International News
(Khmer) ការចំណាយទិញដូរកីឡាកនៅក្នុងខែមករារបស់ Premier League ធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីបំបែកកំណត់ត្រាចំនួនបីជាប់ៗគ្នាខណៈក្រុមទាំងអស់បានចំណាយលុយលុយសរុប៩១១លានដុល្លារតិចជាងការដោះដូររដូវរងារឆ្នាំ២០២៣ ។
ការចំណាយរួមគ្នានៃក្លឹបកំពូលទាំង២០ របស់ Premier League ធ្លាក់ចុះជាង១២៧លានដុល្លារ ដែលជាការចំណាយទាបបំផុតក្នុងខែមករា២០២៤ ដែលមានចំនួន៩១១លានដុល្លារបើធៀបទៅនឹងឆ្នាំ ២០២៣ដែលចំណាយអស់ជាង១ពាន់លានដុល្លារ។ នេះបើយោងតាមក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Deloitte ។
អ្វីដែលគួរអោយកត់សម្គាល់ទៀតនោះ គឺការចំណាយត្រឹមតែ៣៨លានដុល្លារប៉ុណ្ណោះ ។ នៅថ្ងៃផុតកំណត់បិទទ្វារដោះដូរ ធ្លាក់ចុះគួរឱ្យកត់សម្គាល់មួយ បើធៀបទៅនឹងការចំណាយនៅថ្ងៃដូចគ្នាកាលពី ១២ខែមុន ដែលមានចំនួនសរុបរហូតដល់៣៥០លានដុល្លារ។
របាយការដដែលក៏បានអោយដឹងដែរថា មានការផ្ទេរកីឡាករអចិន្ត្រៃយ៍ចំនួន១៧នាក់ ដែលធ្វើឡើងដោយក្លឹបនៅ Premier League ក្នុងអំឡុងពេលទីផ្សារដោះដូរខែមករានេះ ជាមួយនឹងកិច្ចព្រមព្រៀងខ្ចីជើងចំនួន១៣នាក់បន្ថែមទៀត រួមទាំងកិច្ចសន្យាអចិន្ត្រៃយ៍ចំនួន៧ និងកិច្ចសន្យាខ្ចីជើ៦ដែលបានកើតឡើងនៅថ្ងៃផុតកំណត់ ។
ទោះបីជាចំនួនសរុបនៃការដោះដូរខែមករាតិចតួចក៏ដោយ រដូវកាល ២០២៣-២៤ នៅតែមានការចំណាយផ្ទេរខ្ពស់បំផុតទី ២ដែលមិនធ្លាប់មាន ដោយមាន៣,៩ពាន់លានដុល្លារ ត្រូវបានចំណាយ នៅទូទាំងទីផ្សារដោះដូរកីឡាករទាំងពីរ ដែលជំរុញដោយការចំណាយបំបែកកំណត់ត្រារបស់ក្លឹបនៅរដូវក្តៅ។
ដោយឡែកការចំណាយនៅទូទាំងលីគធំៗទាំងប្រាំរបស់អឺរ៉ុប ដូចជា Serie A របស់អ៊ីតាលី, La Liga របស់អេស្ប៉ាញ, Ligue 1 របស់បារាំង និង Bundesliga របស់អាល្លឺម៉ង់ បានកើនឡើងដល់៤៩៤លានដុល្លារ ពីចំនួន២៧៨ លានដុល្លារក្នុងងទីផ្សារខែមករា ឆ្នាំ២០២៣ ៕
(Khmer) ក្រុមហ៊ុនលក់ដេញថ្លៃ Bonhams របស់អង់គ្លេសបានបញ្ជាក់ថា កុងត្រារបស់ Lionel Messi ដែលធ្វើពីក្រដាសជូតមាត់ នៅពេលគាត់មានអាយុ ១៣ឆ្នាំ ចុះហត្ថលេខាលើកិច្ចសន្យាដំបូងជាមួយ Barcelona នឹងត្រូវដាក់លក់ដេញថ្លៃ នៅខែមីនា ក្នុងតម្លៃចាប់ផ្តើម ៣៨១០០០ ដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់ Reuter។ ក្រដាសដ៏មានតម្លៃនេះនឹងស្ថិតក្នុងការដាក់ឲ្យដេញថ្លៃចាប់ពីថ្ងៃទី ១៨-២៧ ខែកុម្ភៈ ខាងមុខនេះ។
