National News
(Khmer) ក្រុមបាល់ទាត់ឈុតនារីភ្នំពេញក្រោនទើបតែគ្រងពានរង្វាន់លីគនារី២០២១ ក្រោយលេងបាន១១ប្រកួតមិនដែលចាញ់សោះ ដែលក្នុង១១ប្រកូតនេះស៊ុតបញ្ចូលទីគូប្រកួត៨៨គ្រាប់របូតតែ៣គ្រាប់ប៉ុណ្ណោះ ខណៈនៅសល់បីប្រកួតទៀតទើបចប់លីគ។
នៅពីក្រោយលទ្ធផលដ៏ល្អមិនស្មានរបស់ក្លិបនារីភ្នំពេញក្រោននេះ គឺបានមកពីការដឹកនាំរបស់អតីតកីឡាការិនីបាល់ទាត់តាមអង្គការមួយនៅតាមខេត្តដែលមានជីវិតតស៊ូក្នុងពិភពបាល់ទាត់សឹងតែមិនគួរឱ្យជឿ រហូតក្លាយជាគ្រូបង្វឹកបាល់ទាត់ដែលមានអាជ្ញាប័ណ្ឌគ្រូបង្វឹកកម្រិត A ម្នាក់ក្នុងចំណោម២នាក់នៅស្រុកខ្មែរ នោះគឺអ្នកគ្រូ ម៉ៅ សាវីន។
ឆ្លើយឆ្លងតាមរយៈសារអេឡិចត្រូនិកជាមួយអ្នកយកព័ត៌មានរបស់ B8 Sport គ្រូបង្វឹកមានប្រភពពីខេត្តបន្ទាយមានជ័យបានរៀបរាប់អំពីជីវិតតស៊ូរបស់នាងរហូតក្លាយជាគ្រូបង្វឹកបាល់ទាត់នាពេលនច្ចុប្បន្ន។
«ប្រវត្តិនៃការចូលរួមបាល់ទាត់របស់ខ្ញុំគឺចាប់ផ្ដើមពីឆ្នាំ២០១០ ប៉ុន្តែអំឡុងពេលហ្នឹងខ្ញុំចូលហាត់ក្នុងអង្គការមួយក្នុងខេត្តបាត់ដំបង ឈ្មោះអង្គការសល (SALT Academy ) ដែលគេបង្កើតកម្មវិធី Mighty Girls ហើយពេលនោះគេបានប្រមូលផ្ដុំក្មេងស្រីលេងបាល់ ហើយខ្ញុំក៏បានចូលរួមជាមួយពួកគាត់មកដល់ឆ្នាំ២០១៥។ ពេលនោះខ្ញុំជាកីឡាការិនីជម្រើសជាតិបាត់ដំបង។ ពេលដែលខ្ញុំចប់វិទ្យាល័យទៅ ក៏ខ្ញុំបន្តរៀនវគ្គបាល់ទាត់បន្ថែម រហូតដល់ចុងឆ្នាំ២០១៨ ខ្ញុំបានបញ្ចប់អាជ្ញាប័ណ្ឌកម្រិត A »។
អ្នកគ្រូបានរៀបរាប់អំពីឧបសគ្គនានាដែលបានឆ្លងកាត់អំឡុងពេលប្រឡូកក្នុងវិស័យបាល់ទាត់ដំបូងថា៖« ឧបសគ្គមានច្រើនមែនទែន! ពិសេសក្រុមគ្រួសារ មិត្តភ័ត្រ បងប្អូនអីហ្នឹងអត់យល់ស្របឱ្យយើងហ្នឹងលេងបាល់ទាត់ទេ ដោយសារពួកគាត់គិតថា បាល់ទាត់សម្រាប់តែមនុស្សប្រុស មិនមែនសម្រាប់នារីទេ។ ពេលហ្នឹងខ្ញុំមានសម្ពាធខ្លាំង ហើយខ្ញុំក៏បានវេចសម្ពាយខោអាវ ចាកចេញពីស្រុកកំណើតខាងបន្ទាយមានជ័យ ទៅរស់នៅជាមួយក្មេងស្រីៗ ក្នុងអង្គការសល នៅខេត្តបាត់ដំបង”។
«សម្ពាធជារឿយៗ! ពេលយើងទៅលេងផ្ទះឯស្រុកកំណើត ខ្ញំនៅតែលឺពាក្យថា បាល់ទាត់សម្រាប់តែបុរសទេ មិនមែនសម្រាប់នារីទេ…។ ពាក្សម្ដីទាំងនេះរឹតតែបានជំរុញឱ្យខ្ញុំបន្តជម្នះ ហើយបង្ហាញថាវាមិនមែនជាការពិតទេ ដែលបាល់ទាត់សម្រាប់តែបុរស គឺបាល់ទាត់សម្រាប់ទាំងអស់គ្នា ហើយខ្ញុំក៏បានប្ដេជ្ញាចិត្តថាបង្កើតសមិទ្ធផលយ៉ាងម៉េច ឱ្យពួកគាត់បានឃើញថានេះជាអ្វីដែលដែលពួកគាត់បានគិតអវិជ្ជមានទៅលើប្រភេទកីឡាបាល់ទាត់”។
