National News
(Khmer) គ្រូបង្វឹកជម្រើសជាតិកម្ពុជា លោក Hirose Ryu ត្រូវប្រឈមមុខនឹងសំណួរតឹងតែងមួយចំនួនពីប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីរងបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះឥណ្ឌា។ គាត់បាននិយាយអំពីការសម្រេចចិត្តប៉េណាល់ទី របៀបដែលកម្ពុជាចាញ់ការប្រកួត និងច្រើនទៀត។
លោក Hirose Ryu មិនសប្បាយចិត្តនឹងការដែលកម្ពុជាចាប់ផ្ដើមយុទ្ធនាការជម្រុះនេះដោយលទ្ធផលបរាជ័យ។ លោកបានសង្កត់ធ្ងន់លើតំបន់ដែលពួកគេបរាជ័យក្នុងការអះអាងពីការត្រួតត្រារបស់ពួកគេ។
“ជាក់ស្តែង វាមិនមែនជាលទ្ធផលដែលយើងចង់បាន ហើយយើងមិនចង់ចាញ់ការប្រកួតដំបូងក្នុងវគ្គជម្រុះនោះទេ។ កីឡាករប្រឹងប្រែងខ្លាំងណាស់ តែពួកគេមិនអាចធ្វើអ្វីបានតាមការគ្រោងទុក។ យើងមានកន្លែងសម្រាប់បង្កើតឱកាស(ឱកាសហ្វ្រីឃីគ ២ដង) ប៉ុន្តែយើងមិនអាចធ្វើបាន»។
លើសពីនេះគ្រូបង្វឹកសញ្ជាតិជប៉ុននិយាយអំពីការសម្រេចចិត្តផ្តល់បាល់ប៉េណាល់ទីរបស់អាជ្ញាកណ្ដាលផងដែរ បន្ទាប់ពី Liston Colaco ត្រូវបានដួលក្នុងប្រអប់ ហើយចំណុចនេះនាំឱ្យមានការជជែកគ្នាច្រើន។ នេះជាអ្វីដែលគ្រូបង្វឹកបាននិយាយអំពីការសម្រេចចិត្ត។
“វាមិនសមទេ មិនដល់ថ្នាក់ត្រូវពិន័យម៉េណាល់ទីនោះទេ។ វាជាករណីដែលកីឡាកររបស់យើងត្រូវបានគេវាយ ហើយបន្ទាប់មកកីឡាករឥណ្ឌាប្រហែលជាមានឥទ្ធិពលលើអាជ្ញាកណ្តាលដើម្បីទទួលបានការពិន័យ»។
និយាយអំពីការពន្យារពេលដោយសារភ្លេងជាតិមុនការប្រកួត
ក្នុងនាមជាគ្រូបង្វឹកសញ្ជាតិជប៉ុន លោកមិនចាប់អារម្មណ៍ខ្លាំងពេកទេ អំពីបញ្ហាដែលកើតឡើងមុន ឬក្រោយការប្រកួតនោះទេ។ លោកបានជំរុញឲ្យកីឡាកររបស់លោកបន្តផ្តោតលើអ្វីដែលស្ថិតក្នុងការគ្រប់គ្រងរបស់ពួកគេ។
“យើងពិតជាមិនខកចិត្តចំពោះរឿងនោះខ្លាំងទេ ពិតណាស់យើងពិតជាទទួលបានហេតុផលសមស្របតិចតួចបំផុត។អ្វីដែលត្រូវធ្វើគឺយើងសម្រាកហើយរៀបចំរង់ចាំការប្រកួតជាថ្មី។នេះគឺជាតួនាទីរបស់យើង”។
(Khmer) ក្លិបបាល់ទាត់កម្ពុជាភ្នំពេញក្រោន ដែលជាជើងឯក Cambodian League Cup 2022 បានបញ្ចប់យុទ្ធនាការប្រកួតមិត្តភាពអន្តរជាតិលើទឹកដីម៉ាឡេស៊ី Malaysia Tour 2022 ដើម្បីត្រៀមចូលរួមប្រកួតពានរង្វាន់ក្លិបអាស៊ីទី២ AFC CUP ដោយមិនអាចទទួលបានជ័យជំនះឡើយក្នុងចំណោម ៣ប្រកួតរបស់ពួកគេជាមួយក្លិបជើងខ្លាំងម៉ាឡេស៊ី ដែលចាប់ផ្ដើមប្រកួតពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ខែមិថុនា ឆ្នាំ២០២២នេះ។
ការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ International Club Friendly Match 2022 របស់ក្លិបបាល់ទាត់ភ្នំពេញក្រោនបានទទួលលទ្ធផលមិនគាប់ប្រសើរឡើយ ដោយចាប់ផ្ដើមប្រកួតដំបូងនៅថ្ងៃទី០៤ ខែមិថុនានេះ ស្មើ ១-១ ជាមួយសមាជិកលីគកំពូលម៉ាឡេស៊ី Terengganu FC ហើយពីថ្ងៃបន្ទាប់បានចាញ់ក្រុមលីគ២ម៉ាឡេស៊ី Terengganu FC II លទ្ធផល ៣-១ និងបន្តបរាជ័យ ១-៥ ជាមួយ Kuala Lampur City ដែលជាក្រុមខ្លាំងមួយរបស់លីគកំពូលម៉ាឡេស៊ីនៅល្ងាចមិញនេះ។
គួរបញ្ជាក់ដែរថា ក្លិបកម្ពុជាភ្នំពេញក្រោន ត្រូវមានភារកិច្ចប្រកួតវគ្គចែកពូល AFC Cup 2022 ដែលស្ថិតក្នុងពូល I ជាមួយ Veittel FC របស់វៀតណាម Houngang United របស់សិង្ហបុរី និង Young Elephants United របស់ឡាវ ដែលចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២២ ដោយប្រកួតនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម៕