ប្រធានផ្នែកប្រមូលចងក្រងសៀវភៅល្អៗ និងសាស្ត្រាស្លឹករឹតរបស់ក្រុមហ៊ុនដេញថ្លៃ Bonhams លោក Ian Ehling បាននិយាយថា នេះគឺជាវត្ថុដ៏គួរឱ្យរំភើបបំផុតមួយ ដែលខ្ញុំមិនធ្លាប់មានពីមុនមក។ វាពិតប្រាកដជាក្រដាសជូតមាត់ ប៉ុន្តែវាជាក្រដាស់ដ៏ល្បីល្បាញដែលចាប់ផ្តើមអាជីពរបស់ Lionel Messi ។
ក្រដាសនេះ ត្រូវបានចុះហត្ថលេខាក្នុងខែធ្នូ ឆ្នាំ២០០០ រវាងលោក Carles Rexach ដែលពេលនោះជានាយកកីឡារបស់ Barca ជាមួយលោក Jorge Messi ឪពុករបស់ Messi និងភ្នាក់ងារ Horacio Gaggioli ដើម្បីជ្រើសរើសយកយុវជនអាហ្សង់ទីន។
សរសេរដោយទឹកថ្នាំពណ៌ខៀវ កិច្ចព្រមព្រៀងនៅលើក្រដាស់នោះមានខ្លឹមសារថា ទីក្រុងបាសេឡូណា ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០០ ដោយមានវត្តមានលោក Messrs Minguella , Horacio ភ្នាក់ងាររបស់Messi និង លោក Carles Rexach ប្រធានផ្នែកកីឡាក្លឹប FC Barcelona យល់ព្រមទំនួលខុសត្រូវ ដោយមិនគិតពីមតិប្រឆាំងណាមួយឡើយ។ ដើម្បីចុះហត្ថលេខាលើកីឡាករ Lionel Messi យើងរក្សាតាមចំនួន ដែលបានព្រមព្រៀងគ្នា។
រយៈពេលត្រឹមតែ១ខែ បន្ទាប់ពីបានចូលរួមជាមួយក្លឹបBarcelona ខ្សែប្រយុទ្ធ Messi ក្លាយជាអ្នកស៊ុតបញ្ចូលទីបំបែកកំណត់ត្រារបស់ក្លឹប។ គាត់បានបង្ហាញខ្លួនជាលើកដំបូងនៅអាយុ១៦ ឆ្នាំ និងស៊ុតបញ្ចូលទីបាន ៦៧៤ គ្រាប់ក្នុង៧៨២ ប្រកួតសម្រាប់ក្លឹបអ្នកមានបុណ្យ។ កីឡាករវ័យ ៣៦ ឆ្នាំបានជួយBarcelona ឈ្នះពានសរុប៣៥ ដែលក្នុងនោះរួមបញ្ចូលទាំងពាន La Liga ១០ ដង និង Champions League ៤ ដងនៅ Barcelona មុនពេលចាកចេញទៅ Paris St-Germain ក្នុងឆ្នាំ ២០២១។
បច្ចុប្បន្នកីឡាករមុខស្លូតរូបនេះកំពុងលេងអោយក្លឹបបាល់ទាត់អាមេរិកInter Miami និងបានជួយអោយក្លឹបនេះឈ្នះពានLeague Cup ២០២៣ ជាលើកដំបូង៕
(Khmer) Marcus Rashford កីឡាករដែលកំពុងមានរឿងអាស្រូវនាំស្រីចូលក្លឹប និងមិនទៅចូលរួមប្រកួតជាមួយក្លឹប Man Utd ក្រោមហេតុផលថា ឈឺជាប់ចំណាត់ថ្នាក់កំពូលតារាង ជាកីឡាករដែលប្រើប្រាស់រថយន្ត Rolls-Royce Cullinan Blue Shadow ថ្លៃបំផុតនៅ Premier League។ នេះបើយោងតាមការសិក្សាថ្មីមួយដែលត្រូវបាន Daily Mail ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃអង្គារទី៣០ ខែមករា ២០២៤ ។
ខ្សែប្រយុទ្ធរបស់ Man United ត្រូវបានគេចាត់ថ្នាក់កំពូលតារាងក្នុងចំណោមតារាបាល់ទាត់ ដែលប្រើរថយន្តថ្លៃបំផុតទាំង២០ ដែលពួកគេបានទិញក្នុងឆ្នាំ២០២៣ ។