«សព្វថ្ងៃនេះផងដែរ! ឪពុកម្ដាយរបស់ខ្ញុំ គាត់បានកែប្រែគំនិតមកគាំទ្រខ្ញុំ លើកទឹកចិត្តខ្ញុំ ឱ្យខ្ញុំខំប្រឹងប្រែង នូវជំនាញរបស់ខ្លួនឯងដែលមាន។ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា នេះគឺជាសមិទ្ធិផលដែលយើងទទួលបាន។ បើយើងស្រឡាញ់ យើងចូលចិត្ត យើងយត្រូវការខំប្រឹងឱ្យច្បាស់លាស់ កុំបោះបង់ ព្រោះវាជាផលល្អឬសមិទ្ធិផលដែលមនុស្សដ៏ទៃគេមិនគាំទ្រ ងាកមកទទួលយកវិញ»។
«មួយវិញទៀតផងដែរ! ខ្ញុំលើកទឹកចិត្តដល់ក្មេងស្រីៗនៅក្នុងប្រទេសកម្ពុជារបស់យើង បើសិនគាត់ស្រឡាញ់បាល់ទាត់ គាត់ស្រឡាញ់ជំនាញនៃការលេងបាល់ ខ្ញុំលើកទឹកចិត្តឱ្យគាត់ខំប្រឹងប្រែង ហើយកុំបោះបង់ក្ដីស្រម៉ៃរបស់ខ្លួនឯង”៕
រូបភាព៖ ភ្នំពេញក្រោន កឹម សុវណ្ណា ម៉ៅ សាវីន
(Khmer) លោក ឃួន ឡាបូរ៉ាវី ដែលជាអតីតកីឡាកររបស់ក្លិបបឹងកេត បានសរសើរពីការរួមចំណែករបស់ កីឡាករ ម៉ាត់ ណូរុន និង សៀង ចន្ធា ក្នុងការប្រកួតទល់នឹងណាហ្គាវើលដ៍ កាលពីថ្ងៃសៅរ៍កន្លងទៅ។
បឹងកេត យកបាន៣ពិន្ទុពី ណាហ្គាវើលដ៍ ក្នុងការប្រកួតបើកឆាកពានរង្វាន់លីគកំពូលកម្ពុជា តាមរយៈការរកគ្រាប់បាល់វាយបកដោយ ណូរុន ២គ្រាប់ម្នាក់ឯង និង មួយគ្រាប់ចុងម៉ោងរបស់ ចន្ធា។
ថ្លែងប្រាប់ The Morning លោក ឃួន ឡាបូរ៉ាវី បាននិយាយថា៖«ក្នុងការប្រកួតនោះកីឡាករ បឹងកេត គ្រប់រូបធ្វើបានល្អហើយខ្សែប្រយុទ្ធ កម្ពុជា ពីរ រូប គឺ ចន្ធា និង ណូរុន ធ្វើបានល្អណាស់។ ចន្ធាបានប្រើប្រាស់ល្បឿនរបស់គេ បង្កើតឱកាសជាច្រើន ហើយ ណូរុន លេងជាខ្សែប្រយុទ្ធក្នុងប្រអប់។ ណូរុន យល់ដឹងពីទីតាំងបានល្អ ជាមួយនឹងគុណភាពបញ្ចប់ទីដ៏ល្អរបស់គេ»៕
(Khmer) «ខ្ញុំកំពុងលេងនៅក្នុងលីគដែលខ្លាំងជាមួយនឹងការប្រកួតប្រជែងដ៏ខ្ពស់។ ខ្ញុំត្រូវបានរុំព័ន្ធដោយកីឡាករល្អៗជាច្រើន ដូច្នេះវាអាចធ្វើឲ្យខ្ញុំរីកចម្រើន។ ខ្ញុំមកលេងនៅទីនេះ(ម៉ាឡេស៊ី)សម្រាប់ការប្រកួតប្រជែងថ្មី និង ការវិលត្រឡប់មកកាន់ក្រុមជម្រើសជាតិវិញ”នេះគឺជាសម្ដីរបស់កីឡាករ កុក បូរីសនិយាយក្នុងទំព័រហ្វេសបុកកីឡា TheMorning ។
កីឡាករកូនខ្មែរបារាំងរូបនេះបានចុះកុងត្រាលេងឱ្យក្លិប Sarawak United ក្នុងលីគកំពូលម៉ាឡេស៊ីក្នុងលក្ខខ័ណ្ឌខ្ចីជើងមួយរដូវកាល ហើយពេលរូបគេនិយាយថាដល់ពេលជួយជម្រើសជាតិហើយណាមួយរូបគេជឿជាក់លើការដឹកនាំរបស់អ្នកចាត់ការជម្រើសជាតិកម្ពុជាលោក Keisuke Honda។