រូបភាព៖ PPCFC
(Khmer) នៅពេលនេះសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានត្រូវធ្វើលិខិតផ្លូវការសុំទោសកម្ពុជាហើយ ចំពោះកំហុសរបស់ដែលមិនបានយកចិត្តទុកដាក់ចំពោះក្រុមបាល់ទាត់កម្ពុជា រួមទាំងទង់ជាតិរបស់កម្ពុជា។
នៅក្នុងលិខិតរបស់ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដែលបានផ្ញើជូនមកសហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជាក់ថាចាភាសាអង់គ្លេសដែលមានអត្ថន័យជាភាសាខ្មែរថា៖ «ជាការឆ្លើយតបទៅនឹងបញ្ហាខាងលើ, វាជារឿងគួរឱ្យសោកស្ដាយដែលទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានផលិតឡើង សម្រាប់ការប្រកួត មិនត្រូវតាមលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់នៅត្រង់ ផ្នែករចនា និងពណ៌។ ដូច្នេះ យើងសូមជូនដំណឹងថា AFC នឹងប្រើប្រាស់ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ជារូបភាពក្រាហ្វិកវិញ នៅលើស្រ្គីនធំមួយសម្រាប់ការប្រកួត ដែលនឹងចាប់ផ្ដើមនៅប៉ុន្មានម៉ោងខាងមុខ ហើយនេះគឺជាការអនុវត្តជាទម្លាប់ធម្មតា នៅក្នុងករណីមានបញ្ហាបែបនេះកើតឡើង សម្រាប់រយៈពេល ២ឆ្នាំចុងក្រោយនេះ នៅក្នុងការប្រកួតរបស់ AFC»។
នាយឧត្តមសេនីយ៍ សៅ សុខា តាមរយៈបណ្តាញព័ត៌មានផ្លូវការ Fresh News បានព្រមានទុកយៈពេល៣ម៉ោង ឲ្យសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួត ចេញលិខិតសុំទោសកម្ពុជាទេ បើមិនដូច្នេះទេយន្តហោះនឹងដឹកកីឡាករបាត់ទាត់ជម្រើសជាតិកម្ពុជា ត្រឡប់មកមាតុភូមិ ដោយមិនធ្វើការប្រកួតនោះទេ។ ប៉ុន្តែភ្លាមៗក្រោយប្រតិកម្ម ទីបំផុតសហព័ន្ធបាល់ទាត់អាស៊ី (AFC) បានចេញលិខិតសុំទោសកម្ពុជា។
(Khmer) តាមប្រភពពីគេហទំព័រ FRESH NEWS បានឱ្យដឹងថា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តមឧត្តមសេនីយ៍ សៅ សុខា នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រកាសទុករយៈពេល៣ម៉ោងឲ្យ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួត ត្រូវធ្វើលិខិតសុំទោសកម្ពុជាជាបន្ទាន់ ដោយសារតែពួកគេមិនបានខ្វល់អ្វីទាល់តែសោះ ចំពោះការទទួលក្រុមបាល់ទាត់កម្ពុជា ទាំងអាហារ ការស្នាក់នៅ រួមទាំងទង់ជាតិរបស់កម្ពុជាផងដែរ។
នាយឧត្តមសេនីយ៍ សៅ សុខា ព្រមានថា «ក្នុងរយៈពេល៣ម៉ោងនេះ បើសិនជាសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួតមិនព្រមចេញលិខិតសុំទោសកម្ពុជាទេ យន្តហោះនឹងដឹកកីឡាករកម្ពុជាត្រឡប់មកមាតុភូមិ ដោយមិនធ្វើការប្រកួតនោះទេ»។
សូមបញ្ជាក់ថា នៅម៉ោង១០យប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយជម្រើជាតិឥណ្ឌាដែលជាម្ចាស់ផ្ទះ ក្នុងជំនួបបើកឆាកពូល D នៃវគ្គជម្រុះជុំចុងក្រោយពានរង្វាន់ AFC Asian Cup 2022 នៅកីឡដ្ឋាន Salt Lake នាទីក្រុងកុលកាតា៕
(Khmer) លោក Igor Stimac គ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌាបានបដិសេធមិននិយាយបូបាច់ច្រើនអំពីចំណាត់ថ្នាក់ FIFA Ranking ដ៏ខ្ពស់របស់ពួកគេនោះទេ នៅមុនថ្ងៃនៃការប្រកួតជម្រុះ Asian Cup ដោយលោកនិយាយថា ចំណាត់ថ្នាក់នេះមិនមានបញ្ហាអ្វីទេនៅក្នុងបាល់ទាត់នាពេលបច្ចុប្បន្ននេះ។
