(Khmer) ខ្សែប្រយុទ្ធបារាំង និងក្លិប PSG កីឡាករ Kylian Mbappe, លេខ៩របស់ Real Madrid កីឡាករ Karim Benzema និងខ្សែបម្រើល្អបំផុតរបស់ Man City កីឡាករ Kevin de Bruyne គឺជាបេក្ខភាពបីរូបដែលប្រធានក្រុមជម្រើសជាតិកម្ពុជាសឿយ វិសាលចាត់ទុកជាកីឡាករល្អបំផុតក្នុងឆ្នាំ២០២២ ស្របពេលដែលគាត់បានបោះឆ្នោតឱ្យពួកគេក្នុង FIFA Best Player Award កាលពីខែមុន។
ប្រធានក្រុមព្រះខ័នរាជស្វាយរៀងរូបនេះបានបញ្ជាក់មូលហេតុមកកាន់ក្រុមការងារ b8-sport.net អំពីការជ្រើសរើសកីឡាករទាំងបីនាក់នេះថា៖« Mbappe ជាកីឡាករល្អ ក្នុងធ្វើចលនារកគ្រាប់បាល់លើទីលាន មានល្បឿន ពិសេសការទាត់តម្រង់ទីរបស់គាត់ច្បាស់។ យើងអាចដឹងពេលគាត់លេងឱ្យជម្រើសជាតិបារាំងហើយ និងក្លិប ។ ពេលមានបាល់ គាត់ប៉ះឱ្យដៃគូហើយគាត់ធ្វើចលនា ដែលនេះជាចំណុចសំខាន់»។
« Benzema ជាខ្សែប្រយុទ្ធទោល។ ខ្ញុំរើសយកគាត់ ដោយសារគាត់ច្បាស់ប៊ុត ចេះកំណត់ទីតាំងទាត់ទី ហើយគាត់ជាកីឡាករដែលចេះស្រូបខ្សែការពារគូប្រកួតឱ្យតាមគាត់ដើម្បីបង្កើតចន្លោះឱ្យមិត្តរួមក្រុមផ្សេងទៀតមានឱកាសសម្រេចទី។ ពេលគាត់ប្រយុទ្ធ ហើយបាត់បាល់គាត់ធ្វើការភ្លាមៗ ការដាក់សម្ពាធគុប្រកួតពេលបាត់បាល់ គាត់មានឆន្ទៈ គាត់មានកម្លាំងជួយក្នុងតំបន់បម្រើភ្លាមៗ»។
«សម្រាប់ Kevin de Bruyne គាត់ជាខ្សែបម្រើល្អណាស់ ទាងបញ្ជូនបាល់ និងការពារបាល់ ហើយកម្រមានខ្សែបម្រើណាដូចគាត់ណាស់។ គាត់ក៏អាចទាត់បានច្បាស់ ចំណែកការពារវិញគាត់ផ្ដោតខ្លាំង ទាងកម្លាំង ទេពកោសល្យ។ និយាយទៅខ្ញុំចូលចិត្តគាត់ ពេលគាត់គ្រប់គ្រងបាល់ ហើយពេលបាត់បាល់គាត់ដេញតាមយកបាល់មកវិញ»។
ក្រៅពីនេះ វិសាលក៏និយាយអំពី Messi ដែរ៖« សម្រាប់ Messi យើងមិនចាំបាច់និយាយច្រើនទេ គាត់ជាកីឡាករល្អបំផុតក្នុងពិភពលោកស្រាប់ទៅហើយ។ មូលហេតុដែលខ្ញុំមិនយកគាត់ មិនមានន័យថាខ្ញុំមិនចូលចិត្តគាត់នោះទេ។ Messi ជាកីឡាករល្អក្នុងតំបន់ប្រយុទ្ធ ពេលដែលមានបាល់កម្រមាននរណាដណ្ដើមបាល់ពីជើងគាត់បានណាស់។ ចំណុចខ្សោយរបស់គាត់គឺការពារ។ គាត់មិនអាចចុះមកជួយការពារបានទេ បើគាត់ចុះមក គាត់គ្មានកម្លាំងក្នុងការឡើងទៅប្រយុទ្ធនោះទេ»។
តែយ៉ាងក្ដី Lionel Messi ឈ្នះពានរង្វាន់កីឡាករល្អបំផុតរបស់ FIFA ខណៈដែលប្រធានក្រុមអាហ្សង់ទីនឈ្នះរង្វាន់ដ៏មានកិត្យានុភាពនាំមុខ Benzema និង Mbappe ៕