« ខ្ញុំព្យាយាមខ្លាំងណាស់ពីររដូវកាលចុងក្រោយនេះពីព្រោះខ្ញុំចង់ទទួលបានការកោះហៅពីក្រុមជម្រើសជាតិ។ ខ្ញុំធ្លាប់ប្រាប់គេជាច្រើនដង ថា ក្តីស្រមៃខ្ញុំ គឺ ចង់ជួយប្រទេសខ្ញុំ។ ខ្ញុំដឹងថាខ្ញុំជឿជាក់លើលោក Keisuke Honda ហើយ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងទទួលឱកាសបានលេងនៅក្នុងក្រុមកម្ពុជាក្រោមការដឹកនាំរបស់គាត់»។
បូរីសធ្លាប់ជាប់ជម្រើសជាតិផងដែរដោយលេងបាន២ប្រកួតពេលមិត្តភាពជាមួយជម្រើសជាតិប៊ូតាន់ និងអង្គុយបម្រុងក្នុងការប្រកួតកម្ពុជាប៉ះជាមួយជម្រើសជាតិជប៉ុនវគ្គជម្រុះ World Cup 2018 នៅទីក្រុងភ្នំពេញកាលពីឆ្នាំ២០១៥៕
ដកស្រង់សម្ដីពី៖ TheMorning
(Khmer) បើនិយាយពីក្លិបបាល់ទាត់ក្នុងសាល គឺមានក្លិបបាល់ទាត់ឱម៉ាល់ ដែលជាក្លិបមួយ ក្នុងចំណោមក្លិបដទៃទៀត មានកំណត់ត្រាល្អៗ កីឡាករឆ្នើមៗ ជាពិសេសទៅទៀតនោះ គឺមានឈ្មោះបោះសម្លេងក្នុងការប្រកួតពានរង្វាន់ជាច្រើននៅក្នុងប្រទេសកម្ពុជា។
សហព័ន្ធបាល់ទាត់កម្ពុជា (FFC) បានរៀបចំពានរង្វាន់បាល់ទាត់ក្នុងសាល Tiger រដូវកាលឆ្នាំ២០២១ (Tiger Futsal Cup 2021) ដែលការប្រកួតគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។ មុននឹងព្រឹត្តិការណ៍ពានរង្វាន់ Tiger Futsal Cup 2021 ដំណើរការនៅចុងសប្តាហ៍នេះ ក្រុមការងារ B8-sport.com ក៏បានសាកសួរទៅកាន់គ្រូបង្វឹកក្លិបបាល់ទាត់ឱម៉ាល់ លោក ជាប លីឆាយ ជុំវិញការកំណត់គោលដៅរបស់ក្លិប មុនការចូលរួមពានរង្វាន់ Tiger Futsal Cup 2021 ។
គ្រូបង្វឹក វ័យ៥២ឆ្នាំ រូបនេះ បានសម្តែងចំណាប់អារម្មណ៍ថា៖ «គោលដៅរបស់ពួកយើង គឺចង់គ្រងតំណែងជើងឯកក្នុងឆ្នាំនេះតែម្តង ដោយសារឆ្នាំមុន យើងខកបំណងរួចមកហើយ ដោយបានត្រឹមចំណាត់ថ្នាក់លេខ២ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្លិបមហាហង្ស។ បន្ថែមលើសពីនេះទៀតក្តីកង្វល់របស់ខ្ញុំ នៅតែមានមុនការប្រកួតចូលមកដល់ គឺការហ្វឹកហាត់ ក៏ដូចជាការប្រកួតមិត្តភាពតែម្តង យើងដឹងហើយថា ដោយសារការរីករាលដាលនៃមេរោគកូវីដ១៩ ដូច្នេះពួកយើងមិនសូវបានហ្វឹកហាត់ជុំគ្នា ឬក៏មានការប្រកួតមិត្តភាពបានច្រើនឡើយ»
«បើធៀបទៅឆ្នាំមុន សម្រាប់ឆ្នាំនេះ យើងមានកីឡាករល្អៗច្រើន ដែលមានបទពិសោធនៅលើទីលាន បានមកចូលរួមជាមួយក្លិបឳម៉ាល់ ដោយឡែកកីឡាករ ជាប រីឈី ដែលជាកូនប្រុសរបស់ខ្ញុំ ក៏បានមកចូលរួមជាមួយពួកយើងសារជាថ្មី ដូច្នេះពួកយើងមានក្តីសង្ឃឹមខ្ពស់ក្នុងការប្រជែងជើងឯក Futsal Tiger Cup 2021» លោក ជាប លីឆាយ បានបញ្ជាក់បន្ថែមមកកាន់ក្រុមការងារ B8-sport.com អំពីសមាភាពកីឡាករ ដែលត្រៀមខ្លួនក្នុងឆ្នាំនេះ គឺមានកម្រិតល្អជាងឆ្នាំមុន។
