទទួលបានកៅអីប្រកួត Champion League ប៉ុន្តែប្រសិនបើក្រុមទាំង២ បញ្ចប់ក្នុងចំណាត់ស្មើគ្នា ពោលគឺចំណាត់ថ្នាក់លេខ២ដូចគ្នា នោះក្លឹបដែលមានចំណាត់ថ្នាក់ UEFA RANKING ខ្ពស់ជាងនឹងមានលក្ខណៈគ្រប់គ្រាន់។ ក្នុងករណីនេះគឺបានទៅលើក្លិប Manchester City។
បច្ចុប្បន្ន Man City មាន ៥ពិន្ទុតាមពីក្រោយ Liverpool ខណៈ Girona កំពុងឈរកំពូលតារាង La Liga ៕
យោងតាមប្រភពព័ត៌មានBBC ចេញផ្សាយបានអោយដឹងថា ក្លឹបហង្ស ក្រហម Liverpool អាចប្រឈមមុខនឹងការបញ្ចប់នៃយុគសម័យកាលដ៏រុងរឿងរបស់ខ្លួននៅរដូវក្តៅនេះ ប្រសិនបើតារាឆ្នើមសំខាន់២រូបគឺខ្សែការពារ Virgil van Dijk និង ខ្សែប្រយុទ្ធ Mohamed Salah ជ្រើសរើសដើរតាមអ្នកចាត់ការ Jurgen Klopp ។
លោក Klopp នឹងចុះចេញពីដំណែងនៅចុងបញ្ចប់រដូវកាលនេះ បន្ទាប់ពីកាន់តំណែងរយៈពេលប្រាំបួនឆ្នាំ។ ការប្រកាសចាកចេញរបស់លោកចំពេលដែលក្លឹបកំពុងប្រជែងយកពានចំនួនបួន។ ពួកគេឈរនៅកំពូលតារាង Premier League ប៉ះ Chelsea នៅវគ្គផ្តាច់ព្រ័ត្រ Carabao Cup ហើយនៅតែស្ថិតក្នុង ពានរង្វាន់ FA Cup និង Europa League ។
ប្រធានក្រុម Van Dijk បាននិយាយថា ខ្ញុំមិនដឹងថាតើខ្ញុំនឹងក្លាយជាផ្នែកមួយនៃយុគសម័យថ្មី ឬយ៉ាងណាទេ ខណៈដែលខ្សែប្រយុទ្ធ Salah ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញ។
ជុំវិញនឹងបញ្ហានេះដែរលោក Chris Sutton អតីតខ្សែប្រយុទ្ធក្រុម Blackburn បាននិយាយប្រាប់វិទ្យុBBC Radio 5 Live ថា ការចាកចេញរបស់គ្រូបង្វឹកវាធ្វើអោយកីឡាករមួយចំនួនមានអារម្មណ៍ថាចង់ចាកចេញដែរ។
លោក Sutton បានបន្តនៅក្នុងកម្មវិធី Monday Night Club ថា ពួកគេមានក្រុមស្និទ្ធស្នាលបែបនេះ។ លោកKlopp នៅទីនោះជាច្រើនឆ្នាំមកហើយ។ កីឡាករដែលគាត់បានចុះហត្ថលេខានឹងមានអារម្មណ៍ថាពួកគេជំពាក់គុណគាត់។
Van Dijk, Andy Robertson, Salah មើលទៅដូចជាពួកគេអាចបន្តទៅមុខទៀត។ វាប្រហែលជាចុងបញ្ចប់នៃយុគសម័យមួយ មិនត្រឹមតែសម្រាប់ Klopp ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់កីឡាករមួយចំនួនផងដែរ។
កីឡាករជាច្រើនដែល Klopp នាំយកមកនឹងមានអារម្មណ៍ថាមានចំណងមិត្តភាពជាមួយគាត់ ហើយប្រហែលជាគិតថា វាជាពេលវេលាត្រឹមត្រូវដែលត្រូវចាកចេញ ។
