(Khmer) ក្រុមជើងឯករងលីគកំពូលម៉ាឡេស៊ីរដូវកាលមុន Kedah Darul Aman (KDA FC) បានប្រកាសពីការបញ្ចូលកីឡាករនាំចូលថ្មីគឺខ្សែបម្រើជម្រើសជាតិហ្សកដានី Mahmoud Al Mardi ដើម្បីជំនួសកីឡាករកូរ៉េខាងត្បូង Jang Sukwon ដែលក្លិបប្រកាសពីការចាកចេញ ។
ខ្សែបម្រើជម្រើសជាតិហ្ស៊កដានី Mahmoud Al Mardi ក៏ត្រូវបានបញ្ជូនឈ្មោះទៅកាន់ទីក្រុង Denpasar កោះបាលីក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រកួតពានរង្វាន់ AFC Cup 2022 ផងដែរ ស្របពេលពីមុនគាត់មានបទពិសោធន៍លេងក្នុងពានរង្វាន់ AFC Cup 2021 ជាមួយក្លិបជើងខ្លាំងរបស់បារ៉ែន Al Muharraq ។
មុនមកដល់ទឹកដីម៉ាឡេស៊ី Mahmoud ធ្លាប់លេងជាមួយ Al-Muharraq ដែលជាទីរូបគេឈ្នះពានរង្វាន់ AFC Cup 2021។កីឡាករវ័យ ២៨ឆ្នាំរូបនេះបានលេងតំណាងឱ្យក្រុមជម្រើសជាតិហ្ស៊កដានីតាំងពីឆ្នាំ២០១៤ ហើយថ្មីៗនេះបានជួយក្រុមឱ្យទទួលបានសិទ្ធិសម្រាប់ Asian Cup ឆ្នាំ២០២៣ ។ គាត់នឹងពាក់អាវលេខ១០ នៅរដូវកាលនេះជាមួយក្រុម Kedah Darul Aman ។ ហើយមុនពេលនាំយកខ្សែបម្រើជម្រើសជាតិហ្ស៊កដានីរូបនេះ ពួកគេបានធ្វើការនាំយកសមាជិកក្រុមដំរីសឹកថៃកីឡាករ Sanrawat Dechmitr ពីក្រុមលីគកំពូលថៃ Bangkok United ក្នុងលក្ខខណ្ឌខ្ចីជើងដល់ចប់រដូវកាលឆ្នាំ២០២២ ផងដែរ។
ក្នុងការប្រកួតពានរង្វាន់ AFC Cup 2022 ក្រុមរបស់ Kedah Darul Aman ត្រូវបានចាប់នៅក្នុងពូល G រួមជាមួយ ម្ចាស់ផ្ទះ Bali United (ឥណ្ឌូនេស៊ី), Kaya Iloilo FC (ហ្វីលីពីន) និង Visakha FC ជាក្លិបកម្ពុជាយើង។ ការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ខណៈក្រុម KDA FC បានបានធ្វើដំណើរពីទឹកដីម៉ាឡេស៊ីជាមួយនឹងគណៈប្រតិភូចំនួន 48 នាក់ដែលមានមន្ត្រី និងកីឡាករ។ ពួកគេនឹងបោះជំរុំទាំងប្រកួតនិងការហ្វឹកហាត់រយៈពេល ១៣ថ្ងៃ ដើម្បីស្វែងរកកៅអីទៅជុំបន្ទាប់នៃព្រឹត្តិការណ៍បាល់ទាត់ក្លិបអាជីពកម្រិតទី២ប្រចាំទ្វីបអាស៊ី AFC CUP 2022។
Source : vocketfc