ក្រៅពីមានតួនាទីជាគ្រូបង្វឹក លោក ជាប លីឆាយ ក៏ជាស្ថាបិកក្លិបបាល់ទាត់ឱម៉ាល់ ផងដែរ ដែលក្លិបមួយនេះ ចាប់ផ្តើមបង្កើតឡើងតាំងពីឆ្នាំ២០១២។ ក្លិបបាល់ទាត់ឱម៉ាល់ស្ថិតនៅពូល C ដែលមានគូប្រជែងដូចជា ក្លិប F1 Sport Club, ក្លិប Youngchester FT និងក្លិប Alpha FT ៕
រូបភាព៖ FFC និងមករ
(Khmer) បន្ទាប់ពីអ្នកលេងគុនចម្រុះឥណ្ឌូណេស៊ី Eko Roni Saputra ប្រកាសចង់ជួបអ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា នៅលើឆាកសង្វៀនពិភពលោក ONE Championship តាំងពីជាងមួយឆ្នាំមុន ពេលនេះការពិតបានកើតឡើងហើយ។
អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា និង Eko Roni Saputra នឹងជួបគ្នាក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់ ONE: LIGHT OUT នាថ្ងៃសុក្រ ទី១១ ខែមីនានេះនៅប្រទេសសិង្ហបុរី។ ជំនួបនេះពិតជាសំខាន់ណាស់សម្រាប់អ្នកទាំងពីរ។
ក្នុងចំណោមជ័យជម្នះ៦លើកនៅសង្វៀន ONE ចាន់ រតនា បានឈ្នះកីឡាករឥណ្ឌូណេស៊ី២នាក់គឺឆ្នាំ២០១៨ បានផ្តួលជើងខ្លាំងឥណ្ឌូណេស៊ី Abro Fernandes ក្នុងទឹកទី២ និងឆ្នាំ២០១៩បានបន្តផ្តួលជើងខ្លាំងឥណ្ឌូណេស៊ី Rudy Agustian នៅក្នុងទឹកទី២ទៀត។
មូលហេតុនេះហើយបានជា Saputra បានប្រកាសចង់ជួប ចាន់ រតនា ដើម្បីបំបែកកំណត់ត្រាគឺទី១សងសឹកឲ្យមិត្តរួមជាតិ និងទី២ធ្វើឲ្យប្រាកដច្បាស់ថា រូបគេជាកីឡាករឥណ្ឌូណេស៊ីទី១ដែលទទួលបានជ័យជម្នះលើ ចាន់ រតនា ដែលរហូតដល់ពេលនេះមិនទាន់មានកីឡាករឥណ្ឌូណេស៊ីណាម្នាក់ឈ្នះជើងខ្លាំងកម្ពុជាឡើយ។
ក្រោយពេលប្រកាសចង់ជួប ចាន់ រតនា ប៉ុន្តែមិនបានជួបតាមបំណងប្រាថ្នា កីឡាករឥណ្ឌូណេស៊ី Eko Roni Saputra បានទៅប្រកួតជាមួយកីឡាករចិន Pengshuai Liu និងបានយកឈ្នះក្នុងទឹកទី១ដោយកណ្តាប់ដៃ។ តាមរយៈជ័យជម្នះនេះធ្វើឲ្យរូបគេឡើងប្រកួតឈ្នះ៥លើកជាប់គ្នាក្នុងចំណោមប្រវត្តិប្រកួត៦ដងនៅសង្វៀន ONE។
ក្នុងចំណោមជ័យជម្នះទាំង៥ដងនេះ រូបគេក៏ធ្លាប់ផ្តួលកីឡាករកម្ពុជា ខុន ស៊ីចាន់ នៅក្នុងទឹកទី១កាលពីខែកុម្ភៈ ឆ្នាំ២០២០។ ចំណែកអ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា មិនបានឡើងប្រកួតទេគិតចាប់តាំងពីចាញ់កីឡាករចិន Wei Xie កាលពីខែធ្នូ ឆ្នាំ២០២០ពោលគឺរយៈពេលជាងមួយឆ្នាំហើយ។ រូបគេបានទៅលេងប្រពន្ធកូននៅប្រទេសបារាំង និងទើបតែវិលត្រឡប់មកកម្ពុជាវិញកាលពីពេលថ្មីៗនេះ។