Klopp បានឈ្នះពានរង្វាន់ Champions League, Premier League, FA Cup និង Carabao Cup ជាមួយ Liverpool ដែលមានកីឡាករ Salah វ័យ ៣១ឆ្នាំ និង Van Dijk អាយុ ៣២ ឆ្នាំ ជាផ្នែកមួយនៃជោគជ័យនោះ៕
ព័ត៌មានកីឡាជាតិ
បន្ទាប់ពីលោក Jurgen Klopp គ្រូបង្វឹកក្លឹបLiverpool និងXavi គ្រូបង្វឹកក្លឹបBarcelona ប្រកាសចាកចេញពីតួនាទីនៅដំណាច់រដូវកាលនេះ អីលូវជំងឺលាលែងកំពុងឆ្លងរាលដាលដល់លោក Mikel Arteta គ្រូបង្វឹកក្លឹបArsenal ម្នាក់ទៀត។នេះបើយោងតាមប្រភពព័ត៌មានពីGoal.com។
លោក Mikel Arteta អាចជាគ្រូបង្វឹកបន្ទាប់ដែលនឹងប្រកាសចាកចេញពីក្លឹបកំាភ្លើងធំArsenal ក្នុងរយៈពេលដ៏ខ្លីខាងមុខ ខណៈដែលមានរបាយការណ៍មួយបានអះអាងថាលោកកំពុងពិចារណាដើរចេញពី Arsenal នៅរដូវក្តៅនេះ។
យោងតាមសារព័ត៌មានកីឡាអេស្ប៉ាញ The sport បានផ្សាយថា អតីតកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានប្រាប់មនុស្សជិតស្និទ្ធថាខ្ញុំកំពុងពិចារណាលើពេលវេលានៃអាជីពរបស់ខ្ញុំជាមួយ Arsenal នៅចុងបញ្ចប់រដូវកាលនេះ។ ខណៈដែល Xavi ទើបតែបានបញ្ជាក់ពីការចាកចេញរបស់គាត់កាលពីថ្ងៃសៅរ៍ របាយការណ៍ខាងលើបាននិយាយថាគ្មានមន្ត្រីណាម្នាក់នៅ Barcelona បានទាក់ទងជាមួយលោក Arteta អំពីការចូលកាន់តំណែងជាគ្រូបង្វឹកនៅ Camp Nou នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រធានក្លឹបលោក Joan Laporta ត្រូវបានគេនិយាយថា លោកបានអ្នកកោតសរសើរអតីតខ្សែបម្រើ Barcelona, Arsenal និងEverton ហើយជឿជាក់ថាគាត់ស័ក្តិសមដឹកនាំក្លឹបយក្សនៅអេស្ប៉ាញ។
កិច្ចសន្យារបស់ Arteta ជាមួយក្លឹបArsenal មានរហូតដល់រដូវក្តៅឆ្នាំ ២០២៥។ ប្រសិនបើគាត់ពិតជាចង់ចាកចេញពីក្រុមកាំភ្លើងធំមុនពេលកំណត់ គាត់នឹងត្រូវចរចាជាមួយក្លឹបសម្រាប់ការបញ្ចប់ដោយសន្តិវិធីចំពោះភាពជាដៃគូដែលមានរយៈពេលជិត ៥ ឆ្នាំ។
Arteta បានចូលមកដឹកនាំ Arsenal ឆ្នាំ ២០១៩ហើយបានប្រែក្លាយក្រុមភាគខាងជើងទីក្រុងឡុងដ៍ទៅជាក្រុមប្រជែងដណ្តើមពាន Premier League ដោយបានឈរនៅលើកំពូលតារាងរហូតដល់ចុងរដូវកាលប៉ុន្តែទីបំផុតចាញ់Manchester City ទៅវិញ។ សម្រាប់រដូវកាលនេះក្រុមរបស់គាត់បានធ្លាក់ទៅចំណាត់ថ្នាក់លេខ ៣តាមពីក្រោយក្រុមកំពូលតារាង Liverpool ៥ពិន្ទុ៕
