(Khmer) លោកហោ សុខហេង គ្រូបង្គោលក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ ឬ Tiffy Army FC បានដាក់ក្ដីរំពឹងលើកូនក្រុមរបស់ខ្លួនថា នឹងធ្វើបានល្អសម្រាប់ការប្រកួតក្រៅទឹកដីជាលើកទី២ ក្នុងរដូវកាលនេះនៅ Cambodian Primier League ដូចកំឡុងពេលពួកគេក្រសោបបាន៣ពិន្ទុ ពីម្ចាស់ផ្ទះបឹងកេតក្នុងការប្រកួតក្រៅដីលើកទី១ កាលពីសប្ដាហ៍ទី២កន្លងទៅ។
និយាយក្នុងបទសម្ភាសន៍ជាមួយទំព័រក្លិបគ្រូបង្គោលកាន់អាជ្ញាប័ណ្ណ A License រូបនេះបានលើកឡើងថា៖ «អ្វីដែលយើងបានរៀបចំពីដើមសប្ដាហ៍មក សង្ឃឹមថាពួកយើងនឹងធ្វើបានល្អបំផុតនៅការប្រកួតជាមួយអង្គរថាយហ្គឺរនេះ។ សម្រាប់អង្គរថាយគឺជាក្រុមដ៏ល្អ ពួកគេមានលទ្ធផលនៅក្នុងផ្ទះល្អ ដោយចុងក្រោយអាចយកឈ្នះភ្នំពេញក្រោនរហូតដល់ ៤-២ លើទឹកដីរបស់ខ្លួន»។
លោកហោ សុខហេង បានបន្តរទៀតថា៖ «ពិតមែនហើយការប្រកួតកួតក្រៅដីលើកទី១ យើងធ្វើបានល្អ ដោយបានយកឈ្នះបឹងកេត ២-១ ហើយការប្រកួតក្រៅដីលើកទី២នេះ យើងសង្ឃឹមថាយើងនឹងធ្វើបានល្អដូចគ្នាដែរ។ នេះជាការពិតផងដែរ ចំពោះការប្រកួតកន្លងទៅនៅលើទឹកដីអង្គរថាយយហ្គឺរយើងទទួលបានលទ្ធផលមិនសូវល្អ ប៉ុន្តែរាល់ចំណុចខ្សោយជាច្រើនដែលយើងធ្លាប់ខ្វះខាតកន្លងមក យើងព្យាយាមកែតម្រូវវា ដើម្បីកែប្រែប្រវត្តិសាស្រ្តលើកនេះឲ្យវាល្អឥតខ្ចោះ»។
គួរបញ្ជាក់ដែរថាក្រុមរបស់លោកគ្រូហោ សុខហេង Tiffy Army FC ត្រូវជួបជាមួយម្ចាស់ផ្ទះអង្គរថាយហ្គឺរក្នុងការប្រកួត Cambodian Primier League សប្ដាហ៍ទី៥ នាម៉ោង៣៖៤៥នាទីរសៀលនេះ នៅកីឡដ្ឋានហនុមានទឹកដីខេត្តសៀមរាប និងមានការផ្សាយផ្ទាល់ដោយ LSH Journal ផងដែរ៕