(Khmer) ប្រធានក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ កីឡាករ ទេស សម្បត្តិ បានបង្ហាញអំពីអារម្មណ៍សោកស្តាយ ដែលរូបគេនឹងមិនបានធ្វើដំណើរទៅកាន់ទីក្រុងហាណូយចូលរួមក្នុងព្រឹត្តិការណ៍ Sea Games ខែក្រោយនេះ។
សម្បត្តិ បានរង់របួសកជើងយ៉ាងធ្ងន់ធ្ងរ ក្នុងជំនួបទល់នឹង គិរីវង់សុខសែនជ័យ នៃការប្រកួតលីគកំពូលកម្ពុជា កាលពីខែមិនាកន្លងទៅ ហើយ របួសនេះបានអូសបន្លាយគេរយៈវែង ពោល នឹងមិនអាចជាសះស្បើយមុនព្រឹត្តិការណ៍ Sea Games មកដល់ឡើយ។
ថ្លែងប្រាប់ Cambodia 2023 សម្បត្តិ បាននិយាយថា៖«ខ្ញុំពិតជាសោកស្ដាយណាស់ ព្រោះវាជាស៊ីហ្គេម ចុងក្រោយសម្រាប់ខ្ញុំផង។ គោលដៅខ្ញុំគឺតាំងពីចប់ពានស៊ីហ្គេម លើកមុនម្ល៉េះ ហើយវាជាគោលដៅធំសម្រាប់អាជីពរបស់ខ្ញុំដែរ»។
«ខ្ញុំរឹតតែចង់លេងពានមួយនេះ បន្ទាប់ពីខ្ញុំបានចាញ់ទីម័រខាងកើត ពេលលេងក្នុងទឹកដីខ្លួនឯង។ ខ្ញុំឈឺចាប់ចំពោះអ្នកមើលងាយប្រទេសរបស់ខ្ញុំ និងអ្នកស្អប់រូបខ្ញុំផ្ទាល់ ហើយខ្ញុំតាំងចិត្តថានឹងធ្វើអោយគេស្គាល់ពីអ្វីដែលខ្ញុំមាន និងប្ដូរការគិតរបស់ពួកគេ ប៉ុន្តែជាអកុសលដោយសាររបួស ធ្វើអោយខ្ញុំបាត់បង់ឱកាស។ តែខ្ញុំនៅតែជឿជាក់ថា ពួកគេនឹងធ្វើបានសម្រាប់ការ ប្រកួតខាងមុខ សំណាងល្អអ្នកទាំងអស់គ្នា»៕