Rashford ដែលទទួលបានប្រាក់ឈ្នួលជិត៤០ម៉ឺន ក្នុងមួយសប្តាហ៍បានចំណាយប្រាក់ជាង៧៦ម៉ឺនដុល្លារកាលពីខែសីហាសម្រាប់រថយន្ត Rolls Royce ទី៣ ម៉ូដែល Cullinan Blue Shadow ថ្មី ដែលត្រូវបានប្តូរពណ៌ទៅជា Stardust Blue ដើម្បីបទបែនទៅតាមបរិយាកាសស្រទាប់ផែនដីខាងក្រៅ។វាជារថយន្តមួយក្នុងចំណោមរថយន្ត៦២គ្រឿង ដែលផលិតដោយអ្នកសាងសង់បេតិកភណ្ឌជនជាតិអង់គ្លេស ។គិតមកដល់ពេលនេះតម្លៃរថយន្តសរុបរបស់Rashford គឺជិត ៤ លានដុល្លារ។
យោងតាមក្រុមហ៊ុនទីផ្សាររថយន្ត Motoring AutoTrader ដែលបានវិភាគទិន្នន័យ បានដាក់តម្លៃជាមធ្យមនៃម៉ូដែលរថយន្តRolls Royce Cullinan ដែលបានប្រើរួចហើយក្នុងតម្លៃជាង ៤១ម៉ឺនដុល្លារ ថ្លៃជាងរថយន្តរបស់ Gabriel Martinelli មកពីក្លឹបកាំភ្លើងធំArsenal ១២ម៉ឺនដុល្លារ។ រថយន្ត Lamborghini Urus របស់ខ្សែបម្រើស្លាប Arsenal ដែលជារថយន្តកម្មសិទ្ធិរបស់អ្នកប្រមូលទិញ Rashford ផងដែរគឺមានតម្លៃជាមធ្យមជាង២៧ម៉ឺនដុល្លារ។
Jack Grealish ដែលជាមិត្តរួមក្រុមជម្រើសជាតិអង់គ្លេសរបស់Rashford ក៏បើកឡានម៉ាកនេះដែរ ប៉ុន្តែម៉ូដែលរបស់គាត់មានតម្លៃជាមធ្យមជាង២៦ម៉ឺនដុល្លារ ដែលធ្វើអោយគាត់ឈរលំដាប់ទី៣ ក្នុងតារាង។
អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះកីឡាករបាល់ទាត់ដែលរកចំណូលបានជាង១លានដុល្លារក្នុង១សប្តាហ៍ ច្រើនជាងគេបំផុតនៅ Premier League គឺ Erling Haaland ឈរនៅចំណាត់ទី ៨ក្នុងតារាងដោយលោកជិះរថយន្តម៉ូដែលAudi RS6 Avant តម្លៃត្រឹមតែជាង១០ ម៉ឺនដុល្លារ៕
(Khmer) ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFAបាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នំារបស់ខ្លួនចេញផ្សាយកាលពីថ្ងៃអង្គារទី៣០ ខែមករាឆ្នាំ ២០២៤ ថាក្លឹបបាល់ទាត់ទូទាំងពិភពលោកបានចំណាយលុយរហូតដល់ ៩,៦៣ ពាន់លានដុល្លារអាមេរិក លើការផ្ទេរកីឡាករអន្តរជាតិក្នុងឆ្នាំ២០២៣ កើនឡើងជិត ៥០ភាគរយបើធៀបនឹងឆ្នាំ ២០២២។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuter ។
បន្ទាប់ពីការចំណាយលើការផ្ទេរកីឡាករបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០២០ និង ២០២១ ដោយសារផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19 ។ ការចំណាយលើកីឡាករបានកើនឡើងត្រឹមតែ ៤៨,១ភាគរយ បើធៀបនឹងឆ្នាំ២០២២។
