(Khmer) វ៉ាំង ដាវីនបាននិយាយថារូបគេសប្បាយចិត្ត និងមានមោទនកភាពបំផុតដែលមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិ U23 កម្ពុជាទៅលេងស៊ីហ្គេមនៅវៀតណាម ហើយបំណងធំបំផុតរបស់កីឡាករវ័យក្មេងរូបនេះគឺជាប់ឈ្មោះក្នុងបញ្ជី២០នាក់ចុងក្រោយ។
និយាយក្នុងសារឆ្លើយឆ្លងជាមួយ B8 Sport យុវជនមានប្រភពពីឃុំ ពន្លៃ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំម្នាក់នេះថា៖” ខ្ញុំពិតជាសប្បាយចិត្តដែលមានឈ្មោះក្នុងបញ្ជីបឋមក្រុមជម្រើសជាតិ U23 ទាំង២៦នាក់នេះ ពីព្រោះវាជាលើកដំបូងហើយសម្រាប់ខ្ញុំ”។
«សម្រាប់ការហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិរយៈពេល៣ថ្ងៃនេះ ទទួលបានបទពិសោធន៍ច្រើន ពីព្រោះក្នុងនេះសុទ្ធតែកីឡាករល្អបំផុត កីឡាករខ្លះវ័យក្មេងតែមានបទពិសោធន៍ច្រើន ទាំងកីឡាករថ្មីដែលលេងល្អ។ និយាយទៅ! ការហ្វឹកហាត់មិនសូវប្លែកប៉ុន្មានទេ តែអ្វីដែលប្លែកគឺបានលេងនិងហាត់ជាមួយកីឡាករល្អៗបំផុត។ លើសពីនេះយើងបានហាត់ជាមួយគ្រូជម្រើសជាតិលោក Honda ដែលជាអតីតកីឡាករលំដាប់ពិភពលោក។យើងទទួលបានការចែករំលែកចំណេះដឹងនិងបទពិសោធន៍របស់គាត់ច្រើនបង»។
សម្រាប់ការរំពឹងទុកថាជាប់ក្នុងបញ្ជី២០នាក់ចុងក្រោយនៅស៊ីហ្គេមនោះវិញ ដាវីនថា៖” សម្រាប់ខ្ញុំ! មិនហ៊ានទាយទុកមុនទេបង តែខ្ញុំបានប្រឹងអស់លទ្ធភាពហើយ ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់គ្រូ។ ខ្ញុំមានទំនុកចិត្តលើខ្លួនឯងបំផុតហើយបង ថាខ្ញុំអាចធ្វើបាន។ អ្វីដែលខ្ញុំប្រឹងគឺប្រឹងអស់ហើយ នៅឡើយចាំតែការសម្រេចចិត្តរបស់ក្រុមការងារគ្រូបង្វឹកប៉ុណ្ណោះ»។
វាំង ដាវីនគឺជាកីឡាករម្នាក់ដែលមានសក្ដានុពលបំផុតម្នាក់ក្នុងចំណោមកីឡាករវ័យស្របាលគ្នានេះ ក្នុងក្លិបបឹងកេត និងជម្រើសជាតិកម្ពុជាហើយរូបគេអាចបានច្រើនតំណែងទាំងការពារស្លាប បម្រើស្លាបនិងប្រយុទ្ធស្លាបផងដែរ។ សម្រាប់ U23 កម្ពុជាយើងផងដែរ ស្ថិតក្នុងពូល B ជាមួយថៃ ម៉ាឡេស៊ី សិង្ហបុរី និងឡាវ៕