សម្រាប់ការជួប Eko Roni Saputra នេះគឺ ចាន់ រតនា ត្រូវមានកាតព្វកិច្ចពីរសំខាន់គឺទី១ធ្វើយ៉ាងណារក្សាកំណត់ត្រាជ័យជម្នះរបស់ខ្លួនឲ្យបានជោគជ័យលើកីឡាករឥណ្ឌូណេស៊ី និងទី២ក៏ជាផ្នែកមួយក្នុងការសងសឹកឲ្យ ខុន ស៊ីចាន់ ដែលធ្លាប់ចាញ់ Eko Roni៕
អត្ថបទ៖ ONE Championship
(Khmer) ក្រឡែកទៅមើលក្លិប Youngchester FT ដែលជាក្លិបមួយ ចូលចិត្តប្រើប្រាស់កីឡាករវ័យក្មេងនាពេលកន្លងមក ស្ថិតនៅក្នុងពូល C ដែលមាន ក្លិប Ov Mal FC ក្លិប F1 Sport Club និងក្លិប Alpha FT ។ ក្នុងនោះដែរ លោក ផៃ បរិញ្ញា ជាគ្រូបង្វឹក ក៏បានសម្តែងក្តីកង្វល់ផងដែរ ដែលក្លិបរបស់ខ្លួន ត្រូវប្រឈមមុខជាមួយក្រុមជើងឯករង ឆ្នាំ២០២០ Ov Mal FC និង Alpha FT ដែលជាក្លិបថ្មី ប៉ុន្តែសំបូរទៅដោយអតីតកីឡាកររបស់ក្លិប Downtown Sport និង សសយក កំចាយមារ។
គ្រូបង្វឹកវ័យក្មេងរូបនេះ រៀបរាប់ប្រាប់គេហទំព័រ B8-sport.com ឲ្យដឹងថា៖ «ក្នុងឆ្នាំនេះ សម្រាប់ពួកយើងផ្ទាល់មិនទាន់ហ៊ានរំពឹងថាអាចឆ្លងទៅវគ្គបន្តឡើយ ដោយសារតែការចាប់ពូលមក ពួកយើងត្រូវជួបសុទ្ធតែជាក្រុមខ្លាំង ដូច្នេះខ្ញុំគិតថាវានឹងពិបាកសម្រាប់ពួកយើង ជាក្រុមប្រើប្រាស់កីឡាករវ័យក្មេង ប៉ុន្តែទាល់តែរង់ចាំមើលការប្រកួត ជាមួយនឹងសំណាងផ្សារភ្ជាប់ជាមួយគ្នាដែរ»។
គ្រូបង្វឹកកាន់អាជ្ញាបណ្ណ AFC Futsal Level 1 បន្ថែមឲ្យដឹងទៀតថា៖ «គោលការណ៍ប្រើប្រាស់កីឡាករវ័យក្មេង របស់ក្លិប Youngchester FT គឺនៅតែមាន មិនថាឆ្នាំនេះ ឬឆ្នាំបន្ទាប់ឡើយ ដោយខ្ញុំបាទនៅប្រកាន់ភ្ជាប់គោលជំហរចង់ឲ្យពួកគេបានបង្ហាញសមត្ថភាពឲ្យបានគ្រប់ៗគ្នា ក្នុងព្រឹត្តិការណ៍នានា នៃវិស័យបាល់ទាត់ក្នុងសាលនេះតែម្តង»
(Khmer) អគ្គលេខាធិការក្លិបបាល់ទាត់កងយោធិពលខេមរៈភូមិន្ទលោក ខូវ ឆាយបានផុសក្នុងបណ្ដាញសង្គមហ្វេសបុករបស់លោក ថាសូមត្រៀមទឹកភ្នែកសំរាប់លទ្ធផលស៊ីហ្គេម2023ដែលយើងធ្វើម្ចាស់ផ្ទះអោយហើយទៅបើលីគកម្ពុជាមិនសូវមានអ្នកទិញសំបុត្រទៅទស្សនាផងនោះ។
ការប្រកួតបើកឆាកនៃលីកកំពូលកម្ពុជា ក៏ដូចជាការប្រកួតក្នុងលីគទី២រវាងក្រុមខ្លាំងទាំង៤នៅថ្ងៃទី០៦ខែមិនា បុរសជោគជាំនិងវិស៍យបាល់ទាត់កម្ពុជារូបនេះបាននិយាយថា មានអ្នកចូលរួមទស្សនាផ្ទាល់នៅទីលាន Tiffy Army Stadium និង Cambodia Airway Stadium ប្រហែលជាង500នាក់ដូចគ្នា។ នេះហើយជាសន្ទុះនៃការគាំទ្របាល់ទាត់លីគកម្ពុជា បើធៀបនឹងអ្នកគាំទ្រលីគវៀតណាមដែលមានអ្នកគាំទ្រជាមធ្យម10,000នាក់រាល់ការប្រកួត។
