(Khmer) ក្រុមបាល់ទាត់ខេត្តកោះកុងបានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី៧ទល់១លើសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំក្នុងការប្រកួតសប្ដាហ៍ទីមួយនៃពានលីគទី២កម្ពុជារដូវកាល២០២២ ខណៈដែលប្រធានក្រុមក្លិបមួយនេះពោលគឺ ទូច បញ្ចរ៉ុងថាការសហការជាក្រុម និងយល់ចិត្តគ្នាលើទីលានគឺជាកត្តានៃទទួលជោគជ័យក្នុងការប្រកួតនេះ។
«និយាយរួមទៅពួកយើងទទួលបានជ័យជំនះនេះ ដោយសារពួកយើងយកចិត្តទុកដាក់នៅពេលហ្វឹកហាត់ និង លេងដោយសហការគ្នាជាក្រុម យល់ចិត្តគ្នា យល់ពីអត្តចរឹតកីឡាករម្នាក់ៗ គាត់លេងបែបណា និងប្រើប្រាស់ភាពវៃឆ្លាតក្នុងការរក្សាបាល់មិនឱ្យគូប្រកួតដណ្ដើមបាន”។
តែយ៉ាងណា! អតីតខ្សែការពារក្លិបបឹងកេតរូបនេះទទួលស្គាល់ថា ក្រុមនៅមានចំណុចខ្វះខាតច្រើនពិសេសកីឡាករបរទេស។ រូបគេបានបន្តទៀតថា៖ «តែខ្ញុំយល់ថាពួកយើងនៅមានចំនុចខ្វះខាត មិនទាន់សុីចង្វាក់គ្នា១០០ភាគរយនៅឡើយទេ ព្រោះកីឡាករបរទេសទើបចូលរួមជាមួយពួកយើងរយះពេលខ្លី»។
ការប្រកួតសប្ដាហ៍ទី២ ក្រុមមានមូលដ្ឋាននៅឯនាយសមុទ្រមួយនេះនឹងត្រូវធ្វើដំណើរយ៉ាងវែងឆ្លាយទៅជួបក្រុមខេត្តបន្ទាយមានជ័យ ហើយយការប្រកួតលេងនៅថ្ងៃទី១៣ខែមីនាឆ្ន២០២២ វេលាម៉ោង៣និង៤៥នាទីរសៀល៕