(Khmer) មុនធ្វើដំណើរមកកាន់ប្រទេសកម្ពុជា កាលពីព្រឹកមិញនេះ គ្រូបង្វឹក U22 ថៃ លោក Issara Sritaro បានផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថៃ ជុំវិញការត្រៀមខ្លួនក្នុងការដណ្តើមមេដាយមាស នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
លោក Issara Sritaro បានបង្ហើបថា៖ «បច្ចុប្បន្នភាព យើងត្រៀមខ្លួនរួចរាល់ ៩០ ភាគរយហើយ ដោយឡែក គឺមានបញ្ហា ២នាក់ ដោយសារស្ថានភាពរាងកាយ ដូច្នេះរយៈពេល ២ថ្ងៃទៀតទើបប្រសើរឡើងវិញ។ ខ្ញុំជឿថាកីឡាកររបស់យើងមានសក្តានុពលក្នុងការឆ្លងកាត់ឧបសគ្គនាពេលខាងមុខនេះ»
«យើងត្រូវផ្តោតលើព័ត៌មានលម្អិតនៅគ្រប់ការប្រកួត ហើយព្យាយាមអភិវឌ្ឍក្រុមខ្លួនឯង ជាមួយនឹងវត្តមានរបស់ Teerasak មកពីក្លិប Port FC វាជាការល្អសម្រាប់យើងផងដែរ។ រូបគេក៏ត្រូវបានគេចាត់ទុកជាខ្សែប្រយុទ្ធលេខមួយ សម្រាប់ក្រុមរបស់យើងនៅពេលនេះផងដែរ»
«ការប្រកួតដំបូង គឺតែងតែជាការប្រកួតដ៏លំបាក។ ខ្ញុំចង់ឱ្យកូនក្រុមរបស់ខ្ញុំ ផ្តោតលើការលេង។ កង្វះកីឡាករឆ្នើម ២នាក់ក្នុងការប្រកួតដំបូង យើងក៏មានគម្រោងប្រើប្រាស់ពួកគេ នៅក្នុងការប្រកួតបន្ទាប់ផងដែរ។ ២ប្រកួតដំបូង យើងនឹងប្រើកីឡាករ ដែលយើងមាន។ យើងនឹងរៀបយុទ្ធសាស្ត្រស្រដៀងគ្នា។ ខ្ញុំបានដឹងថា នៅប្រទេសកម្ពជាអាចក្តៅជាងប្រទេសយើងបន្តិច។ សង្ឃឹមថាយើងអាចឈ្នះមេដាយមាសលើកនេះ»
ក្រុមជម្រើសជាតិថៃ U22 បានមកដល់ប្រទេសកម្ពុជានៅព្រឹកនេះ ហើយការប្រកួតដំបូងរបស់ពួកគេ ត្រូវជួបក្រុមសឹង្ហបុរី U22 វេលាម៉ោង ៤រសៀល នៅកីឡដ្ឋាន ព្រីនស៍។