ដូចដែលយើងបានដឹងរួចមកហើយថាការប្រកួតបាល់ទាត់ពិភពលោក២០២៦ត្រូវរៀបចំដោយសហម្ចាស់ផ្ទះចំនួន៣ រួមមាន៖ សហរដ្ឋអាមេរិក កាណាដា និង ម៉ិកស៊ិក។ ការរៀបចំដោយម្ចាស់ផ្ទះ៣បែបនេះ ត្រូវបានគេចាត់ទុកថាជារឿងចម្លែក ប៉ុន្តែអ្វីដែលកាន់តែប្លែកទៀតនោះគឺការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋានATANDT (AT& T) ក្នុងរដ្ឋតិចសាស់ (Texas) សហរដ្ឋអាមេរិក មានបំពាក់ទូរទស្សន៍HDTVខ្នាតយក្ស មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក។
ពហុកីឡដ្ឋានសម្រាប់ប្រកួតវគ្គផ្តាច់ព្រ័ត្រ AT& T នៅក្នុងរដ្ឋតិចTexas ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ២០០៩ ជាមួយនឹងសមត្ថភាពផ្ទុកអ្នកគាំទ្របាន៨០០០០នាក់ និងចំណាយលុយសាងសង់ជាង១,៦ពាន់លានដុល្លារ ហើយអ្វីដែលអស្ចារ្យមិនធ្លាប់មាននោះគឺការបំពាក់ទូរទស្សន៍ខ្នាតយក្សHDTVតម្លៃជាង ៣៨លានដុល្លារ ។
កីឡដ្ឋាននេះក៏មានសមត្ថភាពអាចបន្ថែមទស្សនិកជនបាន២០០០០នាក់គឺអាចផ្ទុកបានរហូតទៅដល់ ទៅ ១០០០០០នាក់។ សារព័ត៌មាន The Sun ក៏បានរាយការណ៍បន្ថែមថា តាមការប៉ាន់ប្រមាណក្នុងមួយប្រកួត ពហុកីឡដ្ឋាននេះប្រើប្រាស់អគ្គិសនីច្រើនជាងការប្រើប្រាស់របស់ប្រទេសលីបេរីយ៉ា ទៅទៀត។
ទូរទស្សន៍ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងនោះមានអេក្រង់ទំហំទទឹងជាង៤៨ម៉ែត្រ និងកម្ពស់២១ម៉ែត្រ ជាមួយនឹងទូរទស្សន៍ផ្សាយបន្តចំនួន៣០០០ផ្សេងទៀត។
ពហុកីឡដ្ឋាននេះ ក៏ដូចជាពហុកីឡដ្ឋានថ្មីមួយចំនួនទៀតដែរ ដោយសារតែវាផ្តល់នូវដំបូលដែលអាចបិទបើកបានក្នុងករណីអាកាសធាតុប្រែប្រួលក្នុងអំឡុងពេលប្រកួត។ ប្រសិនបើដំបូលត្រូវបានប្រើប្រាស់ដើម្បីការពារកីឡាករពីកម្តៅព្រះអាទិត្យដ៏ក្ដៅគគុកនៃរដ្ឋតិចសាស់ វានឹងក្លាយជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup លើកដំបូង ដែលមិនធ្លាប់មានដែលត្រូវបានលេងនៅក្នុងពហុកីឡដ្ឋានដែលមានដំបូលនៅក្នុងប្រវត្តិសាស្ត្រ៕
ការសម្រេចចិត្តរបស់លោក Sir Jim Ratcliffe ក្នុងការទិញភាគហ៊ុន 25% នៅ Manchester United ត្រូវបានជួបជាមួយនឹងភាពអវិជ្ជមាននៅពេលដំបូង។
