(Khmer) ខ្សែការពារកណ្ដាលរបស់ក្លិបភ្នំពេញក្រោន ជួន ចាន់ចាវ បានក្លាយជាកីឡាករស្នូលរបស់ជម្រើសកម្ពុជាក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Keisuke Honda និងគ្រូបង្វឹកលោក Ryu Hirose សម្រាប់ឆ្នាំ២០២២នេះ ពិសេសក្នុងរយៈពេល២ត្រីមាសចុងក្រោយក្នុងឆ្នាំ២០២២នេះ។
កីឡាករវ័យ២៣ឆ្នាំរូបនេះធ្លាប់ជាប់ជម្រើសជាតិកម្ពុជាក្នុងឈុតយុវជន ទាំង U14, U15, U19 រហូតដល់ U23 ជាច្រើនលើក តែសម្រាប់ឈុតធំវិញ រូបគេឆ្លងដំណាក់កាលពិបាកៗមួយចំនួនៗ ក្នុងឆ្នាំ២០២២ នេះមិនតិចដងនោះទេ។ ខាងក្រោមនេះ ជាចំណុចរបត់ដ៏មិននឹកស្មានរបស់យុវជន កើតចេញថ្នាលបណ្ដុះបណ្ដាលរបស់ភ្នំពេញក្រោន៖
អំឡុងខែតុលា ឆ្នាំ២០២១ ជួន ចាន់ចាវ ទទួលបានកោះហៅចូលរួមក្រុម U23 កម្ពុជា ក្នុងវគ្គជម្រុះ AFC U23 Asian Cup ប៉ុន្តែរូបគេខកខានបង្ហាញខ្លួន ដោយសារតែរងរបួសបាក់ខ្ទង់ច្រមុះ។ ចូលខែកុម្ភៈ ឆ្នាំ២០២២ ចាន់ចាវ ទទួលបានកោះហៅចូលរួមក្រុម U23 កម្ពុជាម្ដងទៀត ក្នុងពានរង្វាន់ AFF U23 Champioship ប៉ុន្តែរូបគេខកខានបង្ហាញខ្លួន ដោយសារតែមេរោគកូវីដ១៩។
ចូលមកដល់ឧសភា ឆ្នាំ២០២២ ជួន ចាន់ចាវ ទទួលបានកោះហៅចូលរួមក្រុម U23 កម្ពុជាសារជាថ្មី ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាមហើយ រូបគេរួមចំណែកស៊ុតបញ្ចូលទី ជួយឲ្យក្រុមទទួលបានលទ្ធផល ២-២ ទល់នឹងក្រុម U23 ម៉ាឡេស៊ី។
នៅថ្ងៃទី០២ខែ មិថុនា ឆ្នាំ២០២២ កីឡាករ ចាន់ចាវ ទទួលបានកោះហៅចូលរួមក្រុមជម្រើសជាតិកម្ពុជាឈុតធំ នៃការប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រើសជាតិទីម័រខាងកើត ហើយបានរួមចំណែកជួយឲ្យក្រុមទទួលបានជ័យជំនះ (២-១) តាមរយៈការតែតបញ្ចូលទីនៅនាទី៨៤ ចុងវគ្គទី២។
រហូតដល់ថ្ងៃទី២៩ខែធ្នូឆ្នាំ២០២២ ខ្សែការពារកណ្ដាលរូបនេះ បន្តរកបានគ្រាប់បាល់ដោយប្រើក្បាលមួយគ្រាប់ទៀតក្នុងជំនួបជាមួយជម្រើសជាតិប្រ៊ុយណេនៅពហុកីឡដ្ឋានមរតកតេជោ ក្នុងពានរង្វាន់ AFF Championship ២០២២។ បើនិយាយអំពីការប្រកួតប្រជែងក្នុងលីគវិញ រូបគេជាតួអង្គសំខាន់ឱ្យភ្នំពេញក្រោន ការពារតំណែងជើងឯកលីគកំពូលកម្ពុជារដូវកាល២០២២បានសម្រេច ជាមួយនឹងការរកបានគ្រាប់បាល់៣គ្រាប់ ក្នុងនាមជាខ្សែការពារកណ្ដាល ហើយលើសពីនេះ រូបគេក៏បានបង្ហាញវត្តមានក្នុងពានរង្វាន់ AFC Cup ជាមួយភ្នំពេញក្រោនផងដែរ។
ក្នុងការប្រកួតពានរង្វាន់AFC Cup វគ្គជម្រុះសន្សំពិន្ទុក្នុងពូល I រូបគេបានបង្ហាញខ្លួន៣ប្រកួត ហើយរកបាន១គ្រាប់ក្នុងការប្រកួតជាមួយ Houngang United ដែលការប្រកួតនោះ ភ្នំពេញក្រោនចាញ់៣ទល់៤។ នេះជាស្ថិតិ និងចំណុចរបត់នៃអាជីពបាល់ទាត់របស់ជួន ចាន់ចាវ ក្នុងឆ្នាំ២០២២ ហើយនៅថ្ងៃទៅ០២ ខែមករាឆ្នាំ២០២៣ រូបគេ និងមិត្តរួមក្រុមត្រូវលេងតំនាងឱ្យកម្ពុជាប៉ះជាមួយថៃក្នុងការប្រកួតជុំចុងក្រោយក្នុងពូល A នៃពាន AFF Championship ដែលការប្រកួតនេះ ក្រុមគោព្រៃកម្ពូជាត្រូវការឈ្នះដាច់ខាត ដើម្បីមានឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន៕