(Khmer) ពេលនេះវិសាខាកំពុងតែស្ថិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ត្រៀមការប្រកួត AFC Cup 2022 ពូលG ខណៈខ្សែបម្រើប្រយុទ្ធ ស៊ិន កក្កដាបានបង្ហាញអំពីការត្រៀមខ្លួនរបស់ក្លិប និងស្ថានភាពរបួសរបស់ខ្លួនសម្រាប់ជំនួបនេះផងដែរ។
និយាយក្នុងសារឆ្លើយឆ្លងជាមួយ B8 Sport កីឡាកររូបនេះថា៖«ពេលនេះរបួសរបស់ខ្ញុំជាសះស្បើយ១០០%ហើយ ហើយកម្លាំង និងស្មារតីប្រមូលបានពេញមកវិញ»។
«មុនពេលមកដល់ម៉ាឡេស៊ីនេះ ខ្ញុំបានលេងពេញ៩០នាទីក្នុងការប្រកួតមិត្តភាពជាមួយបឹងកេត ហើយឱកាសក្នុងការលេងក្នុងការប្រកួតដំបូង(ជាមួយ Kaya FC)ខ្ញុំរំពឹងថានឹងអាចបានចូលលេងក្នុងជម្រើស១១នាក់ ហើយយ៉ាងហោចណាស់ក៏បានប្ដូរចូលដែរបង។ ពេលនេះខ្ញុំមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការលេង ហើយសង្ឃឹមថានឹងធ្វើបានល្អ»។
លើសពីនេះ១ អតីតកីឡាករជម្រើសជាតិកម្ពុជារូបនេះក៏បានបង្ហាញអំពីស្មារតីក្រុម ការហ្វឹកហាត់ ការហូបចុករបស់ក្រុមទាំងមូលនៅឥណ្ឌូនេស៊ីផងដែរ។
«យើងត្រៀមខ្លួនបានល្អមែនទែន ពិសេសការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ដែលគាត់បានផ្គត់ផ្គង់អាហារខ្មែរយើង ដែលកីឡាករយើងមិនអាចញ៉ាំអាហារនៅទីនេះ»។
ទាក់ទងជាមួយការរំពឹងទុកលើព្រឹត្តិការណ៍នេះ កក្កដាថា ក្រុមមានភាពវិជ្ជមានខ្លាំងដោយសារក្លិបបានត្រៀមខ្លួនយូរមកហើយ មានទាំងការហ្វឹកហាត់ ទាងការប្រកួតសមជើង ហើយពិសេសកីឡាករដែលបានជាប់ភារកិច្ចជម្រើសជាតិបានត្រលប់មកវិញ។ ការប្រកួតដំបូងនេះយើងរំពឹងអំពីជ័យជម្នះ ហើយក្រុមទាំងមូលបានត្រៀមសម្រាប់ការប្រកួតនេះហើយ។
ប្រកួតបើកឆាកពួកគេត្រូវជួបក្រុមមកពីហ្វីលីពីន Kaya FC នៅថ្ងៃទីសុក្រទី២៤ខែមិថុនាឆ្នាំ២០២២ វេលាម៉ោង៤និង០០នាទីនៅកីឡដ្ឋាន Kapten I Wayan Dipta លើកោះបាលី ប្រទេសឥណ្ឌូនេស៊ី៕