តួលេខនេះក៏បានបំបែកកំណត់ត្រាមុន ដែលបានកំណត់ក្នុងឆ្នាំ២០១៩ ដែលមានចំនួនច្រើនជាង ២ពាន់លានដុល្លារអាមេរិក ហើយក្លឹបអង់គ្លេសបានចំណាយច្រើនបំផុតជាមួយនឹងទឹកប្រាក់ចំនួន២,៩៦ ពាន់លានដុល្លារ ខណៈដែលសមាគមរបស់ប្រទេសចំនួន៤ ទទួលបានថ្លៃផ្ទេរច្រើនជាង ១ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣។
ប្រទេសអង់គ្លេសត្រូវបានតាមពីក្រោយ ដោយប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានព្យាយាមទាក់ទាញកីឡាករឆ្នើមមួយចំនួនពីក្លឹបបាល់ទាត់អឺរ៉ុបមកកាន់លីកបាល់ទាត់របស់ខ្លួន Saudi Pro League កាលពីឆ្នាំមុន បន្ទាប់ពីការចុះហត្ថលេខាលើកីឡាករ Cristiano Ronaldo និងក្រោយៗមកទៀតមានកីឡាករជាច្រើនបានផ្លាស់មកមជ្ឈឹមបូព៌ាដែរ។
FIFA បាននិយាយថា ក្លឹបមកពីប្រទេសអារ៉ាប៊ីសាអូឌីតស្ថិតក្នុងចំណោមប្រទេសកំពូលទាំង៥ដែលចំណាយលុយច្រើនជាលើកដំបូងជាមួយនឹងទឹកប្រាក់សរុបចំនួន ៩៧០លានដុល្លារក្នុងឆ្នាំ ២០២៣ ធៀបនឹង៥០,៤ លានដុល្លារក្នុងឆ្នាំ២០២២ ។
So who are the most valuable players in the Premier League? Here’s the new top 10 👀 pic.twitter.com/ooeYCjdTAm — Transfermarkt.co.uk (@TMuk_news) March 16, 2023
So who are the most valuable players in the Premier League?
Here’s the new top 10 👀 pic.twitter.com/ooeYCjdTAm
— Transfermarkt.co.uk (@TMuk_news) March 16, 2023
របាយការណ៍របស់ FIFA ក៏បានអោយដឹងទៀតថា ក្លឹបបាល់ទាត់អាល្លឺម៉ង់ គឺជាអ្នកទទួលថ្លៃផ្ទេរលេខមួយជាមួយនឹងទឹកប្រាក់សរុបជិត១,២១ ពាន់លានដុល្លារអាមេរិក ។ វាជាលើកទីមួយហើយដែលក្លឹបមកពីប្រទេសមួយទទួលបានថ្លៃផ្ទេរច្រើនជាង១ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ចំណែកឯប្រទេស៣ទៀត ដែលទទួលបានថ្លៃផ្ទេរខ្ទង់ពាន់ដែររួមមាន៖បារាំង១,១៩ពាន់លានដុល្លារ អង់គ្លេស១,០៤ ពាន់លានដុល្លារ និងអ៊ីតាលី ១,០២ពាន់លានដុល្លារ។
ការផ្ទេរកីឡាករកំពូលៗរួមមាន Jude Bellingham ពី Dortmund ទៅ Real Madrid, Enzo Fernandez ពី Benfica ទៅ Chelsea និង Harry Kane ពី Tottenham ទៅ Bayern ។ការផ្ទេរកីឡាករកំពូលៗទាំង ១០ បានបង្កើតទឹកប្រាក់ច្រើនជាង ១០ភាគរយនៃការចំណាយសរុបទៅលើថ្លៃផ្ទេរក្នុងឆ្នាំ២០២៣។
