(Khmer) ស៊ិន សុវណ្ណមករា បានរៀបរាប់ពីហេតុការណ៍ដែលខ្លួនបានឈ្នះពានកីឡាករវ័យក្រោម២២ឆ្នាំឆ្នើមបំផុតប្រចាំលីគទី២រដូវកាល២០២២ ប៉ុន្តែរូបគេមិនបានដឹងទាល់តែសោះ។
កាលពីល្ងាចមិញក្រុមហ៊ុន Cambodian Premier League បានបង្កើតកម្មវិធី CPL Football Awards ក្នុងចំណោមម្ចាស់ជ័យលាភីជាច្រើនដែលបានឡើងទទួលរង្វាន់ គេមិនបានឃើញខ្សែបម្រើកណ្ដាលរបស់ក្លិបព្រៃវែងរូបនេះមានវត្តមានក្នុងកម្មវិធីឡើយ។
ឆ្លើយតបតាមរយៈសារឆ្លើយឆ្លងជាមួយ B8 Sport ខ្សែបម្រើកណ្ដាលរូបនេះថា៖«ខ្ញុំអត់ដឹងសោះហ្មងបង! អត់មាននរណាបង្ហើបដំណឹងប្រាប់ខ្ញុំឱ្យដឹងអីបន្តិច! អត់មានតែម្ដងបង»។
«ទាល់តែដល់ម៉ោងគេប្រគល់ពានឱ្យខ្ញុំទើបគាត់តេមកសួរខ្ញុំនៅឯណា!»។
អតីខ្សែបម្រើជម្រើសជាតិកម្ពុជារូបនេះបន្តថា៖«ខ្ញុំអត់ដឹងដែរបង! ពេលអញ្ចឹងទៅខ្ញុំពិបាកទទួលយកដែរ។ រឿងអត់ជាប់ជម្រើសជាតិមួយហើយ មកជួបរឿងអញ្ចឹងដដែលៗ។ យ៉ាងហោចណាស់ក៏ប្រាប់ខ្ញុំឱ្យត្រៀមខ្លួនមួយថ្ងៃមុន ឬកន្លះថ្ងៃមុន អីដែរ តែមានឯណា ដល់ម៉ោងតេសួរខ្ញុំ…»។
ទោះបីជាយ៉ាងណាក៏ដោយ! នេះគឺជាការបញ្ជាក់របស់ មករាផ្ទាល់ ហើយយើងមិនទាន់បានការឆ្លើយតបណាមយយពី ភាគីក្លិប និងក្រុមហ៊ុន CPL នៅឡើយទេ៕