(Khmer) គណៈកម្មាធិការជាតិអូឡាំពិកសិង្ហបុរី (SNOC) បានបញ្ជាក់នៅល្ងាចថ្ងៃទី១៨ ខែមេសាម្សិលមិញនេះថា ក្រុមបាល់ទាត់ជម្រើសជាតិបុរសអាយុក្រោម២៣ឆ្នាំ និងក្រុមនារីសិង្ហបុរី នឹងត្រូវបញ្ជួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ដែលចាប់ផ្ដើមប្រកួតនៅកំឡុងខែកញ្ញា ឆ្នាំ២០២២នេះ។
នេះជាដំណឹងពិសេសសម្រាប់ប្រជាជនសិង្ហបុរី និងជាប្រវត្តិសាស្ត្រសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរី ដែលគ្រោងនឹងបង្ហាញខ្លួនជាលើកដំបូងនៅ Asian Games នេះ ទាំងក្រុមបុរស និងក្រុមនារី ក្រោយមិនបានចូលរួមមួយរយៈពេលចុងក្រោយ។ ក្រុមបាល់ទាត់បុរសអាយុក្រោម ២៣ឆ្នាំសិង្ហបុរី ចូលរួមប្រកួតព្រឹត្តិការណ៍កីឡាប្រចាំទ្វីបមួយនេះ វានឹងក្លាយជាការចូលរួមលើកទី៨ របស់ពួកគេ និងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៤ ដែលពួកគេត្រូវបានជម្រុះក្នុងពូល។ ការបញ្ចប់ដ៏ល្អបំផុតរបស់ក្រុមគឺចំណាត់ថ្នាក់លេខ៤ នៅ Asian Games ក្នុងឆ្នាំ៩៦៦។
សម្រាប់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីពួកគេត្រូវបានបញ្ចូលក្នុង Asian Games ជាលើកដំបូងក្នុងឆ្នាំ១៩៩០ ហើយបន្ទាប់មកពួកគេ មិនដែលបានទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាកម្រិតទ្វីបបែបនេះទៀតឡើយ ក្នុងចំណោម ៨លើកចុងក្រោយនេះ។
កីឡាករចំនួន២២នាក់ ក្នុងក្រុមបាល់ទាត់ជម្រើសជាតិបុរស និងនារីរបស់ប្រទេសសិង្ហបុរី នឹងត្រូវបានអនុញ្ញាតសម្រាប់បញ្ជីក្នុងព្រឹត្តិការណ៍កីឡាអាស៊ីនេះ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែកញ្ញា និងបញ្ចប់នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។ ហើយក្រុមបាល់ទាត់ទាំងពីរត្រូវបានកំណត់ឱ្យជាផ្នែកមួយនៃការប្រកួតកីឡាអាស៊ីដ៏ធំបំផុតមិនធ្លាប់មានរបស់សិង្ហបុរី ដែលពួកគេនឹងមានអត្តពលិកចំនួន ៣៨២នាក់ ក្នុង២៩ប្រភេទកីឡា ត្រៀមប្រកួតប្រជែងដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីប៕
ប្រភព៖ FAS