ដោយឡែកបាល់ទាត់នារីក៏មានការផ្ទេរច្រើនជាង២០ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ ២០២២ ដោយចំនួនក្លឹបដែលពាក់ព័ន្ធបានកើនឡើងពី ៥០៧ក្នុងឆ្នាំ២០២២ ដល់ ៦២៣ ក្នុងឆ្នាំ ២០២៣។
FIFAបាននិយាយថាប្រទេសចំនួន១៣១ បានចូលរួមក្នុងការផ្ទេរកីឡាការិនីចំនួន ១៨៨៨នាក់ ជាមួយនឹងទឹកប្រាក់ប្រចាំឆ្នាំចំនួន ៦,១ លានដុល្លារ ដែលជាកំណត់ត្រាមួយផងដែរ និងកើនឡើង៨៤,២ភាគរយបើធៀបទៅនឹងឆ្នាំ២០២២៕
(Khmer) ថ្លែងទៅកាន់ Sportskeeda លោក Paul Merson បាននិយាយថា៖ “Manchester United កំពុងតែនាំមុខក្នុងលទ្ធផល 2-0 ប៉ុន្តែត្រូវបានក្រុម Newport County តាមស្មើក្នុងលទ្ធផល 2-2 នៅដើមវគ្គទី២ក្នុងការប្រកួត FA Cup»។
«ពួកគេបានឈ្នះការប្រកួតនេះពិតមែន ប៉ុន្តែការពិតដែលថា ពួកគេបានបញ្ចេញក្រុមដែលពោរពេញដោយកម្លាំង និងថាមពលលេងជាមួយក្រុមតូចមួយ ហើយស្ថិតក្នុងការភ័យខ្លាចបែបនេះ។ វាគឺជាឧទាហរណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលដែលពួកគេមិនស្ថិតក្នុងតំបន់ Top 4»។
«ប្រសិនបើ Wolves ឈ្នះការប្រកួតនេះ ពួកគេនឹងឡើងពីលើ Man United ក្នុងតារាងលីគ។ ដោយសារវាជា Man United អ្វីគ្រប់យ៉ាងនឹងត្រូវបានលើកតម្កើង ប៉ុន្តែខ្ញុំមានអារម្មណ៍ចំពោះ Erik ten Hag ជាពិសេសបស្ថានភាពជាមួយ Marcus Rashford បានជះឥទ្ធិពលមកលើក្រុម»។
«ខ្ញុំគិតថា Wolves នឹងឈ្នះការប្រកួតមួយនេះ ហើយបញ្ចប់ក្តីសង្ឃឹមរបស់ Man United ក្នុងការបញ្ចប់ចំណាត់ថ្នាក់កំពូលទាំងបួនម្តង និងអ្វីៗគ្រប់យ៉ាង»។
ការទស្សន៍ទាយរបស់ Merson៖ Wolves 2-1 Man United
បញ្ជីបញ្ហារបស់ Man United បានកើនឡើងកាលពីសប្តាហ៍មុន ដោយ Rashford រាយការណ៍ថាឈឺក្នុងការហ្វឹកហាត់ដើម្បីទៅជប់លៀងនៅ Belfast ប៉ុន្មានម៉ោងក្រោយមក។
កីឡាករវ័យ 26 ឆ្នាំរូបនេះបានត្រលប់មកហ្វឹកហាត់វិញហើយ បន្ទាប់ពីជួបជាមួយ Ten Hag ប៉ុន្តែនេះពិតជាមិនអាចជួយអ្នកចាត់ការឱ្យបិសាចក្រហមឱ្យមានទំនុកចិត្តវិលត្រលប់មកវិញនោះទេ។
(Khmer) ស្ថាប័នគ្រប់គ្រងបាល់ទាត់អង់គ្លេសរួមមាន FA, Premier League, EFL និង PGMOL បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា យើងមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីឧប្បត្តិហេតុនៃអំពើហិង្សា ការរើសអើង និងការលុកលុយចូលទីលានប្រកូត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានReuter ។