ទោះបីជាមិនមានឱកាសគ្រប់គ្រង់ក្លិបពេញលេញក៏ដោយលោក Ratcliffe និងក្រុមការងាររបស់គាត់បានកំណត់រួចហើយនូវការផ្លាស់ប្តូរដែលបង្ហាញពីបំណងប្រាថ្នារបស់ពួកគេក្នុងការធ្វើអ្វីដែលខុសពី Glazers ដេកចាំតែស៊ីលុយ។ សូមក្រឡេកមើលចលនាសំខាន់ៗចំនួនបួនរបស់លោក Sir Jim Ratcliffe កែប្រែ Man Utd រហូតមកដល់ពេលនេះ។
-ការបង្កើតរចនាសម្ព័ន្ធត្រឹមត្រូវ៖
ជាលើកដំបូងចាប់តាំងពីសម័យ David Gill និង Sir Alex Ferguson Man United កំពុងព្យាយាមបង្កើតរចនាសម្ព័ន្ធត្រឹមត្រូវឱ្យនៅកម្រិតកំពូល។
INEOS មានបំណងនាំយកមនុស្សដែលមានបទពិសោធន៍ និងជំនាញដើម្បីធ្វើការសម្រេចចិត្តដ៏លំបាក។ ពួកគេបានសម្រេចចិត្តជួលអតីតនាយកប្រតិបត្តិរបស់ Man City លោក Omar Berrada ដើម្បីចូលរួមជានាយកប្រតិបត្តិថ្មីនៅចុងបញ្ចប់នៃរដូវកាលនេះ។
Ratcliffe មិនស្ទាក់ស្ទើរក្នុងការទទួលយកការបំផុសគំនិតពីឋានានុក្រមរចនាសម្ព័ន្ធរបស់ Man City ដើម្បីទទួលយកវិធីសាស្រ្តស្រដៀងគ្នានៅ Man United ។ ជាច្រើនឆ្នាំមកនេះ បិសាចក្រហមមិនមានមនុស្សត្រឹមត្រូវ ដើម្បីធ្វើការសម្រេចចិត្តធំដុំនោះទេ។ ទោះយ៉ាងណាក៏ដោយ ជាមួយនឹងការតែងតាំងនាយកកីឡានាពេលខាងមុខ ក្នុងរបៀបវារៈរបស់ Ratcliffe នោះអាចនឹងផ្លាស់ប្តូរក្នុងពេលឆាប់ៗនេះ។
វិស័យពាណិជ្ជកម្ម និងបាល់ទាត់ដើរទន្ទឹមគ្នា៖
ដំបូងឡើយ Glazers ត្រូវបានគេសន្មត់ថានឹងត្រួតពិនិត្យប្រតិបត្តិការពាណិជ្ជកម្ម ខណៈពេលដែល Ratcliffe ផ្តោតតែលើបញ្ហាបាល់ទាត់ប៉ុណ្ណោះ។តែធាតុពិត Ratcliffe និងក្រុម INEOS របស់គាត់ ក៏នឹងបណ្តាក់ទុនពាណិជ្ជកម្មផងដែរ។ ជោគជ័យពាណិជ្ជកម្មមិនអាចសម្រេចបានដោយគ្មានបាល់ទាត់ទេ។ Man United បានក្លាយជាម៉ាកយីហោពិភពលោកដែលមិនអាចកាត់ថ្លៃបាន បន្ទាប់ពីការងារដ៏ល្អឥតខ្ចោះរបស់លោក Sir Alex នៅលើទីលាន។
ទ្រឹស្តី មានមួយហើយមិនអាចគ្មានមួយទៀត ជាមូលហេតុដែល Ratcliffe មានបំណងនាំយកភាពស្អិតរមួតបន្ថែមទៀតទៅជាទិដ្ឋភាពពីរដែលសំខាន់ពីរផ្នែកមករៀបចំជាមួយគ្នា។
បណ្ដុះឥរិយាបថបាល់ទាត់ដំបូង