ដោយសម្លឹងឃើញការប្រកួតជុំផ្ដាច់ព្រ័ត្រ Asian Cup លើកទីពីរជាប់ៗគ្នា និងជាលើកទី៥ជាប់ៗគ្នា ក្រុមដែលមានចំណាត់ថ្នាក់ទី១០៦ក្នុងពិភពលោកឥណ្ឌាត្រូវបានគេចាត់ទុកថាជាក្រុមមានភាគរយខ្ពស់ជាងគេ និងជាក្រុមខ្លាំងជាងគេក្នុងពូល D បើធៀបទៅចំនួនបីក្រុមរវាង កម្ពុជា អាហ្វហ្គានីស្ថាន និងហុងកុង។
Stimac បាននិយាយនៅក្នុងសន្និសីទកាសែតថា៖ “ខ្ញុំគោរពរាល់គូប្រជែងទាំងអស់។ ខ្ញុំមិនមើលចំណាត់ថ្នាក់ FIFA Ranking ទេ។ កម្ពុជាមិនបានមកទីនេះដើម្បីគ្រាន់តែចូលរួមទទេៗទេ តែពួកគេមកដោយបំណងប្រាថ្នាដូចគ្នាដើម្បីឈ្នះការប្រកួត និងឡើងទៅជុំបន្ទាប់” ។
“នៅពេលដែលប្រទេសឥណ្ឌាធ្លាក់ដល់ចំណាត់ថ្នាក់១៨០ ពួកយើងបានឈ្នះការប្រកួត ហើយមិនចាញ់ពួកគេទេ។ ខ្ញុំក៏នឹងមានការគោរពបន្ថែមទៀតចំពោះគូប្រកួតនីមួយៗ។ ខ្ញុំមិនដែលនិយាយថាយើងអាចឈ្នះជាមួយនរណាម្នាក់ដោយងាយនោះទេ។ នោះជាការមិនគោរព។ យើងត្រូវ ត្រៀមខ្លួន ស្រេកឃ្លាននិងមានការលើកទឹកចិត្តយ៉ាងពេញលេញសម្រាប់ហ្គេមទាំងនេះ។”
លោកបានបន្ថែមថា៖ “នៅលើលោកនេះគ្មានការប្រកួតងាយស្រួលទៀតទេ។ បើមានប្រហែលជានៅ 50 ឆ្នាំមុន។ ពីចំណាត់ថ្នាក់ 100 រហូតដល់ 180-200 វាមានគម្លាតតិចតួចណាស់ និងគុណភាពក៏មិនសូវខុសគ្នាដែរ” ។
លោកបានបន្តថា អ្វីដែលលោកគិតគឺរបៀចំការប្រកួតបែបណាដើម្បីឱ្យកម្ពុជាមានសម្ពាធ។ “ខ្ញុំចង់និយាយថា យើងបានរៀបចំគម្រោងមួយ ប៉ុន្តែយើងមានបំណងដាក់សម្ពាធសម្រាប់នាទីដំបូងនៃការប្រកួត ហើយធ្វើឱ្យកម្ពុជាស្ថិតនៅក្រោមសម្ពាធខ្ពស់”។
“យើងត្រូវតែបង្ហាញថាយើងជាក្រុមដែលល្អជាង ហើយយើងត្រូវតែគ្រប់គ្រងហ្គេម ក៏ដូចជាត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយការវាយបករបស់គូប្រកួត។ ខ្ញុំចង់និយាយថាយើងត្រៀមខ្លួនរួចជាស្រេចសម្រាប់រឿងនោះ។”
ការឡើងទៅកាន់វគ្គជម្រុះរបស់ឥណ្ឌាគឺពិតជាមិនគួរឱ្យចាប់អារម្មណ៍នោះទេ ខណៈដែលពួកគេបានចាញ់ការប្រកួតមិត្តភាពចំនួន 3 ក្នុងចំណោមការប្រកួតចំនួន 4 របស់ពួកគេ ខណៈដែលការប្រកួតជាមួយ Zambia ត្រូវបានលុបចោល។
ក្នុងចំណោមការចាញ់ទាំងបីនេះ ឥណ្ឌាបានស៊ុតបាល់បញ្ចូលទីមួយគ្រាប់ជាមួយក្រុម បារ៉ែន (1-2) ហើយពីរប្រកួតទៀតបានចាញ់ក្រុម បេឡារុស(0-3) និង ហ្សកដានី (0-2)។
និយាយដល់ការប្រកួតនេះ ឥណ្ឌានឹងត្រូវជួបកម្ពុជានៅវេលាម៉ោង ៨និង៣០នាទីម៉ោងក្នុងប្រទេសឥណ្ឌាត្រូវនឹងម៉ោង១០កន្លះយប់ម៉ោងក្នុងប្រទេសកម្ពុជា៕
(Khmer) ដោយឆ្លងកាត់ការប្រកួតប្រជែងយ៉ាងសស្រាក់សស្រាំចំនួន១៤សប្តាហ៍កន្លងមក យើងក៏បានរកឃើញក្រុមដែលមានសិទ្ធិឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៦ ថ្នាក់ខេត្ត ដោយខេត្តឧត្តរមានជ័យ នឹងត្រូវប្រកួតជាមួយ ក្លិបបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៥:៣០នាទីរសៀល នៅកីឡដ្ឋាន ខេមបូឌា អ៊ែរវ៉ែ។