សេចក្តីថ្លែងការណ៍រួមបាននិយាយថា សកម្មភាពនៃការរើសអើង អំពើហិង្សា និងការចូលទៅក្នុងទីលានប្រកួត គឺជាបទល្មើសព្រហ្មទណ្ឌទាំងអស់ ហើយអ្នកដែលប្រព្រឹត្តិត្រូវទទួលទោសព្រហ្មទណ្ឌ បទបញ្ជាហាមឃាត់បាល់ទាត់ និងការហាមមិនអោយចូលទស្សនាក្នុងពហុកីឡដ្ឋានពេញមួយជីវិត។ទោះបីជាយើងយល់ថាអាកប្បកិរិយានេះត្រូវបានប្រព្រឹត្តិដោយជនមួយចំនួនតូចក៏ដោយ យើងចង់រំលឹកអ្នកគ្រប់គ្នាថាសកម្មភាពទាំងនេះនឹងមិនត្រូវបានអត់ឱនឱ្យទេ។
សេចក្តីថ្លែងការណ៍មិនបានលើកឡើងពីវិធានការ ឬការដាក់ទណ្ឌកម្មថ្មីណាមួយដើម្បីការពារអាកប្បកិរិយាបែបនេះទេ។ សេចក្តីថ្លែងការណ៍រួមក៏ត្រូវបានចុះហត្ថលេខាដោយសមាគមអ្នកគាំទ្របាល់ទាត់ (FSA) ដែលជាស្ថាប័នតំណាងសម្រាប់អ្នកគាំទ្របាល់ទាត់ និងអង្គភាពប៉ូលីសបាល់ទាត់ចក្រភពអង់គ្លេស (UKFPU) ។ ពួកគេបានបន្ថែមថាយើងនឹងធ្វើការជាសមូហភាពជាមួយប៉ូលិសដើម្បីនាំជនល្មើសមកកាត់ទោស និងកម្ចាត់វាចេញពីល្បែងរបស់យើង។
សូមរំឭកថា ការព្រួយបារម្ភនេះបានកើតឡើង បន្ទាប់ពីការប្រកួតពានរង្វាន់ FA Cup កាលពីថ្ងៃអាទិត្យ រវាងក្រុម Wolves និងក្រុម West Brom ត្រូវបានរំខានដោយការប៉ះទង្គិចគ្នាដែលពាក់ព័ន្ធនឹងអ្នកគាំទ្ររបស់ភាគីទាំងពីរដែលបានធ្វើឱ្យមនុស្សជាច្រើនរងរបួស។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន អ្នកទស្សនាម្នាក់បានលុកលុយទីលាននៅ Vale Park ហើយបានដេញអាជ្ញាកណ្តាលចេញពីទីលានក្នុងអំឡុងពេលការប្រកួតនៅ League One រវាង Port Vale និង Portsmouth។
កាលពីដើមខែនេះ Mike Maignan អ្នកចាំទីរបស់ក្លឹប Milan បានប្រឈមមុខនឹងការរើសអើងជាតិសាសន៍ពីអ្នកគាំទ្រក្លឹបUdinese ដែលធ្វើឲ្យមានការថ្កោលទោសពីប្រធាន FIFA លោក Gianni Infantino និងអ្នកផ្សេងទៀត។
កាលពីខែធ្នូ ខ្សែប្រយុទ្ធ Carlton Morris របស់ Luton បានរាយការណ៍ពីការអត្ថាធិប្បាយរើសអើងជាតិសាសន៍ពីហ្វូងមនុស្សអំឡុងពេលការប្រកួត Premier League របស់ពួកគេនៅ Sheffield United ដែលជំរុញឱ្យមានការស៊ើបអង្កេតរបស់ប៉ូលីស។
(Khmer) ប៉ូលីសថៃបានព្រមានអ្នកគាំទ្រ Liverpool កុំឱ្យចាញ់បោកមនុស្សក្លែងបន្លំធ្វើជាលោក Xabi Alonso គ្រូបង្វឹកក្លឹប Leverkusen ដែលកំពុងបោកប្រាស់តាមអ៊ីនធឺណិត ស្របពេលដែលសារព័ត៌មានជាច្រើនបានផ្សាយថា លោកអាចនឹងមកជំនួស Jurgen Klopp នៅ Anfield នៅរដូវក្តៅ។នេះបើយោងតាមការចេញផ្សាយរបស់AFP ។