ជឿឬមិនជឿ ទីបំផុត Man United កំពុងឆ្ពោះទៅរកការកសាងបរិយាកាសដែលគិតពីបាល់ទាត់ជាដំបូងគេ។ អ្នកគិតថាផ្នែកនោះនឹងច្បាស់នៅក្លិបបាល់ទាត់កាលពីមុន ប៉ុន្តែអត់ទេ។ Glazers មានឈ្មោះតែជាប្រធានក្លិបប៉ុណ្ណោះ ហើយមិនដែលបណ្ដុះភាពស្រឡាញ់បាល់ទាត់អ្វីនោះទេ។
សម្រួលការផ្ទេរ
ហើយចុងក្រោយ ការសម្រេចចិត្តសំខាន់ៗទាំងអស់លើការផ្ទេរនឹងត្រូវធ្វើឡើងដោយនាយកកីឡាដែលទើបចូលថ្មីនេះ។ កាលពីមុន Ed Woodward បានធ្វើការសម្រេចចិត្តភាគច្រើន ដែល Man United ចំណាយលុយច្រើនណាស់។
ក្លិបត្រូវការក្បាលម៉ាស៊ីនដែលអាចទុកចិត្តបាន ដើម្បីធ្វើការបែបពិបាកៗដូចជាការដកចេញកីឡាករមិនសក្តិសមជាមួយក្លិប ហើយជាការពិតណាស់ ការស្វែងរកអ្នកមានទេពកោសល្យថ្មី និងចរចាកិច្ចព្រមព្រៀងល្អៗ។
ទាក់ទងនឹងកិច្ចព្រមព្រៀងដ៏ល្អ នាយកប្រតិបត្តិដែលចូលមកដល់គឺលោក Berrada គទទួលខុសត្រូវចំពោះការទិញកីឡាករ ដូចដែល?គាត់បានធ្វើការជាមួយ Man City យក Erling Haaland អញ្ចឹង ។ ពួកគេបានចុះហត្ថលេខាលើគាត់ក្នុងតម្លៃត្រឹមតែ ៥១.២ លានផោន ។
ការផ្លាស់ប្តូរទាំងនេះត្រូវបានស្វាគមន៍បំផុត ហើយពួកគេត្រូវការការរុះរើត្រឹមត្រូវពីកំពូល។ ទោះបីជាពួកគេនឹងមិនធានាការឈ្នះពាន ឬភាពជោគជ័យនៅលើទីលានក៏ដោយ តែវាពិតជាជំហានមួយក្នុងទិសដៅត្រឹមត្រូវ។
លោក Erik ten Hag បានបញ្ជាក់ថា Altay Bayindir នឹងបង្ហាញខ្លួនជាលើកដំបូងជាមួយ Man United ទល់នឹង Newport County ក្នុង FA Cup នៅថ្ងៃអាទិត្យនេះ។
គាត់បាននិយាយថា៖ «គាត់នឹងស្ថិតក្នុងគោលដៅរបស់យើង។ អ្វីដែលយើងអាចរំពឹងសម្រាប់គាត់ គាត់រង់ចាំឱកាសរបស់គាត់ ប៉ុន្តែគាត់មានបទពិសោធន៍ លេងនៅក្នុងក្លិបធំមួយក្នុងប្រទេសទួរគីក្រោមសម្ពាធដ៏ធំ គាត់ដឹងពីរបៀបដោះស្រាយវា យើងជឿជាក់គាត់»។
«ដូច្នេះយើងកំពុងទន្ទឹងរង់ចាំដល់ថ្ងៃអាទិត្យ។ Altay កំពុងរង់ចាំពេលនេះ ហើយនេះគឺជាពេលវេលារបស់គាត់។ តើអ្នកធ្លាប់នៅ ឬលេងនៅ Fenerbahce ទេ? សម្ពាធណាស់។ ម្យ៉ាងទៀត ការជាប់ជម្រើសជាតិទួរគី ជាសម្ពាធដ៏ធំសម្រាប់គាត់ ដូច្នេះគាត់ដឹងពីរបៀបដោះស្រាយជាមួយវា»។
Andre Onana បច្ចុប្បន្នកំពុងអវត្តមានដោយសារកាមេរូនឡើងទៅវគ្គ១៦ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ Africa Cup of Nations ក្នុងប្រទេសកូតឌីវ័រ។