ក្នុងនោះដែរ នៅកីឡដ្ឋាន អគ្គិសនីកម្ពុជា ក៏មានការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ផងដែរ រវាង ក្លិបបាល់ទាត់កំពត អេហ្វស៊ី ប្រកួតជាមួយ ក្លឹបបាល់ទាត់ ឬទ្ធីសែន នៅវេលាម៉ោង ៨:០០នាទីព្រឹក។ ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត ក្នុងឆ្នាំ២០២២ នេះមានចំនួនសរុប ៧០ប្រកួត ដែលបែងចែកចេញជា១៥សប្តាហ៍ ដោយត្រូវធ្វើការប្រកួតតាមប្រព័ន្ធ Home-Away ហើយត្រូវបានចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២មក ដោយមានក្រុមតំណាងរាជធានី-ខេត្តចំនួន១៧ ចូលរួមប្រកួត ដោយចែកចេញជា ៤ពូល រួមមាន ៖ ពូល ក : ខេត្តកែប, កំពត អេហ្វស៊ី, ខេត្តព្រះសីហនុ, ក្លឹបបាល់ទាត់មន្ទីរឧស្សាហកម្មខេត្តតាកែវ និងមន្ទីរ អ.យ.ក ខេត្តកំពង់ស្ពឺ ពូល ខ : ភ្នំពេញហ្កាឡាក់ស៊ី, ខេត្តកណ្តាល, មន្ទីរ អ.យ.ក ខេត្តកំពង់ចាម, និងខេត្តស្វាយរៀង ពូល គ : ក្លឹបបាល់ទាត់ ឬទ្ធិសែន, បាត់ដំបង អេហ្វស៊ី, សូហ្វីយ៉ាប៉ៃលិន, ខេត្តឧត្តរមានជ័យ ពូល ឃ :ក្លឹបបាល់ទាត់សន្តិភាពខេត្តកំពង់ធំ, សមាគកីឡាខេត្តព្រះវិហារ និងសមាគមកីឡាខេត្តមណ្ឌលគិរី, ក្លឹបបាល់ទាត់ អធិរាជដំរីឦសាន។
ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ ២០០៧ ជារៀងរាល់ឆ្នាំ រហូតដល់បច្ចុប្បន្ន ដោយធ្វើការបែងចែកជា២ដំណាក់កាល គឺ ការប្រកួតពានរង្វាន់ ថ្នាក់ខេត្ត និងថ្នាក់ជាតិ។ ឆ្នាំ២០២២ នេះ ជារដូវកាលទី១៦ ដោយរាប់ចាប់តាំងពីឆ្នាំ ដែលពានរង្វាន់មួយនេះត្រូវបានបង្កើតឡើង។
Asia News
(Khmer) ជាការពិតណាស់ក្នុងបាល់ទាត់តារាងធំគេលេង១១នាក់ស្មើគ្នា ហើយក្នុង១១នាក់នោះតែងតែមានកីឡាករលេចធ្លោជាងគេបំផុត ចាប់ពី៣ទៅ៥នាក់ដើម្បីជាជំហដល់ក្រុម ហើយជាការពិតណាស់គូប្រជែងធំបំផុតរបស់កម្ពុជាគឺជម្រើសជាតិឥណ្ឌាក៏មានកីឡាករលេចធ្លោក្នុងក្រុម ដែលកីឡាករកម្ពុជាត្រូវតាមដាននិងកត់សម្គាល់ផងដែរ។
B8 Sport នឹងយកលើកកីឡាករចំនួន៣នាក់របស់ជម្រើសជាតិឥណ្ឌាដែលលេចធ្លោជាងគេមកបង្ហាញបងប្អូន ហើយកីឡាករកម្ពុជាក៏ត្រូវតែដឹងឱ្យច្បាស់ផងដែរ។
១-Liston Colaço
Liston Colaço គឺជាខ្សែប្រយុទ្ធស្លាបរបស់ក្លិបលំដាប់ AFC Cup គឺ ATK Mohun Bagan ដែលបច្ចុប្បន្នជាក្លិបខ្លាំងជាងគេបំផុតរបស់ឥណ្ឌា។ កីឡាករវ័យ២៣ឆ្នាំរូបនេះមានកម្ពស់ ១.៧៨ម៉ែត្រ ហើយភាគច្រើនរូបគេលេងក្នុងតំណែងស្លាបឆ្វេង។ កីឡាំកររូបនេះបង្ហាញខ្លួនឱ្យជម្រើសជាតិឥណ្ឌាឈុតធំបាន៩ប្រកួតរួចមកហើយតែមិនទាន់បានស៊ុតបញ្ចូលទីនៅឡើយទេ។
តែកីឡាកររូបនេះកំពុងតែឡើងជើងខ្លាំងក្នុងអាជីពកម្រិតក្លិប។ កាលពីថ្ងៃទី២១ខែឧសភាឆ្នាំ២០២២ថ្មីៗនេះ រូបគេគឺជាកីឡាករស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯងក្នុងចំណោម៤គ្រាប់ដែលក្លិប ATK Mohun Bagan យកឈ្នះក្លិបបង់ក្លាដេស Bashundhara Kings ក្នុងលទ្ធផល៤ទល់០ក្នុងវគ្គជម្រុះ AFC Cup 2022។ ការបង្ហាញខ្លួនក្នុងលីគកំពូលឥណ្ឌា Liston Colaço ស៊ុតបញ្ចូលទី៨គ្រាប់ក្នុងចំណោម២២ប្រកួតកាលពីរដូវកាល២០២១/២០២២។
Colaco បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គាត់សម្រាប់ក្លឹបនៅថ្ងៃទី 21 ខែសីហាពេល ATK Mohun Bagan លេងជាមួយ Maziya S&RC នៅ AFC Cup ឆ្នាំ 2021 ។ គាត់បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ Mohun Bagan ក្នុងការប្រកួតបើករដូវកាល 2021-22 ទល់នឹង Kerala Blasters នៅថ្ងៃទី 19 ខែវិច្ឆិកា ជាកន្លែងដែលគាត់បានស៊ុតបញ្ចូលទីបានមួយគ្រាប់ក្នុងលទ្ធផលឈ្នះ 4-2។ គ្រាប់បាល់របស់គាត់នៅក្នុងការទទួលជ័យជម្នះ 2-1 របស់ ATKMB លើក្រុម FC Goa នៅថ្ងៃទី 29 ខែធ្នូ ត្រូវបានកត់ត្រាថាជាគ្រាប់បាល់លឿនបំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួតជាមួយនឹងល្បឿន 181 គីឡូម៉ែត្រក្នុងមួយម៉ោង ដោយទទួលបានចំណាត់ថ្នាក់ទី 6 តាមពីក្រោយដោយអតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស David Beckham ។