ការិយាល័យស៊ើបអង្កេតកណ្តាលរបស់ប្រទេសថៃបានប្រាប់អ្នកគាំទ្រឱ្យប្រុងប្រយ័ត្នចំពោះសារមេរោគដែលបង្ហាញនៅលើគណនី Instagram របស់ជគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញដែលស្នើសុំការបរិច្ចាគចំនួន 300 បាតស្មើនឹង៨,៥ ដុល្លារអាមេរិកដើម្បីជួយបង់ថ្លៃសំបុត្រយន្តហោះរបស់គាត់។
សារដែលសរសេរជាភាសាថៃនៅលើ Instagram មានខ្លឹមសារថា ខ្ញុំជា Xabi Alonso ខ្ញុំនឹងទៅដឹកនាំ Liverpool នៅរដូវកាលក្រោយ ប៉ុន្តែខ្ញុំខ្វះលុយសម្រាប់ជើងហោះហើររបស់ខ្ញុំទៅ Liverpool។
ប៉ូលិសបានប្រាប់អ្នកគាំទ្រ Liverpool អោយរក្សាភាពស្ងប់ស្ងាត់។ Xabi មិនទាន់ជាអ្នកគ្រប់គ្រងក្លឹបLiverpool នៅឡើយទេ ប៉ុន្តែមានអ្នកបោកប្រាស់រួចហើយ។ ប៉ូលីសបានបន្ថែមថាសារដែលអ្នកជំនាញមើលទៅហាក់ដូចជាបានមកពីគណនី Instagram ផ្លូវការរបស់ Alonso គឺជា អ្នកបោកប្រាស់ដែលធ្វើពុតជា Xabi។
គួររំឭកថាបាល់ទាត់ Premier League មានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសថៃ ហើយ Liverpool ស្ថិតក្នុងចំណោមក្រុមដែលទទួលបានការគាំទ្រល្អបំផុត ដោយមានអាវក្រហម និងសម្ភារៈរបស់ក្លឹបផ្សេងៗទៀតត្រូវបានគេយកទៅតុបតែងតាំងពីមនុស្សរហូតដល់រថយន្តតាក់ស៊ី និងហាង៕
(Khmer) ក្របខ័ណ្ឌបាល់ទាត់កំពូលអង់គ្លេសPremier League ត្រូវបានផ្តល់ភ្លើងខៀវឲ្យលោកអាជ្ញាកណ្តាលមានសិទ្ធិពន្យល់ពីការសម្រេចចិត្តរបស់ខ្លួនដែលបានមកពីវីដេអូជំនួយការអាជ្ញាកណ្តាល(VAR) ដល់អ្នកគាំទ្រក្នុងអំឡុងពេលប្រកួតនៅរដូវកាលក្រោយ។ នេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយថ្មីទៀត ដែលធ្វើអោយវិស័យបាល់ទាត់កាន់តែមានភាពសុក្រិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានDaily Mail។
ប្រភពដដែលបានឲ្យដឹងថាអ្នកបង្កើតច្បាប់បាល់ទាត់របស់ក្រុមប្រឹក្សាសមាគមបាល់ទាត់អន្តរជាតិ(IFAB) បានផ្តល់សិទ្ធិដល់អាជ្ញាកណ្តាលក្នុងការពន្យល់ដល់អ្នកគាំទ្រនៅក្នុងពេលប្រកួត។ ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីការសាកល្បងដោយជោគជ័យក្នុងការប្រកួតក្លឹបបាល់ទាត់នៅម៉ិកស៊ិក និងការប្រកួតពានរង្វាន់ព័រទុយហ្គាល់ League Cup នៅក្នុងខែនេះ។ ការបញ្ជាក់ទទួលស្គាល់ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅមុនកិច្ចប្រជុំប្រចាំឆ្នាំនៅខែមីនាខណៈការសម្រេចចិត្តចុងក្រោយនឹងធ្វើឡើងនៅខែមិថុនា ។
