(Khmer) ខ្សែប្រយុទ្ធ Son Heung-min បានចុះកិច្ចសន្យាថ្មីបន្តលេងឱ្យក្លិបមាន់ខ្នាយមាស Tottenham Hotspur រហូតដល់ឆ្នាំ ២០២៦។ កីទ្បាករសញ្ជាតិកូរ៉េខាងត្បូងវ័យ ៣២ ឆ្នាំរូបនេះបានចូលរួមជាមួយនឹង Spurs នៅឆ្នាំ ២០១៥ ផ្ទេរពី Bayer Leverkusen និងរកបាន ១៦៩ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៤៣១ ប្រកួតឱ្យក្លិប។ នៅ Premier League រូបគេបង្ហាញខ្លួនសរុប ៣២០ ប្រកួត រកបាន ១២៥ គ្រាប់ និងបញ្ជូនបាល់បាន ៦៨ លើក។
Son ជាតួអង្គដ៏សំខាន់របស់ Spurs ក្នុងការជួយឱ្យក្រុមទ្បើងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ឆ្នាំ២០១៩ ជាលើកដំបូងរបស់ក្លិប ប៉ុន្តែកាលនោះពួកគេបានបរាជ័យក្រោមថ្វីជើងរបស់ Liverpool។ រយៈពេល ៩ ឆ្នាំហើយ ដែល Son រួមរស់ជាមួយនឹង Spurs ហើយក៏មិនទាន់ឈ្នះពានរង្វាន់មួយទ្បើយ។ គួរជម្រាបថា បច្ចុប្បន្ន Spurs កំពុងឈរលេខរៀងទី ១២ នៅ Premier League ខណៈដែល Son ស៊ុតបញ្ចូលទីបាន ៥ គ្រាប់និង ៦ បាល់បញ្ជូនក្នុងចំណោមការបង្ហាញខ្លួន ១៧ ប្រកួត៕
ប្រភព៖ BBC