២- Sunil Chhetri
តាមពិតទៅកីឡាករម្នាក់នេះ ខកខានជាប់ជម្រើសជាតិប៉ុន្មានឆ្នាំចុងក្រោយនេះដោយសាររបួស និងគ្មានឈ្មោះក្នុងបញ្ជីត្រូវកោះហៅ តែយ៉ាងណាការប្រកួតវគ្គជម្រុះ AFC Asian Cup 2023 លើនេះរូបគេមានវត្តមានពេញលេញហើយច្បាស់ណាស់នឹងត្រូវលេងតទល់និងក្រុមកម្ពុជា។ ត្រូវចាំថា កីឡាំករវ័យ៣៧ឆ្នាំរូបនេះធ្លាប់ស៊ុតចូលជម្រើសាជាតិកម្ពុជាបាន៣គ្រាប់ហើយក្នុងការលេងតទល់ចំនួន២លើក។ លើកទីមួយក្នុងពាន Nehru Cup ឆ្នាំ២០០៧ រូបគេស៊ុតបញ្ចូលទី២គ្រាប់មកលើកម្បុជាក្នុងចំណោមគ្រាប់បាល់លទ្ធផល៦ទល់០ ។ លើកទី២ ស៊ុតចូលជម្រើសជាតិកម្ពុជាក្នុងការប្រកួតមិត្តភាពលើកចុងក្រោយបំផុតរវាងក្រុមទាំងពីរកាលពីឆ្នាំ២០១៧ដែលកាលនោះកម្ពុជាចាញ់៣ទល់២នៅពហុកីឡដ្ឋានជាតិ។
រូបគេជាកីឡាករឈរលំដាប់ទី៦ក្នុងពិភពលោកដែលស៊ុតបញ្ចូលទីឱ្យជម្រើសជាតិច្រើនជាងគេពោលគឺ៨០គ្រាប់ក្នុងការបង្ហាញខ្លួន១២៦ប្រកួត។ លំដាប់ក្លិបវិញ! រូបគេលេងឱ្យ Bengaluru ក្នុងលីគកំពូលឥណ្ឌា ហើយកាលពីរដូវកាល២០២១/២០២២ រូបគេស៊ុតបញ្ចូលទីបាន៤គ្រាប់ក្នុងការបង្ហាញខ្លួន២៣ប្រកួត។
៣-Manvir Singh
ខ្សែប្រយុទ្ធរូបនេះត្រូវបានគេចាត់ទុកថាជាកម្លាំងសំខាន់របស់ជម្រើសជាតិខ្លាខៀវបេងហ្គាល់ឥណ្ឌា នាពេលបច្ចុប្បន្ននេះ។ រូបគេមានវ័យ២៦ឆ្នាំ កម្ពស់១.៨៨ម៉ែត្រហើយបច្ចុប្បន្នលេងក្លិប ATK Mohun Bagan ក្នុងលីគកំពូលឥណ្ឌា។បង្ហាញខ្លួនឱ្យជម្រើសជាតិឥណ្ឌាបាន៣០ប្រកួតរូបគេស៊ុតបញ្ចូលទី៥គ្រាប់។ នៅលំដាប់ក្លិបក្នុងរដូវកាលនេះរូបគេបង្ហាញខ្លួនបាន ២២ប្រកួតស៊ុតបញ្ចូលទី៦គ្រាប់។
Manvir គឺជាខ្សែប្រយុទ្ធដែលលេងសម្រុកខ្លាំងពេលមានបាល់ជាប់ជើង។ គាត់ជាកីឡាករដ៏ប៉ិនប្រសប់ ចូលចិត្តគ្រប់គ្រងបាល់ និងរំងាប់បាល់ និងប្រើកម្លាំងទប់ទល់នឹងក្រុមគូប្រជែង។ គ្រូបង្វឹកបច្ចុប្បន្នរបស់គាត់នៅ ATK Mohun Bagan លោក Antonio Habas បានប្រើគាត់ជាកីឡាករបម្រុងនៅដើមរដូវកាល ISL 2020-21 ដែលក្រោយមកបានដាក់ពង្រាយទម្រង់ 4-3-3 និង 4-4-2 ដើម្បីសាកសមនឹង Manvir បន្ទាប់ពីបានបង្ហាញខ្លួនល្អឡើងវិញ ជាពិសេសជាមួយកាយសម្បទារឹងមាំរូបគេតែងតែជាឧបសគ្គសម្រាប់គូប្រកួតពិសេសខ្សែការពារពិបាកក្នុងការបិទ។ គាត់ត្រូវបានគេចាត់ទុកថាជាកីឡាករវ័យក្មេងដែលមានអនាគតល្អបំផុតក្នុងប្រទេស។
(Khmer) ឥណ្ឌាចាប់ផ្តើមយុទ្ធនាការជម្រុះ AFC Asian Cup 2022 របស់ពួកគេទល់និងកម្ពុជានៅថ្ងៃពុធស្អែកនេះ។ ក្រុម Blue Tigers ត្រូវជួបកម្ពុជាក្នុងការប្រកួតជម្រុះដំបូងក្នុងចំណោមការប្រកួតចំនួនបីក្នុងពូល D ។ ការប្រកួតនេះក៏នឹងកត់សម្គាល់ផងដែរ ដែលជាការប្រកួតដំបូងក្នុងទឹកដីរបស់ខ្លួនក្នុងរយៈពេលជិត 3 ឆ្នាំ ខណៈដែលប្រកួតក្នុងដីចុងក្រោយ គឺពួកគេបានស្មើ 1-1 ជាមួយប្រទេសបង់ក្លាដែសក្នុងខែតុលា ឆ្នាំ 2019។
ពិតជាមានការរំពឹងទុកគឺខ្ពស់សម្រាប់ក្រុមរបស់លោក Stimac ក្នុងវគ្គជម្រុះនេះ។កាតដាក់ទិសដៅឡើងផុតពូលក្នុងជុំទី៣នេះ ឥណ្ឌាត្រូវធ្វើការខ្លាំង ប៉ុន្តែកម្ពុជាដែលឈរចំណាត់ថ្នាក់ ១៧១ ក្នុង FIFA World Rankings នឹងមិនជាឧបសគ្គធំណាស់ណាទេសម្រាប់ឥណ្ឌា។