Erik ten Hag បានច្រានចោលព័ត៌មាន ចុះហត្ថលេខាលើខ្សែប្រយុទ្ធបន្ថែម មុនពេលចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាកររដូវរងារ បើទោះបីជា Anthony Martial អវត្តមានក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយគាត់ជឿជាក់ថា Marcus Rashford ម្តងម្កាលអាចចូលទៅក្នុងតំណែងប្រយុទ្ថនេះនៅពេលចាំបាច់។
គាត់បាននិយាយថា៖« ខ្ញុំបានមើលហើយ ប៉ុន្តែមិនមានកន្លែងទំនេរទេ។ យើងមិនអាចបំពានគោលការណ៍ FFP ដើម្បីបន្ថែមខ្សែប្រយុទ្ធនៅពេលនេះទេ»។
“ពិតណាស់ Rashford អាចលេងជាខ្សែប្រយុទ្ធបាន។ យើងមានជម្រើសផ្សេងមួយចំនួនទៀត ហើយវាច្បាស់ណាស់ថា Anthony ត្រូវអវត្តមានពីរបីខែ ហើយច្បាស់ណាស់ វាជាគម្លាតក្នុងក្រុមរបស់យើង»។
Rasmus Hojlund ស៊ុតបញ្ចូលទីបាន 7 គ្រាប់ចាប់តាំងពីគាត់ផ្លាស់ទៅ Old Trafford ។ ដោយសារ Martial មិនអាចលេងបាន វាត្រូវបានគេរំពឹងថា Man United នឹងនាំយកខ្សែប្រយុទ្ធក្នុងលក្ខខណ្ឌខ្ចីជើង។
Karim Benzema ត្រូវបានគេសន្និដ្ឋានថាជាកីឡាករដែល Man Utd នឹងចុះហត្ថលេខា។ ទោះយ៉ាងណាក៏ដោយ Ten Hag បានបញ្ជាក់ហើយថា គឺគ្មានកន្លែងទំនេរសម្រាប់បន្ថែមខ្សែប្រយុទ្ធថ្មីទេ»។
អតីតខ្សែប្រយុទ្ធ Andriy Shevchenko ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានសមាគមបាល់ទាត់របស់ប្រទេសអ៊ុយក្រែន (UAF) កាលពីថ្ងៃព្រហស្បតិ៍ទី២៥ មករា ២០២៤ ។នេះបើយោងតាមការចេញផ្សាយរបស់ Reuter។
បុរសអាយុ ៤៧ ឆ្នាំរូបនេះបានទទួលសម្លេងឆ្នោត ៩៣លើ៩៤នៅក្នុងសម័យប្រជុំ UAF ទីក្រុងគៀវ។ តាមពិតទៅShevchenko មានសិទ្ធិបោះឆ្នោតទី ៩៤ក្នុងនាមជាប្រតិភូប៉ុន្តែលោកមិនបានបោះទេ។
Shevchenko ដែលបានចូលនិវត្តន៍ពីអាជីពបាល់ទាត់កាលពីឆ្នាំ ២០១២ បន្ទាប់ពីបានលេងឱ្យក្លឹបមួយចំនួនដូចជា៖ Dynamo Kyiv, AC Milan និង Chelsea ត្រូវចូលមកជំនួនតំណែងលោក Andriy Pavelko ដែលបានធ្វើជាប្រធាន UAF តាំងពី២០១៥ តែពេលនេះគាត់ត្រូវប្រឈមមុខនឹងការកាត់ទោសពីបទចោទប្រកាន់ពីបទកេងបន្លំលុយ។ ទោះជាយ៉ាងណាក្តីលោកPavelko បានបដិសេធចំពោះការចោទប្រកាន់នេះ។
