(Khmer) ក្លឹប Udinese របស់អ៊ីតាលី Serie A បានសហការជាមួយក្រុមហ៊ុនក្នុងស្រុក Bluenergy Group ដើម្បីបំពាក់ផ្ទាំងសូឡាស្រូបពន្លឺព្រះអាទិត្យ ធ្វើជាដំបូលកីឡដ្ឋាន នៅក្នុងកិច្ចប្រឹងប្រែងមួយដែលសង្ឃឹមថានឹងបង្កើនការគាំទ្រសម្រាប់ថាមពលបៃតងនៅក្នុងប្រទេស។នេះបើយោងតាមការចេញផ្សាយរបស់រ៉យទ័រ។
Udinese និង Bluenergy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដំឡើងដែលទើបតែចាប់ផ្តើមនឹងមានបន្ទះសូឡាចំនួន ២៤០៩ ស្មើនឹង៤៦១៥ម៉ែត្រការ៉េ ដែលអាចផលិត ថាមពលអគ្គិសនីបាន៣០០០ គីឡូវ៉ាត់ម៉ោង (Kwh)។
ដៃគូទាំងពីរក៏កំពុងពិចារណាបន្ថែមលើប្រព័ន្ធផ្ទុកថ្ម ដើម្បីបង្កើនប្រសិទ្ធភាពនៃរោងចក្រថាមពលពន្លឺព្រះអាទិត្យ ដែលរំពឹងថានឹងដំណើរការនៅក្នុងខែតុលា។
លោក Franco Collavino អ្នកគ្រប់គ្រងទូទៅ Udinese បាននិយាយថា បាល់ទាត់មានវត្តមានដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ហើយបន្ថែមលើទំនួលខុសត្រូវផ្ទាល់របស់យើងក្នុងការធ្វើសកម្មភាពប្រកបដោយសីលធម៌ យើងមានកាតព្វកិច្ចក្នុងការផ្សព្វផ្សាយសារដែលលើកទឹកចិត្តអ្នកគាំទ្រឱ្យរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