(Khmer) សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានកិត្តិយសប្រកាសពីភាពជាដៃគូជាមួយម៉ាកVARAMAN ជាអ្នកផ្គត់ផ្គង់ឈុតឯកសណ្ឋានផ្លូវការដល់ក្រុមជម្រើសជាតិកម្ពុជា ចាប់ពីឆ្នាំ២០២២នេះតទៅ។
VARAMAN គឺជាម៉ាកក្នុងស្រុកថ្មី បង្កើតឡើងជាមួយគោលបំណង ចង់ឱ្យក្រុមជម្រើសជាតិកម្ពុជាប្រើប្រាស់ឯកសណ្ឋានដែលរចនា និងផលិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាផលិតផលដែលផលិតដោយដៃបងប្អូនខ្មែរយើងផ្ទាល់ ដើម្បីប្រើប្រាស់ក្នុងពេលប្រកួតប្រជែងលើឆាកអន្តរជាតិ។
ម៉ាក VARAMAN (វរ្ម័ន) គឺបានបំផុសគំនិតចេញពីព្រះបរមនាមព្រះមហាក្សត្រខ្មែរមួយព្រះអង្គ ដែលគួរឲ្យកោតស្ញប់ស្ញែង គឺព្រះបាទជ័យវរ្ម័នទី៧ ក្នុងសម័យកាលដ៏រុងរឿងបំផុតនៃប្រវត្តិសាស្ត្រខ្មែរ។ ពាក្យនេះក៏ជាពាក្យសំស្ក្រឹតមួយ ដែលមានន័យថាអាវក្រោះ ដែលអត្ថន័យនេះ ប្រៀបបានទៅនឹងឯកសណ្ឋានក្រុមជម្រើសជាតិកម្ពុជាយើងជាអាវក្រោះការពារ ក្នុងពេលប្រកួតជាមួយអន្តរជាតិ។
ឯកសណ្ឋានផ្លូវការរបស់ក្រុមជម្រើសជាតិកម្ពុជាឆ្នាំ២០២២ នឹងចេញជាផ្លូវការនៅ ខែឧសភា ឆ្នាំ២០២២ សម្រាប់ការប្រកួតជម្រុះជុំទី៣ នៃពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី។ ដោយឡែក សម្រាប់ការប្រកួតពានរង្វាន់ ជើងឯកបាល់ទាត់តំបន់អាស៊ីអាគ្នេយ៍អាយុក្រោម២៣ឆ្នាំ ឆ្នាំ២០២២ ខាងមុខនេះ VARAMAN នឹងមានឯកសណ្ឋានដោយឡែកផ្សេងជាពិសេស សម្រាប់ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំរបស់យើង។
អត្ថបទ៖ FFC