ឥណ្ឌាត្រូវតែលេងអស់ពីសមត្ថភាពដើម្បីយកឈ្នះកម្ពុជា។ ការឈ្នះអាចជាការជំរុញទឹកចិត្តដ៏ល្អឥតខ្ចោះដែលពួកគេត្រូវការដើម្បីដឹកនាំក្រុម ប៉ុន្តែការបាត់បង់ពិន្ទុខ្លះអាចបង្កឱ្យមានឧបសគ្គដែលមិនចាំបាច់នៅក្នុងដំណើរជម្រុះរបស់ពួកគេ។
អំពីក្រុមទាំងពីរ៖ -ឥណ្ឌា ប្រទេសឥណ្ឌាចូលមកក្នុងការប្រកួតនេះ បន្ទាប់ពីបានលេង 15 ប្រកួតចុងក្រោយរបស់ពួកគេនៅក្រៅផ្ទះ ឬក្នុងទីលានអព្យាក្រឹត។ ជំងឺរាតត្បាត COVID-19 បានបញ្ឈប់ការប្រកួតអន្តរជាតិក្នុងដីមិនឲ្យកើតឡើង ប៉ុន្តែអារម្មណ៍ធម្មតាបានក់ឡើងវិញមានន័យថា ឥណ្ឌាអាចលេងនៅលើទីលានប្រកួតម្តងទៀត។
ពួកគេនឹងលេងនៅកីឡដ្ឋាន Salt Lake Stadium ក្នុងទីក្រុង Kolkata ដែលពួកគេបានលេងការប្រកួតក្នុងផ្ទះចុងក្រោយរបស់ពួកគេ — ស្មើ 1-1 ជាមួយប្រទេសបង់ក្លាដែស។ ដូចគ្នានេះដែរ លើកនេះ ពួកគេក៏ប្រឈមមុខនឹងក្រុមដែលមានចំណាត់ថ្នាក់ទាបជាងពួកគេនៅក្នុងFIFA ។
ការចាញ់ហ្សកដានីក្នុងមិត្តភាពនាពេលថ្មីៗនេះមិនបានបង្កគ្រោះមហន្តរាយមុនការប្រកួតជម្រុះឡើយ។ ហ្ស៊កដានីគឺជាក្រុមដែលមានគុណភាពច្រើនជាងក្រុមទាំងអស់ក្នុងពូល។ ប៉ុន្តែ Stimac ស្ថិតនៅក្រោមសម្ពាធក្នុងការដឹកនាំក្រុមរបស់គាត់ឱ្យលេងបានល្អនិងទទួលបានលទ្ធផលល្អជាងនេះ។ សម្រាប់ឥណ្ឌា ដើម្បីឈរកំពូលតារាងក្នុងពូល ការឈ្នះគឺជាការចាំបាច់ដាច់ខាត។ ឥណ្ឌាត្រូវបញ្ចេញថាមពលរបស់ខ្លួន នៃហ្វូងអ្នកគាំទ្រ ដើម្បីបង្កើតការសម្តែងដ៏គួរឲ្យភ្ញាក់ផ្អើលទល់នឹងកម្ពុជា។ នោះរាប់បញ្ចូលទាំងការលេងដ៏ក្លាហាន ក្បួនវាយលុកបាល់ទាត់ និងការទទួលបានជ័យជម្នះដ៏មានឥទ្ធិពល ដើម្បីបង្កើនកម្រិតទំនុកចិត្តនៅក្នុងក្រុម។
-កម្ពុជា កម្ពុជាបានត្រឹមវគ្គជម្រុះជុំចុងក្រោយ AFC Asian Cup ម្តងគត់ក្នុងប្រវត្តិ៦០ឆ្នាំរបស់ពួកគេ ហើយតាំងតែកាលពី 50 ឆ្នាំមុននៅឆ្នាំ 1972 នៅពេលដែលពួកគេបានបញ្ចប់ទីចំណាត់ថ្នាក់លេខ 4! តាំងពីពេលនោះមក ពួកគេមិនដែលឆ្លងផុតវគ្គជម្រុះឡើយ។ ជាការពិត ជោគជ័យធំៗរបស់ពួកគេទាំងអស់បានកើតឡើងនៅដើមទសវត្សរ៍ឆ្នាំ 1970 ។ ពួកគេបានឈ្នះការប្រកួត Korea President’s Cup ក្នុងឆ្នាំ 1973 និងពានរង្វាន់ South Vietnam Independence Cup ក្នុងឆ្នាំ 1972។ កំណត់ត្រារបស់ពួកគេទល់នឹងឥណ្ឌាក៏មើលទៅមិនអស្ចារ្យដែរ។ ជម្រើសជាតិកម្ពុជា ធ្លាប់ប្រកួតជាមួយឥណ្ឌា៥ដង ចាញ់៤ដង និងឈ្នះ១ដង។
ប៉ុន្តែអ្នកចម្បាំងអង្គរបានរកឃើញនូវគោលបំណងថ្មីមួយក្រោមរបបដឹកនាំថ្មី។ លោក Keisuke Honda ដែលជាអ្នកចាត់ការទូទៅរបស់ពួកគេ គឺជាអតីតកីឡាករបាល់ទាត់ដ៏ល្បីល្បាញ ដែលបានលេងឱ្យក្លឹប AC Milan ក្នុងអាជីពរបស់គាត់។ គ្រូបង្វឹកជនជាតិជប៉ុន Ryu Hirose ជាអ្នកមានបទពិសោធន៍ក្នុងការប្រកួតជាដៃស្ដាំរបស់គាត់។
កម្ពុជាបានយកឈ្នះទីម័រខាងកើតក្នុងការប្រកួតតែមួយគត់ក្នុងឆ្នាំ២០២២ មុនការប្រកួតជម្រុះនេះ។ ពួកគេដឹងពីគោលជំហររបស់ពួកគេក្នុងការធ្វើជាក្រុមមិនសូវល្អក្នុងការប្រកួតជម្រុះ។ ប៉ុន្តែកម្ពុជានឹងមិនបោះបង់ការប្រកួតនោះទេ ហើយអាចនឹងផ្ទុះឡើងជាមួយនឹងការភ្ញាក់ផ្អើល ប្រសិនបើគេប៉ាន់ស្មានមិនដល់។
ព្យាករណ៍រូបមន្តលេងរបស់ឥណ្ឌា Vs កម្ពុជា