«សូមត្រៀមទឹកភ្នែកសំរាប់លទ្ធផលស៊ីហ្គេម2023ដែលយើងធ្វើម្ចាស់ផ្ទះអោយហើយទៅ យើងគ្មានថ្ងៃលេងឈ្នះវៀតណាម រឺ ថៃទេបើលីគយើងនៅតែបែបនេះ ហើយសូមកុំបន្ទោសប្រធានសហព័ន្ធ កុំបន្ទោសគ្រូជំរើសជាតិ កុំបន្ទោសកីឡាករ កុំបន្ទោសប្រធានក្លឹបទាំងអស់ យើងបានធ្វើអស់ហើយ ម្នាក់ៗចំណាយពី50ម៉ឺនទៅដល់រាប់លានដុល្លាក្នុង1ឆ្នាំដើម្បីអភិវឌ្ឍន៍បាល់ទាត់ខ្មែរ»។
លោកបន្តថា៖«បងប្អូនអ្នកគាំទ្រគួរសួរខ្លួនឯងវិញថាបានធ្វើអ្វីខ្លះដើម្បីបាល់ទាត់ជាតិយើង? បើសំបុត្រទស្សនាផ្ទាល់តែ5,000ទៅ10,000រៀលមិនហ៊ានចំណាយផង តើក្លឹបនិមួយៗមានថវិកាមកពីណាមកអភិវខ្ឍន៍កីឡាករដើម្បីជំរើសជាតិឈ្នះស៊ីហ្គេម2023»។
ដោយឡែក! សម្រាប់លោក Keisuke Honda ក៏បង្ហាញភាពភ្ញាក់ផ្អើលផងដែរអំពីអ្នកគាំទ្រមកទស្សនាក្នុងការប្រកួតបាល់ទាត់កម្រិតពានក្នុងស្រុកដែលមិនសូវមានមកចូលរួមបើធៀបជាមួយការប្រកួតរបស់ក្រុមជម្រើសជាតិគ្រប់កម្រិត។ លោកបានទៅចូលរួមក្នុងការប្រកួតពាន Cambodian Super Cup រវាងវិសាខានិងក្រោន និងការប្រកួតក្នុងលីគនានានៃសប្ដាហ៍ទីមួយនេះផងដែរ៕
International News
(Khmer) សមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) បានពន្យល់ពីកត្តាចំបងថាហេតុអ្វីបានជាពួកគេមិនបញ្ជូនក្រុមជម្រើសជាតិនារីទៅចូលរួមប្រកួតកីឡាស៊ីហ្គេមនៅប្រទេស វៀតណាម។
ការសម្រេចឱ្យក្រុមបាល់ទាត់នារីមិនចូលរួមប្រកួតកីឡា SEA Games របស់វៀតណាម ត្រូវបានធ្វើឡើងកាលពីឆ្នាំមុន បន្ទាប់ពីបានគិតគូរពីភាពខ្លាំងរបស់គូប្រកួតនៅលើឆាកអន្តរជាតិ និងសមិទ្ធិផលរបស់កីឡាការិនីជម្រើសជាតិរបស់ប្រទេសក្នុងការប្រកួតពីរលើកមុន។
ប្រធានគណៈកម្មាធិការកីឡាបាល់ទាត់នារីនៃសមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី FAM លោក Datuk Suraya Yaacob បាននិយាយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីគិតគូរពីការពិតដែលថាក្រុមជម្រើសជាតិមិនទាន់បង្ហាញសក្តានុពលក្នុងការប្រជែងនៅលើឆាកក្នុងតំបន់នៅពេលនេះនោះទេ។
យោងតាមក្រុមប្រឹក្សាអូឡាំពិកម៉ាឡេស៊ី (MOC) ដែលបែងចែកការប្រកួតកីឡាស៊ីហ្គេម ដោយផ្អែកលើប្រភេទ A និង B ដោយផ្អែកលើសក្ដានុពលក្នុងការឈ្នះមេដាយមួយ លោក Suraya បាននិយាយថា FAM មានទស្សនៈថា ឱកាសនៃការឈ្នះមេដាយមានតិចតួចដោយផ្អែកលើការអនុវត្តបច្ចុប្បន្ន។
