ads
ads
(Khmer) គ្រូពេទ្យជំនាញថៃ ជិះយន្តហោះមកវះកាត់របួសជង្គង់ចាន់ វឌ្ឍនាកា​នៅ​មន្ទីរពេទ្យល្បីមួយក្នុងក្រុងភ្នំពេញ
01-February-2022

(Khmer) ចាន់ វឌ្ឍនាកា នឹងត្រូវវះកាត់របួសជង្គង់ក្នុងសប្ដាហ៍នេះ នៅទីក្រុងភ្នំពេញ ដោយក្រុមគ្រូពេទ្យថៃ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ចាន់ ចេស្ដា ឪពុកបង្កើតខ្សែប្រយុទ្ធស្នូលនៃក្លិបបឹងកេតរូបនេះ ។

ឯកឧត្តមបានឲ្យដឹងថាដោយទទួលព័ត៌មានពីក្លិបបឹងកេត ដើម្បីកាត់បន្ថយភាពស្មុគស្មាញក្នុងការធ្វើដំណើរទាំងមុន និងក្រោយការវះកាត់នៅប្រទេសថៃ ក្រុមគ្រូពេទ្យថៃ ក៏សម្រេចបញ្ជូនក្រុមជំនាញវះកាត់ មកធ្វើការវះកាត់ វឌ្ឍនាកា នៅក្រុងភ្នំពេញតែម្ដង។

ក្រុមគ្រូពេទ្យដ៏ល្បី នៅមន្ទីរពេទ្យ ទីក្រុងបាងកក ប្រទេសថៃ នឹងធ្វើដំណើរតាមជើងយន្តហោះ មកកាន់ទីក្រុងភ្នំពេញ ដើម្បីធ្វើការវះកាត់របួសឲ្យកាន់តែឆាប់ តាមតែអាចធ្វើទៅបាន បន្ទាប់ពីថ្នាក់ដឹកនាំក្លិបបឹងកេត និងក្រុមគ្រួសារ បានសម្រេចជាឯកឆ្ឆន្ទ នូវដំណើរការឯកសារផ្សេងៗ ក្នុងការវះកាត់នេះ។

វឌ្ឍនាការ ក៏បានបង្ហាញទស្សនៈរបស់ខ្លួនដែរថា៖«ខ្ញុំសូមអរគុណទៅកាន់ថ្នាក់ដឹកនាំក្លិបបឹងកេត ដែលបានស្វះស្វែងដំណើរការឯកសារ ដើម្បីជួយឲ្យរូបខ្ញុំនឹងទទួលការវះកាត់ក្នុងរយៈពេលដ៍ឆាប់រហ័សបែបនេះ។ ខ្ញុំរំពឹងថានឹងវិលត្រឡប់មកកាន់ទីលានវិញ នៅចុងឆ្នាំ២០២២នេះ។ ជាចុងក្រោយ សូមអរគុណចំពោះពាក្យជូនពរពីសំណាក់បងប្អូនអ្នកគាំទ្រទាំងអស់គ្នា» ។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ការឧបត្ថម្ភដ៏មហាថ្លៃថ្លាជាទឹកប្រាក់ចំនួន៥០.០០០ដុល្លារដល់កីឡាករ ចាន់ វឌ្ឍនាកា ដើម្បីព្យាបាលរបួសដាច់សរសៃ ACL ជង្គង់ស្ដាំនេះ អំឡុងការប្រកួតកាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០២២ ដែល​រូប​គេ​និង​មិត្តរួម​ក្រុម​លេង​ក្នុងពាន​រង្វាន់ PRINCE BEER PRE-SEASON CUP 2022 ខណៈដែល​ក្លិប​បឹង​កេត​ក៏​ចេញ​ថ្លៃវះកាត់​និង​ព្យាបាល គ្រប់​បែប​យ៉ាង​ដល់​កីឡាករ​រូបនេះផង​ដែរ។

ads
ads