(Khmer) ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុន Koji Gyotoku បានសម្រិតសម្រាំងជម្រុះកីឡាករជាច្រើនដំណាក់កាលពីកីឡាករជាច្រើនរូបនៃបណ្ដាក្លិប និងសមាគម ទាំងលីគកំពូល និងលីគទី២កម្ពុជា ដើម្បីឈានដល់បញ្ជីឈ្មោះចុងក្រោយ២៣នាក់ដែលបានបញ្ចេញកាលពីពេលថ្មីៗនេះដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រៀមប្រកួតប្រជែងលើឆាកអន្តរជាតិក្នុងតំបន់ ។
ក្នុងនោះដែរ ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ សុវណ្ណ ដូណា ជាសមាជិកតែម្នាក់គត់មកពីក្លិបអង្គរថាយហ្គឺរ នៅទឹកដីខេត្តសៀមរាបដែលត្រូវបានកោះហៅចូលក្នុងបញ្ជី២៣រូបចុងក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ ដើម្បីត្រៀមប្រកួតប្រជែងពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ AFF U-19 Boy Championship 2022 នៅប្រទេសឥណ្ឌូនេស៊ី ដែលចាប់ផ្ដើមពីថ្ងៃទី០២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។
View this post on Instagram
ការអញ្ជើញឲ្យចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជានេះដែរគឺជាឱកាសដំបូងក្នុងអាជីពរបស់សុវណ្ណ ដូណា ហើយយុវជនរូបនេះពិតជាសម្ដែងអារម្មណ៍រីករីយជាខ្លាំងចំពោះឱកាសដ៏ល្អមួយនេះ។ ក្នុងកិច្ចសម្ភាសន៍ជាមួយ B8SPORT តាមរយៈ Instagram ដូណា បានឆ្លើយឆ្លងដូចខាងក្រោម៖
ដូណា មានការប្ដេជ្ញាចិត្តបែបណាក្នុងការជួយក្រុមជម្រើសក្នុងព្រឹត្តិការណ៍យុវជនអាស៊ានដែលចូលមកដល់ឆាប់ៗនេះ?
«គ្រប់ការប្រកួតដែលខ្ញុំបានបង្ហាញខ្លួន ខ្ញុំប្ដេជ្ញាថានឹងលេងឲ្យអស់ពីសមត្ថភាពដែលខ្លួនអាចធ្វើបាន ក្នុងការជួយក្រុមជម្រើសជាតិកម្ពុជា»។
ដូណា គិតថាក្រុមនឹងមានការប្រកួតប្រជែងកម្រិតណាជាមួយក្រុមក្នុងពូល B ដូចជា: ម៉ាឡេស៊ី ឡាវ ទីម័រ និងសិង្ហបុរី?
«សម្រាប់ខ្ញុំគិតថាកម្រិតក្រុមក្នុងពូលសមត្ថភាពមិនលើសខ្វះគ្នាពីពួកយើងទេ ហើយជាការប្រកួតដ៏ល្អ ដែលនឹងធ្វើឲ្យការប្រកួតប្រជែងក្នុងប្រកួតនីមួយៗមានភាពជក់ចិត្តខ្លាំង»។
ដូណា រំពឹងយ៉ាងណាចំពោះឪកាសលេងជម្រើសដំបូងក្នុងក្រុម នាមជាកីឡាករមកពីសមាជិកលីគកំពូល ជាមួយសមាជិកមិត្តរួមក្រុមផ្សេងទៀតលើឆាកអន្តរជាតិ?
«សម្រាប់ឱកាសក្នុងការលេង១១នាក់ គឺខ្ញុំមិនហ៊ានដាក់ក្ដីរំពឹងបែបណានោះទេ សំខាន់លើការសម្រេចចិត្តរបស់គ្រូ ប៉ុន្តែកំឡុងពេលហ្វឹកហាត់និងលេង ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពជាមួយមិត្តរួមក្រុម ក្នុងការការប្រកួតលើឆាកអន្តរជាតិ»។
គួរបញ្ជាក់ផងដែរ ខ្សែប្រយុទ្ធវ័យក្មេងដែលមានជំនាញជើងស្ដាំ និងអាចប្រើប្រាស់ជើងឆ្វេងផងដែរនោះ បានបង្ហាញខ្លួនក្នុងក្របខណ្ឌ Cambodian Premier League 2022 បាន ៥ប្រកួត ទាត់ចូលបានចំនួន ២គ្រាប់ ឲ្យអង្គរថាយហ្គឺរ ក្នុងជំនួបជាមួយគីរីវង់ និងភ្នំពេញក្រោន នៅកីឡដ្ឋានហនុមាន មិនតែប៉ុណ្ណោះរូបគេក៏បានបង្កើតឱកាស និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមមួយចំនួនផងដែរ៕
រូបភាព៖ ATFC &FFC