បន្ទាប់ពីជាប់ឆ្នោតលោក Shevchenko បានថ្លែងថា ថ្ងៃនេះ ខ្ញុំចាប់ផ្តើមតួនាទីថ្មីរបស់ខ្ញុំជាប្រធានសមាគមបាល់ទាត់អ៊ុយក្រែន។មានកិច្ចការធំ និងមានទំនួលខុសត្រូវកំពុងរង់ចាំនៅខាងមុខដើម្បីអភិវឌ្ឍបាល់ទាត់អ៊ុយក្រែនក្នុងគ្រាលំបាកបំផុតនៅក្នុងប្រវត្តិសាស្ត្រអ៊ុយក្រែន។
Shevchenko គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលរបស់អ៊ុយក្រែន ដោយស៊ុតបាន ៤៨ គ្រាប់ក្នុង១១១ ប្រកួតពីឆ្នាំ ១៩៩៥ដល់ ២០១២។ គាត់ក៏បានដឹកនាំក្រុមជម្រើសជាតិអ៊ុយក្រែនផងឡើងទៅវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ២០២០ ៕
លោក Zvonimir Boban នាយកបច្ចេកទេស UEFA បានប្រកាសលាលែងពីតំណែងជាផ្លូវការដើម្បីតវ៉ាប្រឆាំងទៅនឹងចេតនារបស់ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុបលោក Aleksander Ceferin ដែលចង់បន្តឈរឈ្មោះធ្វើជាប្រធានមួយអាណត្តិទៀត។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានBBC កាលពីថ្ងៃព្រហស្បតិ៍ទី ២៥ មករា ២០២៤។ Bobanអតីតខ្សែបម្រើរបស់ Milan និងជាប្រធានក្រុមក្រុមជម្រើសជាតិក្រូអាស៊ីបានប្រកាសពីការសម្រេចចិត្តនៅក្នុងលិខិតចំហរមួយដែលបានចេញផ្សាយដោយគេហទំព័ររបស់ក្រូអាស៊ី Telesport ។
Ceferin ត្រូវបានបោះឆ្នោតជ្រើសរើសធ្វើជាប្រធានEUFA កាលពីឆ្នាំ២០១៦ជំនួសលោក Michel Platini ហើយកំណែទម្រង់មួយដែលគាត់បានដាក់គឺការកំណត់រយៈពេលបីអាណត្តិសម្រាប់ការតែងតាំងនាយកប្រតិបត្តិទាំងអស់។ទោះជាយ៉ាងណា លោកកំពុងព្យាយាមកែប្រែច្បាប់ដើម្បីបន្តកាន់អំណាចរហូតដល់ឆ្នាំ ២០៣១។
លោក Boban បាននិយាយនៅក្នុងលិខិតថា ខ្ញុំសុំទោស ។ខ្ញុំសោកសៅខ្លាំងណាស់ប៉ុន្តែខ្ញុំចាកចេញពី UEFA។
លោក Boban បានបន្ថែមថា ហេតុផលសម្រាប់ការចាកចេញរបស់ខ្ញុំគឺការគាំទ្ររបស់លោក Ceferin សម្រាប់ចំពោះសំណើផ្លាស់ប្តូរច្បាប់របស់ UEFA នៅសភាដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៨ខែកុម្ភៈនៅទីក្រុងប៉ារីស ដែលនឹងអនុញ្ញាតឱ្យគាលោកអាចឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនៅពេលដែលអាណត្តិ ៤ ឆ្នាំបច្ចុប្បន្នរបស់គាត់នឹងបញ្ចប់នៅឆ្នាំ២០២៧ ។
ច្បាប់របស់ UEFA បច្ចុប្បន្ន រារាំងប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិមិនឱ្យឈរឈ្មោះក្នុងតំណែងលើសពី ៣ដងឬលើសពី១២ ឆ្នាំ។