“ព័ត៌មានដែលយើងបានរកឃើញគឺថា ក្រុមដែលបានជ្រើសរើសដូចជា ថៃ វៀតណាម និងមីយ៉ាន់ម៉ា ក៏ដូចជាហ្វីលីពីន មានប្រៀបពិបាកសម្រាប់ក្រុមជម្រើសជាតិយើងដែលប្រកួតប្រជែងនៅពេលនេះ”។
លោកបានមានប្រសាសន៍ថា៖ “បន្ទាប់ពីគិតគូរពីលទ្ធផលក្រុមជម្រើសជាតិក្នុងឆ្នាំ ២០១៧ និងឆ្នាំ ២០១៩ ហើយផ្អែកលើលទ្ធផលបច្ចុប្បន្ន យើងសម្រេចចិត្តមិនចូលរួមប្រកួតកីឡាស៊ីហ្គេមលើកនេះ”។
ក្រុមរបស់លោក Jacob Joseph បានចាញ់មីយ៉ាន់ម៉ា និងហ្វីលីពីន ក្នុងដំណើរឆ្ពោះទៅកាន់វគ្គ៤ចុងក្រោយក្នុងពូល A ក្នុងព្រឹត្តិការណ៍ SEA Games 2019។ នៅចំពោះមុខអ្នកគាំទ្រផ្ទាល់ក្នុងឆ្នាំ ២០១៧ ក្រុមរបស់លោក Jacob បានចាញ់ ៤ ប្រកួតគឺ ១-២ ក្រោមថ្វីជើងហ្វីលីពីន ០-៥ ក្រោមថ្វីជ់ងមីយ៉ាន់ម៉ា និក្រុមថៃវៀតណាម៦ទល់០ដូចគ្នា។
លោក Suraya បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តមិនបញ្ជូនក្រុមទៅចូលរួមប្រកួតកីឡា SEA Games នៅប្រទេសវៀតណាម ត្រូវបានធ្វើឡើងមុនពេលការប្រកួតរយៈពេលពីរឆ្នាំ ដែលគ្រោងនឹងធ្វើឡើងក្នុងខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២១ ត្រូវបានពន្យារពេលដល់ខែឧសភា ឆ្នាំ២០២២ ដោយសារការរីករាលដាលនៃមេរោគ COVID-19។
ការសម្រេចចិត្តនេះក៏ត្រូវបានធ្វើឡើងបន្ទាប់ពីគិតគូរពីគុណផលលេងរបស់ជម្រើសជាតិនារី ក្នុងវគ្គជម្រុះនៃ Asian Cup នៅប៉ាឡេស្ទីនក្នុងខែកញ្ញា ឆ្នាំ 2021 ដែលជាការប្រកួតតែមួយគត់របស់ក្រុមជម្រើសជាតិក្នុងរយៈពេលពីរឆ្នាំ។ ក្នុងការប្រកួតជម្រុះ ក្រុមរបស់ Jacob បានចាញ់ថៃ ០-៤ មុនពេលផ្ដួលប៉ាឡេស្ទីន ២-០។
យោងតាម Suraya ទោះបីជាជម្រើសជាតិនារីអាចលេងបានក្រោមការដឹកនាំរបស់ Steffi Sarge Sergeant Singh, Nurul Azurin Mazlan, Andrea Lee និង Henrietta Justine ក៏ដោយ FAM មានការព្រួយបារម្ភថាការខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍក្រុមជម្រើសជាតិនាីទាំងមូលនឹងមានការរារាំង ប្រសិនបើពួកគេក្លាយជាក្រុមចាញ់គេរហូតនៅវៀតណាម។
នៅពេលសួរអំពីការចូលរួមក្នុងប្រទេសប៉ាឡេស្ទីនកាលពីឆ្នាំមុន លោក Suraya បានសង្កត់ធ្ងន់ថា រាល់សមាជិកសម្ព័ន្ធ ឬរដ្ឋជាសមាជិករបស់ AFC ក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) តម្រូវឱ្យចូលរួមក្នុងការប្រកួតកម្រិតអាយុតាមតំបន់ និងទ្វីប ដើម្បីបំពេញលក្ខខណ្ឌជាសមាជិកសម្ព័ន្ធ។ .