ក្រុមខ្លាខៀវឥណ្ឌានឹងមានអវត្តមានកីឡាករគួរឱ្យកត់សម្គាល់មួយចំនួនសម្រាប់ការប្រកួតទល់កម្ពុជា។ Rahul Bheke ត្រូវអវត្តមានក្នុងការប្រកួតដំបូង ខណៈ Lalengmawia នឹងមិនចូលរួមក្នុងការប្រកួតជម្រុះនេះទេ។ Ritwik Das កើតជំងឺអុតមាន់ ហើយត្រូវបានជំនួសដោយកីឡាករ Deepak Tangri ខ្សែប្រយុទ្ធ Liston Colaco កំពុងជួបបញ្ហារបួសបន្តិចបន្តួច ប៉ុន្តែត្រូវបានគេរំពឹងថានឹងមានភាពរឹងមាំសម្រាប់ការប្រកួតនេះ។ Chinglensana Singh ក៏អាចលេងបានដែរបន្ទាប់ពីជាសះស្បើយពីការសន្លប់។ ឥណ្ឌាគួរតែលេងទម្រង់វាយលុកបន្ថែមទៀតសម្រាប់ហ្គេមនេះ ដែលជាអាចជាទម្រង់ 4-3-3 ។
កីឡាករជួរមុខក្នុងតំបន់ប្រយុទ្ធទាំង 3 គួរតែមាន Liston និង Sunil Chhetri ខណៈ Manvir Singh អាចទទួលបានកន្លែងមួយក្នុង១១នាក់ដំបូងដោយសារតែបទពិសោធន៍របស់គាត់ក្នុងការលេងនៅកីឡដ្ឋាន Salt Lake ។ ខ្សែបម្រើគួរតែរួមបញ្ចូល Anirudh Thapa, Sahal Abdul Samad និង Suresh Singh ដែលជាកីឡាករមានថាមពល ក៏ដូចជាការច្នៃប្រឌិតលើទីលាន។
កម្ពុជា
កម្ពុជាបានធ្វើដំណើរជាមួយក្រុមកីឡាករ២៣នាក់សម្រាប់ការប្រកួតជម្រុះ AFC Asian ខាងមុខ។ កីឡាករដែលមានបទពិសោធន៍ច្រើនជាងគេគឺខ្សែបម្រើ សុះ ស៊ូហាណា ដែលបង្ហាញខ្លួនជាអន្តរជាតិជាង ៦០ លើក។ ក្រុមកម្ពុជាលេងទម្រង់វាយលុក ៤-៣-៣ ក្រោមការដឹកនាំបច្ចុប្បន្ន។ នៅទីនោះ ពិតណាស់អាចមានការផ្លាស់ប្តូរចំពោះការរៀបចំ ខណៈដែលពួកគេកំពុងប្រឈមមុខនឹងក្រុមខ្លាំងជាងខ្លួនដូចជា ប្រទេសឥណ្ឌាដែ៣លលេងនៅក្នុងទឹកដីរបស់ខ្លួន។
កម្ពុជាអាចប្រើប្រាស់ទម្រង់វាយបក ឬក៏ប្រើប្រាស់ទម្រង់លេងការពារខ្លាំងហើយវាយបកលឿនៗ។
ទស្សន៍ទាយជម្រើសសំបូងរបស់ឥណ្ឌា៖ Gurpreet Singh Sandhu (GK), Pritam Kotal, Sandesh Jhingan, Anwar Ali, Subhasish Bose; Suresh Singh, Anirudh Thapa, Sahal Abdul Samad; Manvir Singh, Liston Colaco; Sunil Chetri។
ទស្សន៍ទាយជម្រើសសំបូងរបស់កម្ពុជា: កែវ សុខសិលា (GK); កុក បូរីស , ទេស សម្បត្តិ, សឿយ វិសាល(C), កែន ចាន់សុភ័ក្រ; ធារី ប៊ីន, អន ចាន់ប៉ូលីន, សុះ ស៊ូហាណា; ម៉ាត់ នរុន, កែវ សុខផេង; សៀង ចន្ធា.
កីឡាករដែលគួរឱ្យចាប់អារម្មណ៍់ Liston Colaco (ឥណ្ឌា)
Liston Colaco កំពុងបង្ហាញខ្លួនដ៏លេចធ្លោសម្រាប់ខ្លួនគាត់ដែលត្រូវបានទទួលស្គាល់ថាជាអ្នកស្នងតំណែងដ៏មានសក្តានុពលរបស់ Sunil Chhetri សម្រាប់បាល់ទាត់ឥណ្ឌា។ ខ្សែបម្រើស្លាបមកពីក្លិប ATK Mohun Bagan មានទម្រង់លេងល្អក្នុងមួយឆ្នាំចុងក្រោយនេះ។ ក្នុងយុទ្ធនាការ Indian Super League (ISL) រូបគេស៊ុតបញ្ចូលទីបាន 8 គ្រាប់ និងបញ្ជូនបាល់ 6 ដង។ គាត់ក៏បានស៊ុតបញ្ចូលទីបានចំនួន 4 គ្រាប់នៅក្នុងយុទ្ធនាការវគ្គចែកពូលនៃ AFC Cup របស់ ATKMB រួមទាំងបញ្ជូនបាល់ផងដែរ។
អ្នកវិភាគយល់ថា កីឡាកររូបនេះនឹងបង្ហាញភាពលេចធ្លោក្នុងជំនួបជាមួយកម្ពុជា ជាពិសេសពេលរូបគេចាប់ដៃគូជាមួយរៀមច្បង Sunil Chhetri ក្នុងតំបន់ប្រយុទ្ធ។
សៀង ចន្ធា (កម្ពុជា)
កម្ពុជាមានកីឡាករវ័យក្មេងរបស់ខ្លួនក្នុងវ័យ១៩ឆ្នាំ សៀង ចន្ថាដែលជាកីឡាករប្រកបដោយថាមពល។ កីឡាករវ័យជំទង់រូបនេះបានដឹកនាំក្រុមជម្រើសជាតិរបស់ខ្លួនមួយរយៈមកហើយ ដោយបានបង្ហាញខ្លួនចំនួន 18 លើករួចមកហើយតាំងពីក្មេង។ ថ្វីត្បិតតែគាត់មានកម្ពស់1.65ម៉ែត្រក៏ដោយ ក៏ចន្ធាមានជំនាញផ្សេងទៀតជាអាវុធរបស់គាត់។