ការអនុម័តរបស់IFAB អោយមានការពន្យល់ពីអាជ្ញាកណ្តាលត្រូវបានធ្វើឡើងបន្ទាប់ពីមានការសាកល្បងរយៈពេល ១២ ខែនៅក្នុងការប្រកួតផ្សេងៗនៅទូទាំងពិភពលោក។
អាជ្ញាកណ្តាលជាច្រើនរួមទាំងលោក Anthony Taylor បានប្រើប្រព័ន្ធនេះជាលើកដំបូងកាលពី១២ខែមុននៅឯការប្រកួត Club World Cup ក្នុងប្រទេសម៉ារ៉ុក មុនពេលការសាកល្បងត្រូវបានពង្រីកដល់ការប្រកួតបាល់ទាត់ពិភពលោកបុរសយុវជនអាយុក្រោម ២០ ឆ្នាំ និងការប្រកួតបាល់ទាត់ពិភពលោកស្ត្រីកាលពីចុងឆ្នាំ២០២៣។
ជាមួយគ្នានេះដែរ Premier League ទំនងជានឹងណែនាំប្រព័ន្ធមួយ ដែលស្រដៀងនឹងអ្វីដែលធ្លាប់ប្រើក្នុងព្រឹត្តិការណ៍ Women’s World Cup កាលពីឆ្នាំមុននៅប្រទេសអូស្ត្រាលី ដែលអាជ្ញាកណ្តាលបានប្រកាស និងពន្យល់ពីការសម្រេចចិត្តរបស់ពួកគេទៅកាន់ក្រុមអ្នកគាំទ្រសតាមរយៈមីក្រូហ្វូន បន្ទាប់ពីមើលការចាក់សារឡើងវិញជាបន្តបន្ទាប់នៅលើអេក្រង់ ដែលបំពាក់នៅចំហៀងទីលានប្រកួត។
មន្ត្រី Premier League ដែលចូលរួមក្នុងការសាកល្បងនឹងពាក់មីក្រូហ្វូនក្នុងអំឡុងពេលប្រកួតដែលភ្ជាប់ទៅឧបករណ៍បំពងសំឡេងនៅក្នុងកីឡដ្ឋានដើម្បីជូនដំណឹងដល់អ្នកគាំទ្រអំពីការពិនិត្យ VAR ប៉ុន្តែទោះជាយ៉ាងណារបាយការណ៍សន្ទនារវាងអ្នកកាន់កាប់VAR និងអាជ្ញាកណ្តាលក្នុងរយៈពេល៩០នាទី នៅតែអាចរក្សាឯកជនភាពដដែល៕
(Khmer) Paris Saint-Germain ត្រូវបានគេរាយការណ៍ថានឹងធ្វើតេស្តការតាំងចិត្តរបស់ Man United ក្នុងការរក្សា Marcus Rashford នៅរដូវក្តៅនេះ បន្ទាប់ពីកីឡាកររូបនេះមានបញ្ហាវិន័យមួយរេយៈចុងក្រោយជាមួយក្លិប ។
ម្ចាស់ជើងឯក Ligue 1 PSG មួយនេះបានបរាជ័យ ២លើកហើយ ក្នុងការទាក់ទាញកីឡាករវ័យ 26 ឆ្នាំទៅកាន់ទីក្រុងប៉ារីសកាលពីរដូវក្តៅមុន មុនពេល Rashford ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយ Man Utd។
ទោះបីជាខ្សែប្រយុទ្ធត្រូវបានគេនិយាយថាមិនមែនជា “គោលដៅកំពូល” របស់ពួកគេក៏ដោយ ក៏ប្រភពបាននិយាយថា PSG បានលួងលោម និងពិនិត្យស្ថានភាពចាកចេញរបស់កីឡាកររូបនេះជាមួយនឹងសំណើថ្មី ដើម្បីចូះកុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះ។
PSG ចាត់ទុកកីឡាករអង់គ្លេសរូបនេះថា ជាអ្នកជំនួសកន្លែង Kylian Mbappe ដ៏មានសក្តានុពល បន្ទាប់ពីកីឡាករបារាំងរូបនេះបានជាប់ទាក់ទងជាមួយ Real Madrid ។ ទោះជាយ៉ាងនេះក្តី វាមិនច្បាស់ទេថា តើបិសាចក្រហមនឹងពិចារណាអនុញ្ញាតឱ្យគាត់ ចាកចេញឬក៏យ៉ាងណា។