“FAM ប្តេជ្ញាចិត្តក្នុងការចូលរួមក្នុងការប្រកួតទាំងអស់ដែលរៀបចំដោយ AFC និងក្រោមការឧបត្ថម្ភរបស់ AFF ពីព្រោះគ្រប់ប្រទេសជាសមាជិកគឺតម្រូវឱ្យធ្វើដូច្នេះ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ព្រឹត្តិការណ៍កីឡាដូចជា ស៊ីហ្គេម និងកីឡាអាស៊ី ក្រោមការឧបត្ថម្ភរបស់ OCM យើងផ្តល់ជម្រើសក្នុងការសិក្សាគ្រប់ជម្រើសដែលមាន»។
Suraya ក៏បានពន្យល់ថា FAM កំពុងរៀបចំផែនការយុទ្ធសាស្រ្តដើម្បីពង្រឹងការប្រកួត Tun Sharifah Rodziah Cup ដើម្បីបង្កើតជាលីគនារីតាមតំបន់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់មូលដ្ឋានគ្រឹះត្រឹមត្រូវទាក់ទងនឹងរចនាសម្ព័ន្ធការប្រកួតក្នុងស្រុក។
“អ្វីដែលសំខាន់នាពេលនេះគឺ FAM កំពុងព្យាយាមពង្រឹងការប្រកួតលីគក្នុងស្រុកក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់អត្តសញ្ញាណទេពកោសល្ យដែលអាចបង្ហាញនៅលើឆាកស៊ីហ្គេម និងបន្ទាប់មកអាស៊ី។
លោកបានបន្ថែមថា៖ “រដ្ឋ និងក្លឹបកាន់តែច្រើនដែលកំពុងតែធ្វើឱ្យកីឡាបាល់ទាត់នារីមានភាពសកម្មនៅថ្នាក់មូលដ្ឋាន ស្រុក និងថ្នាក់រដ្ឋ វានឹងកាន់តែងាយស្រួលសម្រាប់ FAM ក្នុងការរំលេចទេពកោសល្យឱ្យមានភាពល្បីល្បាញជាអន្តរជាតិ”។
(Khmer) លោក គឹម ភក្ដីគ្រូបង្វឹកក្លិបបឹងកេតបាននិយាយថា ទោះបីជា Alexandre Cardoso អាចជំនួសតំណែង Hikaru Mizuno ក្នុងតំណែងបម្រើការពារប៉ុន្តែយ៉ាងណាក្ដីគាត់មិនអាចបន្តប្រើទម្រង់លេងមានខ្សែបម្រើការពារនេះទេព្រោះគាត់ត្រូវផ្លាស់ប្ដូរក្បួនលេងថ្មីតាមទម្រង់លេងរបស់កីឡាករ។
និយាយក្នុងសន្និសីទកាសែតមុនការប្រកួតរសៀលនេះលោកបានឆ្លើយតប ក្រោយអ្នកសារព័ត៌មានសួរថា តើ Alexandre Cardoso អាចជំនួសតំណែង Hikaru Mizuno ក្នុងតំបន់បម្រើការពារបានកម្រិតណា?
«ជាធម្មតា! យើងមានការផ្លាស់ប្ដូរហើយ! ពិសេសកីឡាករបរទេស កាលណាមានការផ្លាស់ប្ដូរ របៀបលេងក៏យើងត្រូវផ្លាស់ប្ដូរដែរ។ តួនាទីរបស់ Alex (Alexandre Cardoso)និង Mizuno គាត់អាចជំនួសគ្នាបាន គ្រាន់តែផ្លាស់ប្ដូររបៀបលេងទៅតាមទម្រង់របស់កីឡាករនីមួយៗ។ ដូច្នេះពេលយើងផ្លាស់ប្ដូរកីឡាករ យើងផ្លាស់ប្ដូរគម្រោងនៃការប្រកួតរបស់យើងមួយចំនួនដែរ។ ដូច្នេះវាមិនមានបញ្ហាក្នុងតំបន់កណ្ដាលហ្នឹងទេ ហើយយើងនឹងរៀបចំឱ្យបានល្អក្នុងការប្រកួតប្រជែងឆ្នាំនេះ»។
Hikaru Mizuno បានចំណាយពេលជាមួយក្លិបបឹងកេតតាំងពីរដូវកាល២០១៧ ដល់ឆ្នាំ២០២១ ហើយគាត់ជាតួរសំខាន់ជួយបឹងកេតឈ្នះពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០១៧និង២០២០ដោយរ៉ាប់រង់តំណែងបម្រើការពារបានយ៉ាងល្អ ហើយពេលនេះគាត់ត្រឡប់ទៅលេងនៅព្រះខ័នរាជស្វាយរៀងវិញក្នុងរដូវកាល២០២២៕