កីឡាករវ័យ 19 ឆ្នាំគឺជាកីឡាកររហ័សរហួនដែលអាចទាញខ្សែការពារចេញពីទីតាំង និងបង្កើតបញ្ហាដល់ខ្សែការពារជាមួយនឹងជំនាញរបស់គាត់ដោយការអូសបាល់។ គាត់ត្រូវបានតំណាងឱ្យជាតិរបស់គាត់នៅគ្រប់កម្រិតអាយុ និងទទួលបានបទពិសោធន៍អន្តរជាតិសមរម្យនៅអាយុរបស់គាត់។ សមត្ថភាពរំងាប់បាល់ របស់ចន្ធា ចលនាដែលមិនអាចទាយទុកជាមុនបាន និងទម្រង់នៃការភ្ជាប់គ្នាជាមួយមិត្តរយមក្រុម អាចធ្វើឲ្យគាត់បង្កើតបញ្ហាពិតប្រាកដសម្រាប់ខ្សែការពារឥណ្ឌា។
អ្វីដែលត្រូវរំពឹង ឥណ្ឌាទំនងជានឹងចាប់ផ្តើមការលេងបែបវាយប្រហារ និងការផ្សងព្រេងកាន់តែខ្លាំង ខណៈដែលពួកគេក៏ត្រូវលេងដើម្បីអ្នកទស្សនាក្នុងកីឡដ្ឋានដែលជាផ្ទះរបស់ពួកគេទល់នឹងកម្ពុជា។ ក្រុម Blue Tigers មួយនេះដេលមានប្រៀមខាងកាយសម្បទា នឹងប្រើប្រាស់កម្លាំងខ្លាំង ហើយព្យាយាមបង្កើតចលនាដ៏មុតស្រួច ដោយប្រើខ្សែបម្រើដ៏ច្នៃប្រឌិតរបស់ពួកគេ ក៏ដូចជាខ្សែបម្រើស្លាបដ៏មានឥទ្ធិពល។
ម្ចាស់ផ្ទះគួរតែគ្រប់គ្រងការប្រកួត ហើយសម្លឹងរកគ្រាប់បាល់បញ្ចូលទីច្រើន។ ប៉ុន្តែកម្ពុជានឹងមិនទៅណាឆ្ងាយជាមួយនឹងការប្រយុទ្ធនោះទេ ហើយអាចមានបញ្ហាគ្រប់ពេលបើប្រហែស។ ជម្រើ់សជាតិកម្ពុជាត្រូវបានគេដឹងថា មានគ្រោះថ្នាក់ក្នុងវាយបករហ័ស និងរឹងការពារ។យុទ្ធសាស្រ្តការពារច្រើននឹងបង្ហាញភាពធន់នឹងការលំបាកខ្លាំងសម្រាប់ឥណ្ឌា។
ការប្រកួតរវាង ឥណ្ឌា និងកម្ពុជា នឹងធ្វើឡើងនៅកីឡដ្ឋាន Salt Lake Stadium, Kolkata នៅថ្ងៃពុធ ទី៨ ខែមិថុនា វេលាម៉ោង ៨:៣០នាទីយប់ IST។ វានឹងអាចមើលបាននៅលើបណ្តាញ Star Sports និងចាក់ផ្សាយតាមរយៈ Hotstar និង Jio TV។ នៅកម្ពុជាការប្រកួតនេះអាចទស្សនាបានតាមរយៈទូរទស្សន៍ BTV News៕
(Khmer) ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលជាជើងឯករងលីគកំពូលកម្ពុជា Metfone Cambodian League 2021 ទី២របស់កម្ពុជាបន្ទាប់ពីភ្នំពេញក្រោន ដែលនឹងបន្តធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីប្រកួតមិត្តភាពអន្តរជាតិ MALAYSIA TOUR 2022 ជាមួយក្លិបជើងលីគម៉ាឡេស៊ី ដែលចាប់ផ្ដើមប្រកួតពីថ្ងៃទី៩-១៥ ខែមិថុនា ឆ្នាំ២០២២នេះ។
ដំណើរការប្រកួតមិត្តភាពអន្តរជាតិមួយនេះធ្វើឡើងដោយគឺក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងជាមួយកិច្ចសហការជាមួក្រុមហ៊ុន Echo Sports Management របស់ប្រទេសម៉ាឡេស៊ី ដែលគ្រោងនឹងធ្វើការប្រកួតមិត្តភាពមិត្តភាពអន្តរជាតិលើទឹកដីម៉ាឡេស៊ីនេះជាមួយសមាជិកលីគកំពូលម៉ាឡេស៊ី PJ City FC នៅថ្ងៃទី១០ និងបន្តជួបគ្នាជាមួយសមាជិកលីគ២ម៉ាឡេស៊ី UiTM FC នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
គួរបញ្ជាក់ដែរថា ក្លិបព្រះខ័នរាជស្វាយរៀងបច្ចុប្បន្នជាក្រុមកំពុងឈរកំពូលតារាងនៃក្របខណ្ឌ Cambodian Premier League 2022 ក្រោយបញ្ចប់ជើងទី១ ចំនួន៧សប្ដាហ៍កន្លងទៅ ដោយមិនទាន់ស្គាល់បរាជ័យនៅឡើយទេ ពោលគឺឈ្នះ ៦ ស្មើ១ មាន១៩ពិន្ទុ នាំមុខគូប្រជែងផ្សេងៗទៀត។ លីគកំពូលកម្ពុជា នឹងត្រឡប់មកវិញតាមការគ្រោងទុកនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ដែលព្រះខ័នរាជស្វាយរៀងត្រូវជួបគីរីវង់សុខសែនជ័យ នៅវេលាម៉ោង ០៣៖៤៥នាទី នាកីឡដ្ឋានគីរីវង់ នៅខេត្តតាកែវ៕