(Khmer) លោក Ralf Rangnick ដែលជាអ្នកចាត់ការទូទៅក្លិប Manchester United ជឿជាក់ថា ក្រុមបិសាចក្រហមត្រូវតែរុះរើគ្រប់តំបន់ លើកលែងតែកន្លែងអ្នកចាំទី ដែលមានធនធានល្អស្រាប់។
Man Utd ត្រូវបានគេរំពឹងថា នឹងរុះរើក្រុមលក្ខណៈទ្រង់ទ្រាយធំបន្ទាប់ពីការមកដល់របស់លោក Erik ten Hag ដែលនឹងត្រៀមស្តារមុខមាត់ក្រុមបិសាចក្រហមឡើងវិញ។
លោក Rangnick បាននិយាយថា៖«ក្នុងតំបន់អ្នកចាំទី យើងមានកីឡាករដ៏ល្អដូចជា Tom Heaton, Dean Henderson និង David de Gea ហើយ តំបន់លេងផ្សេងៗទៀតនឹងមានកីឡាករដែលនឹងចាកចេញ។ ក្លិបផ្សេងៗត្រូវការត្រឹមកីឡាករ ២-៣នាក់ប៉ុណ្ណោះដើម្បីប្រជែង ប៉ុន្តែពួកយើងត្រូវការកីឡាករដែលមានកម្រិតខ្ពស់ៗជាច្រើនដើម្បីជួយក្រុម»៕